មនុស្សចំនួន០៥នាក់ មានជនជាតិខ្មែរនិងបរទេស ត្រូវសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួន ដោយជាប់សង្ស័យពាក់ព័ន្ធនឹងករណីរក្សាទុកជួញដូរ ចាត់ចែង សម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ថ្ងៃព្រហស្បតិ៍ 22 មេសា 2021, 10:59

សៀមរាប៖ លោកឧត្ដមសេនីយ៍ត្រី អ៊ុ អមរា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនគ្រឿងញៀន បានឲ្យដឹងថា កាលពីវេលាម៉ោង០៣រសៀលថ្ងៃទី២០ ខែមេសា កន្លងទៅថ្មីៗនេះ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក ក្រុងសៀមរាប ចុះបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលំនៅដ្ឋានស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដោយឃាត់ខ្លួនមនុស្សម្នាក់ឈ្មោះ  សំ មករា ហៅត្រេន ភេទប្រុស ឆ្នាំកំណើត ១៩៩៥  ជនជាតិខ្មែរ មុខរបរជាងជួសជុលកង់ មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ។

លោកឧត្ដមសេនីយ៍ត្រី អ៊ុ អមរា បានឲ្យដឹងទៀតថា នៅថ្ងៃទី២១ ខែមេសា វេលាម៉ោង០៧និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានពន្លាតបន្ត ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ថែមទៀត ជាជនជាតិខ្មែរ និងជនជាតិបរទេស ពីបទរក្សាទុកជួញដូរចាត់ចែង សម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចបន្ទប់ជួលស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ជនសង្ស័យចំនួន០៤នាក់ ក្នុងនោះ ៖ ១- ឈ្មោះ ស គឹមរ៉ា ហៅនាង ភេទប្រុស ឆ្នាំកំណើត១៩៩៣  ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប , ២-ឈ្មោះ លឹម លីវុធ ភេទប្រុស ឆ្នាំកំណើត ១៩៦៨ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូទ័រ មានទីលំនៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប , ៣-ឈ្មោះ PAVEL MIRINOV ភេទប្រុស ឆ្នាំកំណើត ១៩៨១ ជនជាតិរុស្សី មុខរបរអ្នកនេសាទ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប និង ៤-ឈ្មោះ ឡេ ធីភឿង រឺ ឡេង ស្រីល័ក្ខ  ភេទស្រី ឆ្នាំកំណើត ១៩៩២ ជនជាតិវៀតណាម មុខរបរគ្មាន មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ។

លោកបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន ៖ ម្សៅមេតំហ្វេតាមីនចំនួន០៧កញ្ចប់ ស្មើនឹងទម្ងន់ ១,៥៩ក្រាម (ទម្ងង់សុទ្ធ), ម៉ូតូចំនួន០២គ្រឿង , ទូរស័ព្ទដៃចំនួន ០៦គ្រឿង , លិខិតឆ្លងដែនចំនួន ០១ក្បាល និង កាតអេធីអឹមABAចំនួន ០១ ហើយថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០២១នេះ ជនសង្ស័យព្រមទាំងវត្ថុតាងត្រូ វបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕  ដោយ តាំង ហូ

មនុស្សចំនួន០៥នាក់ មានជនជាតិខ្មែរនិងបរទេស ត្រូវសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួន ដោយជាប់សង្ស័យពាក់ព័ន្ធនឹងករណីរក្សាទុកជួញដូរ ចាត់ចែង សម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

PLB Banner on article detail