អ្នកពាក់ព័ន្ធ​បុរស​ជនជាតិខ្មែរ រស់នៅ​ភូមិ​អូ​រក​ណ្តោ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ទៅពិនិត្យសំណាក​ជាបន្ទាន់​

ថ្ងៃច័ន្ទ 8 មីនា 2021, 12:55

​នា​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត​កំពង់ចាម បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ការពាក់ព័ន្ធ បុរស​ជនជាតិខ្មែរ ឈ្មោះ ម៉ី ស៊ីថាន អាយុ ២៧​ឆ្នាំ​រស់នៅ​ភូមិ​អូ​រក​ណ្តោ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស​ខេត្តកំពង់ចាម​ដែល​បាន​ឆ្លង​វីរុស​កូ​វីដ​-១៩ សូម​ទៅពិនិត្យ និង​យក​សំណាក នៅ​មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​ផ្ទះ និង​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់​។​

 

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត បាន​បញ្ជាក់ថា ក្រសួងសុខាភិបាល បាន​រកឃើញ​ករណី​វិជ្ជមាន បុរស​ជនជាតិខ្មែរ ឈ្មោះ​ម៉ី ស៊ីថាន អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​អូ​រក​ណ្តៅ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម ធ្វើការ​ជា​គ្រូបង្រៀន​ម៉ាស្សា នៅ​សណ្ឋាគារ​សី​ញ​ជី​ង​ថៃ នៅ​កែង LV ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។​

 

​នៅ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១២​ថ្ងៃត្រង់ បុរស​ម្នាក់នេះ បានមក​ដល់ផ្ទះ​នៅ​ភូមិ​អូ​រក​ណ្តៅ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម​។ បន្ទាប់ពី​ទទួល​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន អំពី​ករណី​បុរស​ម្នាក់ មកពី​តំបន់​មាន​ហានិភ័យ​ខ្ពស់​(​ខេត្ត​ព្រះសីហនុ​) បាន​ចូលមក​ស្នាក់​នៅក្នុង​មូលដ្ឋាន នៅ​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២១ លោក​អភិបាលខេត្ត បាន​ចាត់​ឲ្យ​មន្ត្រី​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន នាំ​បុរស​ខាងលើ មក​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋបាលខេត្ត (​សណ្ឋាគារ​មេគង្គ​) ក្រុង​កំពង់ចាម​។​

 

​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមីនា ឆ្នាំ​២០២១ ក្រុមគ្រូពេទ្យ បាន​យក​សំណាក​ទៅពិនិត្យ លុះដល់​ថ្ងៃទី​០៧ ខែមីនា ឆ្នាំ​២០២១ បានទទួល​លទ្ធផល​ប​ញ្ជា​ក់​ពី វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ថា​បុរស​ម្នាក់នេះ​មាន​វិជ្ជមាន​កូ​វីដ​-១៩ និង​បាន​បញ្ជូនទៅ​ព្យា​ល​បាល​ជំងឺ នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។​

 

​ជាមួយគ្នានេះ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ចាត់​ឲ្យ​មន្ត្រី​សុខាភិបាល ចុះ​ស្រាវជ្រាវ​បន្ទាន់​ពាក់ព័ន្ធ​នឹង​ករណីនេះ​៖

​ទី​១៖ អំពី​ប្រវត្តិ​ធ្វើដំណើរ​បុរស​ម្នាក់នេះ​៖ នៅ​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១ បុរស​ម្នាក់នេះ បានធ្វើ​ដំណើរ​ពី​ខេត្ត​ព្រះសីហនុ តាមរយៈ​រថយន្តឈ្នួល (​នៅ​ជិត​ផ្សារ​ពាណិជ្ជកម្ម ម្តុំ​ពេទ្យ​ព្រៃចេក​) មក​រាជធានី​ភ្នំពេញ​។​

​នៅ​ម៉ោង​០៧៖៣០​យប់ ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២១ បានមក​ដល់ និង​ចុះ​នៅមុខ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ហើយ​បាន​ទៅសួរសុខទុក្ខ​ក្មួយប្រុស ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​អាគារ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​នៅ​យប់​ថ្ងៃ​ដដែល​បុរស​នេះ បាន​ទៅ​ស្នាក់នៅ​ជាមួយ​បងស្រី (​នៅ​បន្ទប់​ជួល នៅ​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​)​។​

​នៅ​ម៉ោង​៧៖០០​នាទី​ព្រឹក ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ បុរស​ម្នាក់នេះ​បាន​បន្តដំណើរ​ពី​ស្ទឹងមានជ័យ ទៅមុខ​វត្ត​គៀន​ឃ្លាំង ជ្រោយចង្វារ និង​បាន​បន្តដំណើរ​តាម​រថយន្ត​ដែល​មក​ខេត្តកំពង់ចាម ដោយបាន​ឈប់​នៅ​ស្តុ​ប​ផ្សារ​ព្រៃទទឹង ឃុំ​ជ្រៃវៀន ស្រុក​ព្រៃឈរ និង​បាន​បន្តដំណើរ​តាម​ម៉ូតូឌុប បន្ត​រហូតដល់​ផ្ទះ​នៅ​ភូមិ​អូ​រក​ណ្តៅ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម វេលា​ម៉ោង​១២​ថ្ងៃត្រង់​។​

​នៅ​ព្រឹក​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២១ បុរស​ម្នាក់នេះ និង​ប្អូនប្រុស បាន​ជិះ​ម៉ូតូ​ទៅ​ផ្សារ​ព្រៃទទឹង និង​បាន​ដើរ​ផ្សា​រទិញ​ត្រី និង​គ្រឿង​ធ្វើ​ម្ហូប ប្រហែល​៣០​នាទី មុន​ត្រឡប់ទៅផ្ទះ​វិញ​។​

​និង​ទី​២៖ អ្នកពាក់ព័ន្ធ​នឹង​បុរស​នេះ​៖ នៅពេល​ទៅ​សុខទុក្ខ​ក្មួយប្រុស បាន​ជួប​ជាមួយ​ស្ត្រី​០២​នាក់ កំពុង​កំដរ​អ្នកជំងឺ​ក្នុងនោះ ម្នាក់​រស់នៅ​ភូមិ​ថ្លុក​ក្រ​វ៉ាន់ ឃុំ​បុស្សខ្នុរ ស្រុក​ចំការលើ និង​ម្នាក់ទៀត រស់នៅ​ភូមិ​អូ​រក​ណ្តៅ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម (​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​ឌី​មហា​ន់ នៅ​ស្ទឹងមានជ័យ​) តែ​តាំងពី​បាន​ជួប​បុរស​ម្នាក់នេះ​មក គាត់​មិនទាន់បាន​ទៅធ្វើ​ការ​វិញ​ទេ ព្រោះ​សុំច្បាប់​ជាប់រវល់​កំដរ​ក្មួយ​ឈឺ​។

​នៅ​យប់​បុរស​ខាងលើ​សម្រាក​នៅ​ស្ទឹងមានជ័យ បាន​ជួប​ជាមួយ​បងស្រី​ម្នាក់ និង​អ្នក​ជួល​បន្ទប់​នៅ​ជិត​បន្ទប់ (​មិន​ស្គាល់ឈ្មោះ​), អ្នករត់​PassApp (​មិន​ស្គាល់ឈ្មោះ​អ្នកបើកបរ​), អ្នករួមដំណើរ​តាម​រថយន្តឈ្នួល​ពី​ភ្នំពេញ មក​កំពង់ចាម​, មកដល់​ផ្ទះ ជួប​ជាមួយ​ក្រុមគ្រួសារ​(​ឪពុក​, ម្តាយ​, បងថ្លៃ​ប្រុស​, បងស្រី​, ប្អូនប្រុស​, ក្មួយ​ស្រី ២​នាក់​, ក្មួយប្រុស​) និង​អ្នក​ផ្ញើ​ម៉ូតូ នៅ​ផ្សារ​ព្រៃទទឹង និង​អ្នកលក់​ត្រី និង​ម្ហូប​នៅ​ផ្សារ​ព្រៃទទឹង​។​

​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ រដ្ឋបាលខេត្ត​កំពង់ចាម បាន​បន្តធ្វើ​ការស្រាវជ្រាវ និង​នាំយក​អ្នក​ដែល​ពាក់ព័ន្ធ​ដោយផ្ទាល់ និង​អ្នកមាន​ហានិភ័យ​ខ្ពស់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​របស់​រដ្ឋបាលខេត្ត ដើម្បី​បន្ត​តាមដាន​សុខភាព និង​យក​សំណាក​ពិនិត្យ​។​

 

​រដ្ឋបាលខេត្ត​កំពង់ចាម សូម​អំពាវនាវ​ដល់​អ្ន​ក​ដែល​ពាក់ព័ន្ធ​នឹង​បុរស​ខាងលើ តាម​ពេលវេលា និង​ទីកន្លែង​ដែល​បានបញ្ជាក់​ជូន​ខាងលើ សូម​ទៅពិនិត្យ​សុខភាព និង​យក​សំណាក​មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​ផ្ទះ និង​ត្រូវរាយការណ៍ជូន​អាជ្ញាធរ​មូលដ្ឋាន​ជាបន្ទាន់​។ ជាមួយគ្នានេះ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ដែល​ពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់​ខ្លួន​តាម​ការណែនាំ​របស់​ម​ន្ត្រី​សុខាភិបាល និង​អាជ្ញាធរ​មូលដ្ឋាន​៕​

អ្នកពាក់ព័ន្ធ​បុរស​ជនជាតិខ្មែរ រស់នៅ​ភូមិ​អូ​រក​ណ្តោ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ទៅពិនិត្យសំណាក​ជាបន្ទាន់​
អ្នកពាក់ព័ន្ធ​បុរស​ជនជាតិខ្មែរ រស់នៅ​ភូមិ​អូ​រក​ណ្តោ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ទៅពិនិត្យសំណាក​ជាបន្ទាន់​
អ្នកពាក់ព័ន្ធ​បុរស​ជនជាតិខ្មែរ រស់នៅ​ភូមិ​អូ​រក​ណ្តោ ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ទៅពិនិត្យសំណាក​ជាបន្ទាន់​

PLB Banner on article detail

អត្ថបទពេញនិយម