​បិទរ​ម្មណី​យ​ដ្ឋា​ន​ទូទាំង​ខេត្តបាត់ដំបង ​ហាម​មិនឱ្យ​ពលរដ្ឋ​ទៅ​កម្សាន្ត​លេង​ រយៈពេល​១៤​ថ្ងៃ​

ថ្ងៃព្រហស្បតិ៍ 8 មេសា 2021, 13:21

​ខេត្តបាត់ដំបង​! ដើម្បី​រួមចំណែក​ជាមួយ រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ឆ្លង​ចូល​សហគមន៍ ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង សម្រេច​បិទ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវរ​ម្មណី​យ​ដ្ឋា​ន​ទូទាំង​ខេត្តបាត់ដំបង​មិនអោយ​ពលរដ្ឋ​ទៅ​កម្សាន្ត​លេង​រយៈពេល​១៤ គិត​ចាប់ពី​ថ្ងៃទី ០៧ ខែមេសា រហូតដល់​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១​នេះ​។​

 

​ឯកឧត្តម​អភិបាលខេត្ត​លើកឡើង​បែបនេះ ក្នុងឱកាស​ដែល​ឯកឧត្តម​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​ទៅដល់​បុគ្គលិក​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី និង​ក្រុមហ៊ុន លៀប លឹម សរុប​ចំនួន​៩៧​គ្រួសារ​នៅ​ស្នាក់ការ​ប្រមូល​សំរាម ស្ថិតក្នុង​សង្កាត់​អូរ​ម៉ា​ល់ ក្នុង​បាត់ដំបង ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អភិបាលរង​ខេត្ត ឯកឧត្តម​ជា​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​មួយចំនួន រួមជាមួយ​អាជ្ញាធរ​ក្រុង ក្រុមយុវជន ស​.​ស​.​យ​.​ក​.​ក្រុង​ជាច្រើនរូប​ផងដែរ​។​

 

​ជាមួយគ្នានេះ ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ទៅដល់​បុគ្គលិក​ក្រុមហ៊ុន​ទាំងពីរ​ដែល​កន្លងមក​តែងតែ​ខិតខំ​ចូលរួមចំណែក​ការងារ សណ្តាប់ធ្នាប់ អនាម័យ នៅក្នុង​ខេត្ត​រហូតមក​នូវ​សកម្មភាព​ទាំងអស់ ដើម្បីអោយ​ទីក្រុង​ស្អាត និង​ទាន់ពេលវេលា​ជាង​មុន ដូច្នេះ​សូមអោយ​ប្អូនៗ​ក្មួយៗ​បន្ត​ជួយ​ខេត្ត​យើង​ទៀត​ដើម្បី​លើកមុខ​មាត់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង​យើង​អោយ​កាន់​តែមាន​កិត្យានុភាព​។  

 

​បន្ថែម​ពីនេះ​ឯកឧត្តម​ក៏បាន​ណែនាំ​ដល់​បុគ្គលិក​ទាំងអស់​ក្នុងឱកាស​បុណ្យចូលឆ្នាំ​នេះ បងប្អូន​ដែល​នៅ​ខេត្ត​ផ្សេង​គឺ​មិនបាន​ទៅផ្ទះ​ទេ ដោយសារ​រាជរដ្ឋាភិបាល​បិទ​ផ្អាក​មិនអោយ​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយរយ​:​ពេល​១៤​ថ្ងៃ ដូច្នេះ​សូម​បងប្អូន​សម្ងំ​នៅ និង​ប្តូ​វេណ​គ្នា​ធ្វើការ​ជាធម្មតា កុំអោយ​ចេញ​ក្រៅ  ហើយ​នៅ​ចំពោះមុខ រាជរដ្ឋាភិបាល​ដើម្បី​ការពារ​ជំងឺ​កូ​វីដ​យើង​ត្រូវអនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​ទាំងអស់គ្នា​នូវ ៣​កុំ ៣​ការពារ ។​

 

អំណោយ​ដែល​ត្រូវ​ចែកជូន​នាពេលនេះ​មាន​! -​អង្ក -​មី -​ត្រីខ -​ទឹកត្រី ទឹក​ស៊ី​អី​វ​ជាដើម ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម ស សុខា និង​លោកជំទាវ កែ សួន​សុ​ភី តាមរយៈ​ឯកឧត្តម ណុប ដា​រ៉ា និង​លោកជំទាវ ហើយ​ទោះបីជា​អំណោយ​នេះ​វា​តិចតួច ប៉ុន្តែ​វា​ជា​តម្លៃ​នៃ​ទឹកចិត្ត​ចែករំលែក​នូវ​ការលំបាក​ផងដែរ​៕

 

​បិទរ​ម្មណី​យ​ដ្ឋា​ន​ទូទាំង​ខេត្តបាត់ដំបង ​ហាម​មិនឱ្យ​ពលរដ្ឋ​ទៅ​កម្សាន្ត​លេង​ រយៈពេល​១៤​ថ្ងៃ​

PLB Banner on article detail