មន្ទីរជំនាញ​កសិកម្ម​ខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​កសិករ​ចិញ្ចឹម​មាន់​ស្រែ ក្រោម​ម្លប់​ចម្ការ​ស្វាយ​

ថ្ងៃព្រហស្បតិ៍ 1 មេសា 2021, 9:4

​ប៉ៃលិន​៖ បន្ទាប់ពី​បានទទួល​ដំណឹង​ថា មាន​កសិករ​មួយ​គ្រួសារ ប្រកប​របរ​ចិញ្ចឹម​មាន់​ស្រែ​ជាង​១០០០​ក្បាល នៅក្រោម​ម្លប់​ចំការ​ស្វាយ​របស់ខ្លួន ប្រមាន​ជាង​៣០០០​ដើម នៅលើ​ផ្ទៃដី​ចំនួន​៥​ហិកតា ទទួលបាន​ផល​លក់​ជា​បន្តបន្ទាប់ ទើប​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ នេះ លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម និង​រុក្ខា​ប្រ​ម៉ាញ់​ខេត្ត​ប៉ៃលិន បាន​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​ទីតាំង​ចិញ្ចឹម​មាន់ ខាងលើ ស្ថិតនៅ​ក្នុងភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

 

​ក្នុង​ការចុះពិនិត្យ និង ណែនាំ​ដល់​កសិករ​ឱ្យ​យល់ដឹង​ពី​របៀប​ចិញ្ចឹម និង​ថែទាំ​មាន់​ស្រែ​នេះ លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម និង រុក្ខាប្រមាញ់​ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឱ្យដឹងថា ៖ ការចិញ្ចឹម​សត្វ​មាន់​ស្រែ​ជា​លក្ខណ​:​ធម្មជាតិ​បែបនេះ គឺ​ល្អ​ម្យ៉ាងដែរ ដោយមាន​ទីធ្លា​ធំ​ទូលាយ មាន​ខ្យល់​អាកាសធាតុ​ល្អ មាន​ស្មៅ​ដុះ​នៅក្រោម​ដើម​ស្វាយ សម្រាប់​ងាយស្រួល​ដល់​សត្វ​មាន់​ចឹក​ស៊ី និង​មាន​សត្វល្អិត​ជាច្រើន អាចឱ្យ​មាន់​ដើរ​ស៊ីក្នុង​បរិវេណ​ចំការ បាន​យ៉ាង​ងាយស្រួល និង​ឆាប់​ធំ​បាន​លក់ដូរ​ផងដែរ ។

 

​លោក​បន្តទៀតថា តែ​កសិករ ត្រូវ​យកចិត្តទុកដាក់​ថែទាំ ដោយ​ត្រូវ​រៀបចំ​នូវ​ចំណីអាហារ​បែប​ធម្មជាតិ ដែលមាន​ជីវជាតិ​ល្អ បន្ថែមទៀត សម្រាប់​ដាក់ឱ្យ​សត្វ​មាន់​ស្រែ​ដ៏​ច្រើន​នៅក្នុង​ដីចម្ការ​នេះ​ស៊ី​ដែរ ហើយ​ម្ចាស់​ចំការ ត្រូវតែមាន​ថ្នាំ​សម្រាប់​ទម្លាក់​សត្វល្អិត ឬ​ថ្នាំ​បញ្ចុះ​ព្រូន​ឱ្យមាន់​ស៊ី​ញឹកញាប់ និង​ថ្នាំ​ព្យាបាល​ពេល​សត្វ​មាន់​មាន​ជម្ងឺ​ផ្តាសាយ ឬ​ជម្ងឺ​ផ្សេងៗ ផងដែរ ។​

 

​ម្យ៉ាងវិញទៀត កសិករ​ខាងលើ ក៏ត្រូវ​ចូលរួម​ជាមួយនឹង​បណ្តុំ​កសិករ ដែល​បាន​ចងក្រង​ជា​សហគមន៍​រួចហើយ ដើ ម្បី​ងាយស្រួល​រក​ទីផ្សារ​លក់ដូរ​កសិផល​របស់ខ្លួន ព្រោះ​មាន់​ស្រែ​សព្វថ្ងៃ មានការ​លក់ដាច់​ខ្លាំង ឱ្យតែ​ដឹង​ពី​កន្លែង​ចិញ្ចឹម បើ​មាន​ប៉ុន្មាន​ក៏​ឈ្មួញ​ទិញ​យកទៅ​លក់ដូរ​បន្ត​គ្មាន​សល់​នោះឡើយ ។ លើសពីនេះ លោក​ក៏បាន​ប្រគល់​ថ្នាំ សម្រាប់​ព្យាបាល​មាន់ និង​ថ្នាំ​ការពារ​កុំឱ្យ​មាន់​ឈឺ​មួយចំនួន​ដែរ ។

 

​ចំណែក​កសិករ ឈ្មោះ គង់ ជុំ​ឈឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ បាន​រៀប រាប់​ឱ្យដឹង​ដែរ​ថា ៖ លោក​បាន​ប្រកបមុខរបរ​ចិញ្ចឹម​មាន់​ស្រែ​នៅក្នុង​ម្លប់​ចំការ​ស្វាយ​នេះ អស់​រយ​:​ពេល​ជិត​១​ឆ្នាំ​មកហើយ ដោយ​ទិញ​ពូជ​មាន់​ទាំងនេះ ពី​ប្រជាពលរដ្ឋ​នៅតាម​ភូមិ​នានា​ក្នុង​ខេត្ត​ប៉ៃ លិ​ន ដោយ​មុនដំបូង លោក​ចិញ្ចឹម​មេមាន់​ប្រមាន​៤០​ក្បាល ហើយក៏​បង្កើតកូន រហូតមកដល់​ឥឡូវ​បាន​ធំ​ជា​បន្ត​បន្ត ក៏បាន​ចាប់​លក់ បាន​១​សារ​មកហើយ នាឱកាស​បុណ្យចូលឆ្នាំ​ចិន​កន្លងទៅ ដោយ​ឈ្មួញ​ទិញ ក្នុង​១​គីឡូក្រាម តម្លៃ​១៧,០០០​រៀល​ទៅ​១៨,០០០​រៀល ។​

 

​លោក​បន្តទៀតថា ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ដោយសារតែ​ជំងឺ​កូ​វីដ​-១៩ កំពុង​ផ្ទុះឡើង ធ្វើឱ្យ​តម្លៃ​ទីផ្សារ​មាន់​ស្រែ​របស់ខ្លួន មានការ​ធ្លាក់ចុះ​បន្តិច ដោយ​១​គីឡូក្រាម ឈ្មួញ​ទិញ ត្រឹមតែ​១៥,០០០​រៀល ទៅ​១៦,០០០​រៀល​ប៉ុណ្ណោះ ។ លោក​ក៏​សំណូមពរ​ឱ្យ​ខាង​មន្ទីរ​កសិកម្ម និង​រុក្ខាប្រមាញ់​ខេត្ត​ប៉ៃលិន បន្ត​ជួយ​រក​ទីផ្សារ និង បង្ហាត់បង្រៀន​ពី​របៀប​ចិញ្ចឹមសត្វ​មាន់​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្បួន​កសិកម្ម ព្រោះ​ខាង​លោក​បាន​ចិញ្ចឹម​មាន់​ខាងលើ ដោយសារតែ​សួរ​មិត្តភក្តិ និង​រៀន​នៅតាម​ហ្វេ​ស​ប៊ុ​ក ឬ​យូ​ធូប​ប៉ុណ្ណោះ ។​

 

​លោក​បញ្ជាក់ថា ការចិញ្ចឹម​សត្វ​មាន់​ស្រែ នៅក្នុង​ដីចម្ការ​បែបនេះ គឺ​ធ្វើ​របងលួស​ហ៊ុ​ព័ទ្ធជុំវិញ​ចម្ការ​ទាំង​៥​ហិកតា​ខាងលើ មិនឱ្យ​សត្វ​មាន់​របស់ខ្លួន ដើរហើរ​ចេញទៅ​រកស៊ី​ចំណី​ខាងក្រៅ​នោះឡើយ ក្រែង​សត្វព្រៃ​ចាប់ ឬ​អ្នកភូមិ​ចាប់​ពេល​មាន់​ដើរទៅ​ផ្ទះ​គេ​ជាដើម ។ លោក​ក៏បាន​ទិញ​ពូជ​មាន់​ប្រភេទ​សាច់ ឆ្អឹង និង​ស្បែក​ខ្មៅ យកទៅដាក់​ចិញ្ចឹម​ក្នុង​ចម្ការ​ផងដែរ ព្រោះ​មាន់​នេះ​មានតម្លៃ​ខ្ពស់ ហើយ​មាន​រសជាតិ​ឆ្ងាញ់​ជាង​មាន់​ស្រែ​ធម្មតា ៕​

 

មន្ទីរជំនាញ​កសិកម្ម​ខេត្ត​ប៉ៃលិន ចុះ​ពិនិត្យ​កសិករ​ចិញ្ចឹម​មាន់​ស្រែ ក្រោម​ម្លប់​ចម្ការ​ស្វាយ​

PLB Banner on article detail

អត្ថបទពេញនិយម