ការ​វាយ​ជួង និង ទូងស្គរ នៅតាម​វត្ត​ក្នុង​ទូទាំង​ខេត្តសៀមរាប បាន​ចាប់​អនុវត្ត​ហើយ​កាលពី​ម៉ោង​៥​ទាបភ្លឺ​ព្រឹក​មិញ​នេះ

ថ្ងៃពុធ 24 មីនា 2021, 9:29

​លោក វណ្ណ ប៊ុន​ណា ប្រធាន​មន្ទីរ​ធម្មការ និង សាសនា​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា បន្ទាប់ពី​ទទួលបាន​សេចក្ដីណែនាំ​របស់​ក្រសួង​ធម្មការ និង សាសនា ស្តីពី​ការ​វាយគង ជួង រគាំង ទូងស្គរ តាម​វត្ត​អារាម ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍ នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១​ម្សិលមិញ​រួចមក លោក​ក៏បាន​ណែនាំ​បន្ត​ដល់​ព្រះគ្រូ ព្រះ​អនុគណ​ក្រុង ស្រុក​ក្នុង​ទូទាំង​ខេត្ត ឲ្យ​គ្រប់​វត្ត​ទាំងអស់​ត្រូវអនុវត្ត​ចាប់ពី​ម៉ោង​៥​ទាបភ្លឺ ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១​នេះ រហូតដល់​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ហើយ​ព្រឹក​មិញ​នេះ លោក​ក៏បាន​ទទួល​សេចក្ដីរាយការណ៍​ពី​ព្រះ​អនុគណ​ក្រុង ស្រុក​មួយចំនួន ថា​បាន​អនុវត្ត​ហើយ ហើយ​លោក​នឹង​តាមដាន​នូវ​ការងារ​នេះ​ជា​បន្តទៀត ។​

 

​គួររំលឹកថា កាលពី​ល្ងាច​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១​ម្សិលមិញ​នេះ យោងតាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ ក្រសួង​ធម្មការ និង​សាសនា បានចេញ​សារាចរ​ណែនាំ ស្តីពី​ការ​វាយគង ជួង រគាំង ទូងស្គរ តាម​វត្ត​អារាម ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍ នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ ដែល​សកម្មភាព​នេះ គឺជា​សញ្ញា​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន ដោយ​អនុវត្ត​នូវ​វិធានការ “៣​ការពារ​” និង “៣​កុំ​” របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល រហូតដល់​ចប់​ព្រឹត្តិការណ៍ ២០​កុម្ភៈ ដោយ​ត្រូវអនុវត្ត​ចំនួន​៥​ដង​ក្នុង ១​ថ្ងៃ គឺ ៖ លើក​ទី​១ នៅ​ម៉ោង ៥​ព្រឹក , លើក​ទី​២ នៅ​ម៉ោង ១១​ព្រឹក , លើក​ទី​៣ នៅ​ម៉ោង ២​រសៀល , លើក​ទី​៤ នៅ​ម៉ោង ៥​ល្ងាច និង លើក​ទី​៥ នៅ​ម៉ោង ៨​យប់ ។​

 

​ព្រះ​វិបុល​ស​ត្ថា រី សាត ព្រះរាជ​គណៈ​ថ្នាក់​កិត្តិយស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះចៅអធិការ​វត្ត​កេស​រា​រាម ស្ថិតក្នុង​ក្រុង​សៀមរាប មាន​ថេរ​ដីកា​ថា បន្ទាប់ពី​ទទួលបាន​សេចក្ដីណែនាំ​នេះហើយ នៅវេលា​ម៉ោង​៥​ទាបភ្លឺ​ព្រឹក​មិញ​នេះ វត្ត​កេស​រា​រាម បាន​អនុវត្ត​ដោយ​ការ​វាយគង​ផង វាយ​ជួង​ផង និង​ទូងស្គរ​ផង ដើម្បី​ចូលរួម​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ និង ពុទ្ធបរិស័ទ​គ្រប់ៗ​រូប ឲ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ការឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វីដ​-១៩  ដោយ​អនុវត្ត​នូវ​វិធានការ “៣​ការពារ​” និង “៣​កុំ​” ។     

 

​ព្រះចៅអធិការ​វត្ត​កេស​រា​រាម មាន​ថេរ​ដីកា​ទៀតថា ជា​ទំនៀមទម្លាប់​ខ្មែរ​ពី​បុរាណ​មកដល់​បច្ចុប្បន្ននេះ ការ​វាយ​ជួង និង​ទូងស្គរ​តាម​វត្ត​អារាម​នានា​នៅតែ​ជា​ជំនឿ​មួយ​ដែល​ព្រះសង្ឃ និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​តែងតែ​ជឿ​និង​អនុវត្ត​តៗ​មក ដើម្បី​ពញ្ញាក់​ស្មារតី​អ្នកភូមិ​ស្រុក បានដឹង​ពី​ហេតុភេទ​មិនល្អ គ្រោះភ័យ​ចោរ​រ​ខ្មួយ​ចូល​ភូមិ ឬ​ព្រះចៅអធិការ​វត្ត​ទទួល​អនិច្ចធម្ម ដើម្បី​ជា​សញ្ញា​បណ្តេញ​នូវ​ឧ​ប​ទ្រុឌ​ចង្រៃ​ផ្សេងៗ រួមទាំង​ការអបអរសាទរ​នូវ​ស​មិ​ទ្ឋ​ផល​នានា ឬ​ក៍​ជោគជ័យ​ផ្សេងៗ​ក្នុង​មូលដ្ឋាន​ស្រុកភូមិ និង​ទី​អារាម​នានា​ផងដែរ  ជាពិសេស​សំឡេង​ទូងស្គរ ជានិច្ច​ការ​តែង​ប្រើ​នៅក្នុង​រដូវ​ចូល​ព្រះវស្សា ដើម្បី​ជាស​ញ្ញា​ប្រាប់​ម៉ោង​ពេល ហើយ​ឲ្យ​បរិស័ទ បានដឹង​ឱ្យដឹងថា​ដល់​វេលា ឈប់សម្រាក​ពី​ការងារ​ហើយ និង​ដាស់​ឱ្យ​ភ្ញាក់​ពី​និ​ន្ទ្រា​បន្ត​កិច្ចការ​រៀងៗ​ខ្លួន​ទៀត ៕ ដោយ តាំង ហូ​

ការ​វាយ​ជួង និង ទូងស្គរ នៅតាម​វត្ត​ក្នុង​ទូទាំង​ខេត្តសៀមរាប បាន​ចាប់​អនុវត្ត​ហើយ​កាលពី​ម៉ោង​៥​ទាបភ្លឺ​ព្រឹក​មិញ​នេះ
ការ​វាយ​ជួង និង ទូងស្គរ នៅតាម​វត្ត​ក្នុង​ទូទាំង​ខេត្តសៀមរាប បាន​ចាប់​អនុវត្ត​ហើយ​កាលពី​ម៉ោង​៥​ទាបភ្លឺ​ព្រឹក​មិញ​នេះ
ការ​វាយ​ជួង និង ទូងស្គរ នៅតាម​វត្ត​ក្នុង​ទូទាំង​ខេត្តសៀមរាប បាន​ចាប់​អនុវត្ត​ហើយ​កាលពី​ម៉ោង​៥​ទាបភ្លឺ​ព្រឹក​មិញ​នេះ

PLB Banner on article detail