របរ​ឡើងត្នោត​អ្នក​ខេត្តបាត់ដំបង អាច​រកប្រាក់​ចំណូល​គួរសម ជួយ​ឱ្យ​ជីវភាព​ប្រសើរឡើង​

ថ្ងៃច័ន្ទ 29 មីនា 2021, 21:41

​ខេត្តបាត់ដំបង​! លោក លឹម ង៉ុ​យ អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ខ្ជាយ ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង បានអោយ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ​ថា ក្រុមគ្រួសារ​របស់លោក​ក្រៅតែពី​ការ​ម៉ៅ​ក្រូចពោធិ៍សាត់​លក់ លោក​បាន​ចាប់យក​របរ​ឡើងត្នោត​យក​ទឹក​លក់​ជាង​២០​ឆ្នាំ​មកហើយ ដោយ​មិន​បោះបង់ចោល​នោះទេ​បើទោះជា​ពិបាក​បន្តិច ព្រោះ​វា​អាច​រកប្រាក់​ចំណូល​បាន​គួរសម និង​ជួយ​ឲ្យ​ជីវភាព​គ្រួសារ​គាត់​ប្រសើរឡើង​ដោយ​មិន​ចំណាកស្រុក​។​

 

​លោក​បន្តថា ក្រុមគ្រួសារ​លោក​បាន​ចាប់យក​របរ​ឡើងត្នោត​ជាង​២០​ឆ្នាំ​មកនេះ​ដែល​សរុប​ជិត​៣០​ដើម ដោយ​ជួល​ពី​អ្នកភូមិ​ក្នុង​មួយ​ដើមបី​ម៉ឺន​រៀល​ក្នុង​មួយ​រដូវ និង​អាច​ផលិត​ទឹក​ទាំង​ផ្អែម​និង​ជូរ​បាន​ពី ៦០​លីត្រ​ទៅ​៧០​លីត្រ​ក្នុង​មួយថ្ងៃ​មិន​ទៀងទាត់​ទេ ព្រោះ​ខែត្រជាក់​ក៏​ចេញ​ច្រើន ហើយ​ខែ​ក្តៅ​ក៏​ចេញ​តិច​។​

 

​ចំពោះ​ទីផ្សារ​វិញ​នៅពេលដែល​ប្រមូល​ទឹកបាន​ហើយ គ្រួសារ​លោក​បានរៀបចំ​ដាក់លក់​នៅ​នឹង​ផ្ទះ​ខ្លះ និង​មួយចំនួនទៀត​ដឹក​លក់​ចែកចាយ​នៅតាម​ទីផ្សារ ដែល​ក្នុង​មួយ​លីត្រ​លក់បាន​ក្នុងតម្លៃ​២០០០​រៀល​(​ពីរពាន់​រៀល​)​ដោយ​ក្នុង​មួយថ្ងៃ​យើង​អាច​រកប្រាក់​ចំណូល​បាន​ពី​ការលក់​ទឹកត្នោតជូរ និង​ផ្អែម បាន​ជាង ១០​ម៉ឺន​ផងដែរ​។​

 

​ជា​ចុងក្រោយ​លោក​ក៏បាន​សំណូមពរ​ទៅដល់​បងប្អូន​ទាំងអស់​អោយជួយ​ទិញ​និង​លើកកម្ពស់​ផលិតផល​កូន​ខ្មែរ​យើង​ផង ព្រោះ​យើង​ផលិត​ចេញពី​ដើមត្នោត​ធម្មជាតិ​ពិតៗ មាន​រសជាតិ​ផ្អែម​ឈ្ងុយឆ្ងាញ់ ហើយ​ចំពោះ​អា​ជូរ​វិញ​គឺ​មិនមាន​ប្រើប្រាស់​ដាក់​សារធាតុ​គីមី​អ្វី​នោះទេ​គឺ​យើង​គ្រាន់តែ​ដាក់​បំបៅ​មេ​ធម្មជាតិ​នៅលើ​ដើម ដោយ​ដាក់​តែ​សំបក​គគីរ​និង​សំបក​ស្តៅ​តែប៉ុណ្ណោះ​។​

 

របរ​ឡើងត្នោត​អ្នក​ខេត្តបាត់ដំបង អាច​រកប្រាក់​ចំណូល​គួរសម ជួយ​ឱ្យ​ជីវភាព​ប្រសើរឡើង​

PLB Banner on article detail

អត្ថបទពេញនិយម