បវរកញ្ញា Miss Grand Myanmar ២០២០ Han Lay នឹងស្នាក់នៅប្រទេសថៃរយៈពេល២ ខែ ដើម្បីធានាសុវត្ថិភាពដល់នាង មុនពេលនាងត្រឡប់ ទៅប្រទេសមីយ៉ាន់ម៉ាវិញ។
លោក Nawat ប្រធានក្រុមហ៊ុន និងជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand International នឹងមើលថែ Miss Grand Myanmar ដោយប្រើថវិកាផ្ទាល់ខ្លូន រាល់ការចំណាយផ្សេងៗដូចជា៖ អាហារ កន្លែងស្នាក់នៅរបស់ Han Lay ជាដើម។
ប្រជាជនថៃជាច្រើនចង់ជួយ Miss Grand Myanmar ដោយការបរិច្ចាគប្រាក់ដល់នាង ក៏ព្រោះតែនាងមានប្រាក់តែ ២០០ដុល្លារប៉ុណ្ណោះ សម្រាប់រយៈពេល២ខែ ដែលនាងត្រូវស្នាក់នៅប្រទេសថៃ ពីព្រោះធានាគារនៅក្នុងប្រទេសមីយ៉ាន់ម៉ាទាំងអស់ ត្រូវជាប់គាំងលុយមិនអាចដកចេញបានឡើយ។ នេះបើយោងតាម ការបង្ហោះរបស់ Sash Factor។
ប៉ុន្តែនាងមិនព្រម ទទួលយកការបរិច្ចាគប្រាក់ ពីប្រជាជនថៃនោះទេ នាងចង់បានប្រាក់ចេញពីការធ្វើការងាររបស់នាងក៏ដូចជា ការលក់គ្រឿងសំអាងដែលជាផលិតផលរបស់ Miss Grand International។ Miss Grand Myanmar នឹងក្លាយជាអ្នកតំណាងម៉ាកផលិតផល ក្រែមលាប និងឡេការពារកំដៅថ្ងៃរបស់លោក Nawat។ ដូច្នេះនាងនឹងទទួលបានប្រាក់ចំណេញរួចជាស្រេច បន្ទាប់ពីកាត់ថ្លៃដើមផលិតផលចេញ។
មហាជនទាំងក្នុងស្រុក និងក្រៅស្រុកថៃ បានកោតសរសើរចំពោះលោក Nawat ប្រធានMGI ដែលបានយកចិត្តទុកដាក់ជួយដល់ Han Lay។ មហាជនក៏បានស្ងើចសរសើរ ចំពោះការតស៊ូមតិរបស់ Miss Grand Myanmar ដើម្បីលទ្ធិប្រជាធិបតេយ្យ របស់ប្រទេសមីយ៉ាន់ម៉ា ទាំងមូលផងដែរ៕