ដំណាំ​បន្លែ​ត្រប់វែង​ឆ្នាំនេះ មាន​ទិន្នផល​ខ្ពស់​តែ​តម្លៃ​ធ្លាក់ចុះ​បន្តិច​

ថ្ងៃសុក្រ 26 មីនា 2021, 9:29

​ខេត្តបាត់ដំបង​៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ប​វេ​ល ក្រៅពី​របរ​ធ្វើស្រែ​ពួកគាត់​បាន​ងាក​មក​ដាំ​ដំណាំ​បន្លែ​វិលជុំ​បន្ថែម​ដើម្បី​ស្តា​ជីវភាព​រស់នៅ​របស់​ពួកគាត់​ឡើងវិញ និង​ទទួលបាន​ទិន្នផល​ខ្ពស់​តែ​តម្លៃ​ធ្លាក់ចុះ​បន្តិច​។​

 

​ប្រជាពលរដ្ឋ​ឈ្មោះ ជា ចូ​ច រស់នៅ​ភូមិ​រាម​សេនា ឃុំ​ល្វា ស្រុក​ប​វេ​ល បានលើកឡើង​អោយ​អ្នកយកព័ត៌មាន​យើង​បានដឹង​នៅ​រសៀល​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១​នេះ​ថា អ្នកភូមិ​រាម​សេនា​ជាច្រើន​គ្រួ​សារបាន​ប្រកប​របរ​ដាំ​ដំណាំ​កសិកម្ម​(​បន្លែ​)​លក់ ហើយ​សម្រាប់​គ្រួសារ​លោក​វិញ​បាន​ដាំ​ដំណាំ​ត្រប់វែង ហៅ​(​ត្រប់ក្តគោ ឬ​ត្រប់​ភ្លុក​)(​ពូជ​ហា​វៃ )​ក្នុង​ទំហំ​ផ្ទៃដី​ពីរ​រ៉ៃ ស្មើ​ចំនួន ១​ម៉ឺន​ដើម ដោយ​ឃើញថា​របរ​មួយ​នេះ​អាច​រកចំណូលបាន​គួរសម និង​មិនសូវ​ពិបាក​ក្នុង​ការថែទាំ​ដូច​ដំណាំ​ដទៃ​នោះទេ ។​

 

​លោក​បាន​បន្តថា ចំពោះ​ការដាំ​ដំណាំ​ត្រប់វែង​នេះ យើង​ប្រើ​ក្នុង​រយៈពេល​ត្រឹម ១​ខែ​កន្លះ​ទើប​ឲ្យ​ផល​ជា​បណ្ដើរៗ និង​អាយុ​វា​បើ​មិនមាន​ការរាំងស្ងួត​ឬ​ទឹក​លិច​នោះទេ វា​អាចរ​ស់បាន​ច្រើន​ខែ និង​ប្រមូល​ផល​បានយូរ​ផងដែរ ដែលជា​មធ្យម​ក្នុង​មួយថ្ងៃ​លោក​បេះ​បាន​ពី ៣០០ គីឡូក្រាម ទៅ​៥០០​គីឡូក្រាម និង​បច្ចុប្បន្ន​លក់បាន​តម្លៃ​ត្រឹមតែ ៤០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម ខណៈ​ឆ្នាំមុន​លក់បាន​ក្នុង​មួយ​គីឡូក្រាម​តម្លៃ​១០០០​រៀល​។

 

​លោក  ជា ចូ​ច បានបញ្ជាក់​បន្ថែមថា បើទោះបីជា​តម្លៃ​ត្រប់វែង​ធ្លាក់ចុះ​បន្តិច​មែន ប៉ុន្តែ​គ្រួសារ​លោក​អាច​ទទួលយកបាន ដោយឡែក​ចំពោះ​ទីផ្សារ​វិញ​បើទោះជា​ថ្លៃ​ថោក​យ៉ាងណាក៏ដោយ ក៏មាន​ឈ្មួញ​ចុះមក​ទិញយក​អស់ៗ​ព្រោះ​តម្រូវការ​ប្រជាពលរដ្ឋ​ចូលចិត្ត​បរិភោគ​ច្រើន ។

 

​គួរ​បញ្ជាក់ថា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​រាម​សេនា ក្រៅពី​ធ្វើស្រែ​វស្សា ស្រែប្រាំង និង​ដាំ​ដំណាំ​ត្រប់វែង​នេះ មានគ្រួសារ​ខ្លះ​ដាំ​ដំណាំ​ត្រសក់​ស្រួយ  ននោង ត្រឡាច សណ្ដែក​គូ ស្ពៃ ម្ទេស​ជាដើម ៕​

 

ដំណាំ​បន្លែ​ត្រប់វែង​ឆ្នាំនេះ មាន​ទិន្នផល​ខ្ពស់​តែ​តម្លៃ​ធ្លាក់ចុះ​បន្តិច​

PLB Banner on article detail