ស្រ្តីម្នាក់យកមាសលក់ចាយវាយអស់ ប្រើល្បិចថាចោរប្លន់ ដើម្បីកុំអោយប្តីបន្ទោស

ថ្ងៃសុក្រ 5 មីនា 2021, 17:59

បាត់ដំបង៖ ស្រ្តីម្នាក់បានប្រកាសក្តែងៗប្រាប់សមត្ថកិច្ចកាលពីថ្ងៃទី០៤ខែមិនា ថាមានចោរចូលប្លន់ផ្ទះរបស់ខ្លួន អស់មាសប្រាក់សន្ធឹកសន្ធាប់ ធ្វើអោយភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចចុះទៅសួរនាំព្រោងព្រាត តែមកដល់ថ្ងៃទី០៥ខែមិនា បែជាលើកដៃសំពះសំទោសថា ជារឿងប្រឌិតនោះទេ។

 

 

ស្នងការនគបាលខេត្តបាត់ដំបង បានបញ្ជាក់ថាក្រោយពីមន្រ្តីជំនាញចុះស្រាវជ្រាវនិងសាកសួរ ស្រ្តីឈ្មោះ ម៉ៅចំរើននេះ បានបង្ហាញមូលហេតុ ដែលខ្លួន កុហកថាមានចោរចូលប្លន់ ដោយសារ តែគាត់ខ្លាចប្តីរបស់គាត់ស្តីបន្ទោសត្បិត មួយរយៈចុងក្រោយនេះរូបគាត់យកប្រាក់និងគ្រឿងអលង្កការទៅលក់និងចាយវាយអស់ហើយ។ 

 

សូមបញ្ជាក់ថាកាលពីថ្ងៃទី០៤ ខែមិនា ស្រ្តីឈ្មោះ ម៉ៅចំរើន ខាងលើបានផ្តល់ព័ត៌មាន ប្រាប់អ្នកជិត ខាងនិងសមត្ថកិច្ចថា មានចោរ១ក្រុមគ្នាបីនាក់ ប្រដាប់ដោយកាំបិតនិងកាំភ្លើងផង បានចូលប្លន់ ផ្ទះរបស់គាត់ នៅឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង  ។ស្រ្តីម៉ៅចំរើន បាននិយាយថាមុខដំបូងក្រុមចោរបានយកដៃវៃ ក្បាលជនរងគ្រោះ ចំនួនបីដៃ និង យកកាំបិតចិតបន្លែចុងស្រួចដាក់ភ្ជង់ចង្កេះបណ្តាលអោយរហែកអាវ ដាច់ស្បែកបន្តិច  ព្រមទាំង យកកាំភ្លើងខ្លីភ្ជង់ក្បាលពីក្រោយទៅលើជនរងគ្រោះ រួចគម្រាមទារកប្រាក់ ។ ខណៈពេលដែលជនរងគ្រោះរកស្រែក ក្រុមចោរទាំងនោះ បានសំឡុតរកបាញ់សម្លាប់លើជនរងគ្រោះបើសិនហ៊ាន ស្រែកហៅអ្នកជិតខាងជួយ។

 

ស្រ្តីនោះអះអាងថាក្រុមចោរប្លន់ទាំងនេះបានយកទ្រព្យសម្បត្តិជនរងគ្រោះមួយចំនួនមានដូចជា ៖ ខ្សែដៃលោហធាតុពណ៌លឿង០២ខ្សែ ទម្ងន់១០ជី(មាស)ស្មើនិងមួយតំឡឹង ខ្សែកលោហធាតុពណ៌ លឿង ០១ខ្សែ(ប្លាទីន)មានតម្លៃ២៧០០០០០រៀល(ពីរលានចិតសិបម៉ឺនរៀល )ប្រាក់ខ្មែរ៦០០០០០រៀល(ហុកសិបម៉ឺនរៀល) ។

 

ក្រោយទទួលបានព័ត៌មាននេះភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាឱ្យលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងលោកវរ សេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ ធ្វើការស៊ើបអង្កេតជាបន្ទាន់ នេះបើតាមក្រុមប្រតិកម្មរហ័សនៃស្នងការខេត្ត។ 

 

ប្រភពខាងលើបញ្ជាក់បន្ថែមថាឆ្លងតាមរយៈការស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុតនោះទីបំផុតស្រ្តីឈ្មោះ ម៉ៅ ចំរើន ដែលអះអាងថាគាត់ជាជនរងគ្រោះនោះបានសារភាពថា អ្វីដែលរូបគាត់បានលើកឡើងថា មានក្រុម ចោរប្រដាប់អាវុធចូលប្លន់ក្នុងលំនៅដ្ឋាននោះ គឺជារឿងដែលគាត់បានប្រឌិតឡើងតែប៉ុណ្ណោះ ដែលការពិតគឺមិនមានទេ។ 

 

ចំពោះមូលហេតុដែលគាត់ប្រឌិតរឿងបែបនេះឡើងដោយសារតែគាត់ខ្លាចប្តីរបស់គាត់ស្តីបន្ទោសត្បិត មួយរយៈចុងក្រោយនេះរូបគាត់យកប្រាក់និងគ្រឿងអលង្កការទៅលក់និងចាយវាយអស់ហើយ។

នៅចំពោះមុខបញ្ហានេះឈ្មោះ ម៉ៅ ចំរើន ទទួលស្គាល់កំហុសដែលគាត់បានប្រឌិតឡើង បង្កឱ្យមានការភ្ញាក់ផ្អើមនិងចលាចលក្នុងបរិយា កាសសង្គម ។ ក្រៅពីការសុំអភ័យទោសជាសា ធារណៈតាមរយៈឃ្លីបវីដេអូ រូបគាត់ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាកុំឱ្យគាត់ប្រព្រឹត្តសកម្មភាពបែបនេះបន្តទៀតមុននឹងអនុញ្ញាតឱ្យគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ។ អត្ថបទ ភី សុខ

ស្រ្តីម្នាក់យកមាសលក់ចាយវាយអស់ ប្រើល្បិចថាចោរប្លន់ ដើម្បីកុំអោយប្តីបន្ទោស
ស្រ្តីម្នាក់យកមាសលក់ចាយវាយអស់ ប្រើល្បិចថាចោរប្លន់ ដើម្បីកុំអោយប្តីបន្ទោស
ស្រ្តីម្នាក់យកមាសលក់ចាយវាយអស់ ប្រើល្បិចថាចោរប្លន់ ដើម្បីកុំអោយប្តីបន្ទោស

PLB Banner on article detail

អត្ថបទពេញនិយម