ការងារស្ដារពើកកំពុងចាប់ផ្តើមអនុវត្តនៅកសិន្ធុខាងលិចក្រុងអង្គរធំ

ថ្ងៃអង្គារ 27 មេសា 2021, 19:36

សៀមរាប៖ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងអនុវត្តសកម្មភាពស្ដារពើកនៅក្នុងកសិន្ធុក្រុងអង្គរធំ។ ការអនុវត្តជំហានដំបូងនេះ ធ្វើឡើងនៅកសិន្ធុខាងលិច ឬជាប់ខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ។

ក្រុមការងារស្ដារពើក បានបង្ហាញសកម្មភាពដ៏មមាញឹក ក្នុងការអូស ទាញ និងលើកពើកដ៏ក្រាស់ ចេញពីទឹក មកទម្លាក់លើគោកជាប់ច្រាំងកសិន្ធុ។ ស្មៅនិងរុក្ខជាតិតូចៗ ដែលកកក្លាយជាពើកនោះ មានសភាពក្រាស់ និងកន្លែងខ្លះស្ទើរមើលទឹកមិនឃើញ ហើយនៅផ្នែកខាងក្រោម មានកំណកដីប្រមាណ៦តឹក។

លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹកបានឲ្យដឹងថា ការងារនេះនាយកដ្ឋានបានប្រើប្រាស់កម្លាំងជិត៤០នាក់ ដែលចាប់ផ្តើមស្ដារពើកពីថ្ងៃទី២៤ ខែមេសា មក។ លោកបន្ថែមថា ការងារមានជួបបញ្ហាប្រឈមខ្លះៗ ដូចជាសត្វអាសិរពិស ដែលរស់នៅក្នុងពើក ដែលជាហានិភ័យសម្រាប់កម្មករដែលចុះកាត់ពើក។ មួយទៀតដែលជាការលំបាក និងធ្វើឲ្យការងារមិនអាចធ្វើលឿនទៅបាន គឺពើកដែលមានសភាពក្រាស់ ធ្ងន់ ដូច្នេះត្រូវមានបច្ចេកទេសកាត់ច្រៀកចំណិតតូចៗ ដើម្បីងាយស្រួលលើកចេញ។ យ៉ាងណា លោក ញ៉ែម រស្មី បញ្ជាក់ថា ក្រុមការងារកំពុងរកវិធីសាស្រ្ដផ្សេងទៀត ដើម្បីជំរុញឲ្យការងារបានទៅមុខលឿន ដូចជាការប្រើឧបករណ៍ជំនួយដើម្បីអូសពើក ដែលបច្ចុប្បន្នប្រើតែកម្លាំងមនុស្សអូសផ្ទាល់។

ការងារស្ដារពើកជាជំហានដំបូងនេះ ធ្វើឡើងដោយអាជ្ញាធរជាតិអប្សរា ដោយមានការឧបត្ថម្ភដោយវិស័យឯកជន ក្នុងនោះរួមមានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ ភឿង សកុណា ប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា និងជារដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ       លោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ កិតិ្តបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ និងសប្បុរសជនមួយចំនួនទៀត។ ការស្ដារនេះមានប្រវែង ទទឹង១០០ម៉ែត្រ បណ្ដោយ ១៥០០ម៉ែត្រ។ ការស្ដារពើកនេះ គឺដើម្បីចូលរួមអភិរក្ស និងលើកតម្លៃឡើងវិញនៃរមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ថា ពើកស្មៅដ៏ក្រាស់នេះ កកើតឡើងដោយសាររុក្ខជាតិតូចៗក្នុងទឹកដូចជាកំប្លោក ស្លែរ នៅក្នុងទឹករយៈពេលយូរ កង្វះការសម្អាតគ្រប់គ្រាន់ ទើបបណ្ដាលឲ្យកកក្រាស់កើតជាពើកដូច្នេះ។ គេរំពឹងថា បរិស្ថាននៅកសិន្ធុខាងលិចនៃក្រុងអង្គរធំ នឹងប្រែជាស្រស់ស្អាត និងទាក់ទាញឡើងវិញ បន្ទាប់ពីការងារស្ដារពើកនេះបានបញ្ចប់ទៅតាមការគ្រោងទុក ហើយក៏ងាយស្រួលក្នុងការផ្ទុកទឹកបានច្រើនជាងពេលមុនផងដែរ៕ ដោយ តាំង ហូ

ការងារស្ដារពើកកំពុងចាប់ផ្តើមអនុវត្តនៅកសិន្ធុខាងលិចក្រុងអង្គរធំ
ការងារស្ដារពើកកំពុងចាប់ផ្តើមអនុវត្តនៅកសិន្ធុខាងលិចក្រុងអង្គរធំ
ការងារស្ដារពើកកំពុងចាប់ផ្តើមអនុវត្តនៅកសិន្ធុខាងលិចក្រុងអង្គរធំ
ការងារស្ដារពើកកំពុងចាប់ផ្តើមអនុវត្តនៅកសិន្ធុខាងលិចក្រុងអង្គរធំ
ការងារស្ដារពើកកំពុងចាប់ផ្តើមអនុវត្តនៅកសិន្ធុខាងលិចក្រុងអង្គរធំ
ការងារស្ដារពើកកំពុងចាប់ផ្តើមអនុវត្តនៅកសិន្ធុខាងលិចក្រុងអង្គរធំ
ការងារស្ដារពើកកំពុងចាប់ផ្តើមអនុវត្តនៅកសិន្ធុខាងលិចក្រុងអង្គរធំ
ការងារស្ដារពើកកំពុងចាប់ផ្តើមអនុវត្តនៅកសិន្ធុខាងលិចក្រុងអង្គរធំ

PLB Banner on article detail