កុងសែ (​ឈ្មួញ​ទិញ​ត្បូង​) និង​ប្រជាពលរដ្ឋ អះអាងថា​រ៉ែ​ត្បូង​ទឹកដី​ខេត្ត​ប៉ៃលិន​នៅតែមាន​គ្រាន់តែ​មិនទាន់​រកឃើញ​

ថ្ងៃសុក្រ 23 មេសា 2021, 9:19

(​ប៉ៃលិន​)៖ គេ​ដឹង​ហើយ​ថា ប៉ៃលិន ជា​ខេត្ត នៅជាប់​នឹង​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិតនៅ​ទិស​ពាយព្យ នៃ​ប្រទេស​កម្ពុជា ជា​តំបន់​ខ្ពង់រាប ត្រូវបាន​គេ​ចាត់ទុកជា​ខេត្ត ដែល​សំបូរ​ទៅដោយ​ធនធាន​រ៉ែ​ធម្មជាតិ​ច្រើន​ប្រភេទ ពិសេស​ខេត្ត​នេះ ត្រូវបាន​គេ​ហៅ​ឈ្មោះថា «​ខេត្ត​ត្បូង​ពេជ្រ​» ។ 

 

​បើតាម​ការរៀបរាប់​ពី​ប្រជាពលរដ្ឋ ឈ្មោះ ប៊ុនធឿន ភេទ​ប្រុស និង ឈ្មោះ ម៉ៅ រស់នៅក្នុង​ក្រុងប៉ៃលិន បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១​នេះ​ថា ៖ នៅ​រយៈពេល​ចុងក្រោយ​នេះ ការប្រកបមុខរបរ​អាជីវកម្ម​រ៉ែ​ត្បូង​តាម​ដង អូរ សម្រាប់​ប្រជាពលរដ្ឋ មានការ​ថយចុះ ដោយសារតែ​រ៉ែ​ត្បូង​កាន់តែ​ក្រខ្សត់ មិន​សំបូរ​ដូច​ពីមុន ហើយ​ដី​ភាគច្រើន​ជា​កម្មសិទ្ធិឯកជន មិនអាច​អនុញ្ញាតឱ្យ​ជីក​កកាយ​បាន ។ តែ​ពួកគាត់​មួយចំនួន ដែល​សម្រាក​ពី​ការងារ​ស្រែចំការ និង​អ្នក​ដែល​គ្មាន​ដីធ្លី នៅតែ​បន្ត​រុករក​កំទេច​រ៉ែ​ត្បូង​ជា​រៀងរាល់ថ្ងៃ ដើម្បី​លក់​ឱ្យ​កុងសែ (​ឈ្មួញ​) ទិញ​យកទៅ​ច្នៃ សម្រាប់​ធ្វើជា​គ្រឿងអលង្ការ លក់​បន្ត​ឱ្យ​ភ្ញៀវទេសចរ​ចេញចូល​ក្នុង​ខេត្ត​ប៉ៃលិន ។

 

ប្រភព​បន្តទៀតថា ការប្រកប​របរ​រែង​ដី​រក​រ៉ែ​ត្បូង​មួយចំនួនធំ ត្រូវបាន​បោះបង់ចោល​ដោយ​ផ្លាស់ប្តូរ​ទៅរក​ការប្រកបមុខរបរ​ធ្វើស្រែ​ចំការ​ជំនួស​វិញ ។ បច្ចុប្បន្ននេះ ពួកគាត់​មាន​គ្នា​តិច​តូច​បំផុត ដែល​កំពុង​ធ្វើ​សកម្មភាព​រែង​ត្បូង ដោយ​ដៃ​នៅ​ខេត្ត​ប៉ៃលិន ដែល​បញ្ហា​នោះ​ហើយ នាំឱ្យ​តម្លៃ​ទីផ្សារ ត្បូង​ប៉ៃលិន​មាន​ការឡើង​ខ្ពស់ជាង​មុន​បន្តិច ។​

 

 ត្បូង​ដែល​ល្អ​ជាងគេ​នៅក្នុង​ចំណោម​ត្បូង​នានា​ទូទាំងប្រទេស​កម្ពុជា គឺ​ត្បូង​ខេត្ត​ប៉ៃលិន ដែលមាន​ពីរ​ប្រភេទ គឺ​ត្បូង​ទទឹម (​ពណ៌​ក្រហម​) និង​ត្បូង​ក​ន្តៀ​ង (​ពណ៌​ខៀវ​) ដែល​ទទួលស្គាល់​នៅលើ​ពី​ភព​លោក​ផងដែរ ។ ទោះបីជា​យ៉ា ង​ណា ឥឡូវនេះ​ត្បូង​មិន​សំបូរ​ដូច​កាលពីមុន​នោះទេ ។ ការ​រែង​ត្បូង​របស់​ពួកគាត់ បាន​ចំនួន​តិចតួច បំផុត មានតែ​ត្បូង​តូចៗ ប៉ុណ្ណោះ ។ 

 

​ចំណែក​ថៅកែ​ច្នៃត្បូង​ម្នាក់ ឈ្មោះ លឿង ចំណាន ហៅ​ច​យ បាន​រៀបរាប់​ឱ្យដឹង​ដែរ​ថា ៖ តម្លៃ​ត្បូង​ខេត្ត​ប៉ៃលិន​បច្ចុប្បន្ន មាន​ហាងឆេង​ខ្ពស់ជាង​មុន ដោយសារ​ត្បូង​កាន់តែ​ក្រខ្សត់ ដោយ​ភាគច្រើន​ពួកគាត់​ទិញ​បាន​ពី​អ្នក​រែង​ត្បូង​នៅតាម​ដងស្ទឹង ។ លោក​បន្តទៀតថា ឥឡូវនេះ មាន​គ្រាប់​ត្បូង​តូចៗ ប៉ុណ្ណោះ តែ​បើសិនជា​ចង់បាន​គ្រាប់​ត្បូង​ធំៗ ហើយ​ភ្ញៀវ​កុម្មង់​ទិញ គឺ​គាត់​ទៅយក​ពី​ប្រទេស​ថៃ​មកវិញ ពីព្រោះ​ជនជាតិ​ថៃ​បាន​ទិញ និង ចូលមក​ជីក​កកាយ​រុករក​រ៉ែ​ត្បូង​ពី​ប៉ៃលិន​បាន​ច្រើន កាលពីមុន​សម័យ​សង្គ្រាម និង ក្រោយ​សមា​រណកម្ម​ផងដែរ ។ 

 

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក សុខ សួន ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ៖ ការធ្វើ​អាជីវកម្ម​រ៉ែ​ត្បូង​មានការ​ធ្លាក់ចុះ មាន​ប្រជាពលរដ្ឋ​មួយចំនួន​តូច​នាំគ្នា​ប្រកបមុខរបរ​នេះ ដោយ​ដៃ​ជា​លក្ខណ​:​គ្រួសារ ។​

 

​លោក​បន្តថា ការជីក​រក​រ៉ែ​ត្បូង​នៅ​ខេត្ត​ប៉ៃលិន មិនសូវមាន​នោះទេ ប៉ុន្តែ គេ​មិនទាន់​វាយតម្លៃ​បាន​ថា រ៉ែ​ត្បូង​នៅ​ខេត្ត​ប៉ៃលិន អស់​ឬ​នៅ​ច្រើន​នោះទេ ព្រោះ​វា​ជា​ធន ធាន​ធម្មជាតិ​នៅក្នុង​ដី និង អាចមាន​នៅក្នុង​តំបន់​ព្រៃភ្នំ​មួយចំនួន ព្រោះ​មិនទាន់មាន​ក្រុមហ៊ុន​ណាមួយ​មក​សិក្សា​ស្រាវជ្រាវ​នៅឡើយ​ទេ​៕​

កុងសែ (​ឈ្មួញ​ទិញ​ត្បូង​) និង​ប្រជាពលរដ្ឋ អះអាងថា​រ៉ែ​ត្បូង​ទឹកដី​ខេត្ត​ប៉ៃលិន​នៅតែមាន​គ្រាន់តែ​មិនទាន់​រកឃើញ​
កុងសែ (​ឈ្មួញ​ទិញ​ត្បូង​) និង​ប្រជាពលរដ្ឋ អះអាងថា​រ៉ែ​ត្បូង​ទឹកដី​ខេត្ត​ប៉ៃលិន​នៅតែមាន​គ្រាន់តែ​មិនទាន់​រកឃើញ​
កុងសែ (​ឈ្មួញ​ទិញ​ត្បូង​) និង​ប្រជាពលរដ្ឋ អះអាងថា​រ៉ែ​ត្បូង​ទឹកដី​ខេត្ត​ប៉ៃលិន​នៅតែមាន​គ្រាន់តែ​មិនទាន់​រកឃើញ​
កុងសែ (​ឈ្មួញ​ទិញ​ត្បូង​) និង​ប្រជាពលរដ្ឋ អះអាងថា​រ៉ែ​ត្បូង​ទឹកដី​ខេត្ត​ប៉ៃលិន​នៅតែមាន​គ្រាន់តែ​មិនទាន់​រកឃើញ​

PLB Banner on article detail

អត្ថបទពេញនិយម