ទូត​កម្ពុជា ប្រចាំ​ប្រទេស​វៀតណាម ប្រកាស​ពី​ការឡើង​កំដៅ និង​ណែនាំ​ឲ្យ​ពលរដ្ឋ ថែរក្សា​សុខភាព​

ថ្ងៃច័ន្ទ 29 មីនា 2021, 11:21

​ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​វៀតណាម បានចេញ​សេចក្តីជូនដំណឹង ដោយ​លើកយក​អត្ថបទ​កាសែត​វៀតណាម Vietnam News ដែល​បង្ហាញថា នៅ​ខែមីនា​នេះ សីតុណ្ហភាព​នៅ​ទីក្រុង​ហូជីមិញ បាន​កើន​ឡើងដល់ ៣៤-៣៧ អង្សា​សេ​។ ឯកអគ្គរាជទូត​កម្ពុ​ជា បានប្រកាស​ឲ្យ​និស្សិត សិក្ខាកាម យោធា នគរបាល និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ កំពុង​សិក្សា ស្នាក់នៅ ឬ​មាន​វត្ត​មាននៅ​ទីក្រុង​ហូជីមិញ បង្កើន​ការប្រុងប្រយ័ត្ន នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង​នេះ​។​

 

​តាម​សេចក្តីជូនដំណឹង សីតុណ្ហភាព នៅ​ទីក្រុង​ហូជីមិញ អាច​នឹង​ក្តៅ​ខ្លាំង នៅ​ខែមេសា និង​ខែឧសភា​។ ក្នុងនោះ វេជ្ជបណ្ឌិត លើកឡើងថា ជំងឺ​បណ្តាលមកពី​សីតុណ្ហភាព​ក្តៅ​ខ្លាំង ដូចជា ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ការ​អស់កម្លាំង រមួលក្រពើ ឬ​ក្តាមកាច់​ជើង អាច​កើតមាន​លើ​មនុស្ស​គ្រប់រូប ពិសេស​មនុស្ស​ចាស់ ក្មេង និង​មនុស្ស​ធាត់​ខ្លាំង​។​

 

​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ​អន្តរជាតិ​នៃ​ទីក្រុង​នេះ និយាយថា អាកាសធាតុ​ក្តៅ​បង្ក​ឲ្យ​មាន​ហានិភ័យ​ដល់​ប្រព័ន្ធ​ដង្ហើម ព្រោះ​មនុស្ស​ភាគច្រើន នឹង​បើក​កង្ហារ​ដោយ​ពេញ​ល្បឿន និង​បើក​ម៉ាស៊ីនត្រជាក់​ក្នុង​សីតុណ្ហភាព​ទាប នាំ​ឲ្យ​បំពង់ក និង​ច្រមុះ​ស្ងួត​។ ពេល​ភ្នាស​ខាងក្នុង​នៃ​ផ្លូវដង្ហើម​ស្ងួត ធ្វើ​ឲ្យ​ពួក​បាក់តេរី និង​វីរុស​ងាយ​ប្រជ្រៀតចូល បង្ក​ឲ្យ​មាន​ជំងឺ​។​

 

​ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ប្រទេស​វៀតណាម បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ ត្រូវ​ទទួលទាន​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន ពាក់មួក​មាន​ហាម​ធំៗ និង​ស្លៀកពាក់​សម្លៀកបំពាក់​ការពារ និង​ត្រូវ​ប្រើ​របាំង​ការពារ​ពន្លឺព្រះអាទិត្យ ពេលចេញ​ក្រៅ​។ ត្រូវ​ទទួលទាន​ទឹក​យ៉ាងហោចណាស់ ១,៥​លីត្រ ទៅ ២​លីត្រ ក្នុង​មួយថ្ងៃ ហើយ​ត្រូវ​ទទួលទាន់​ទឹក​ច្រើនជាង​នេះ បើ​លេង​កីឡា​។ ដោយឡែក នៅ​រយៈពេល ៣​ថ្ងៃ​ខាងមុខនេះ ស​ន្ទ​ស្សន៍​នៃ​UV នៅ​ទីក្រុង​ហូជីមិញ នឹង​ឡើងដល់ ១០-១១ មានន័យថា មាន​ហានិភ័យ​ខ្ពស់​ណាស់ បើ​ត្រូវ​ពន្លឺ​ថ្ងៃ​ដោយ​មិនបាន​ការពារ​៕​

ទូត​កម្ពុជា ប្រចាំ​ប្រទេស​វៀតណាម ប្រកាស​ពី​ការឡើង​កំដៅ និង​ណែនាំ​ឲ្យ​ពលរដ្ឋ ថែរក្សា​សុខភាព​
ទូត​កម្ពុជា ប្រចាំ​ប្រទេស​វៀតណាម ប្រកាស​ពី​ការឡើង​កំដៅ និង​ណែនាំ​ឲ្យ​ពលរដ្ឋ ថែរក្សា​សុខភាព​

PLB Banner on article detail

អត្ថបទពេញនិយម