ក្រសួងសុខាភិបាល ប្រកាស​ពី​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជា​បន្ត ចាប់ពី​ថ្ងៃទី​៥ មីនា​នេះ​

ថ្ងៃសុក្រ 5 មីនា 2021, 8:56

​ក្រសួងសុខាភិបាល បានប្រកាស​ពី​ការបន្ត​យន្តការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ សម្រាប់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ ពិសេស​នៅ​ភ្នំពេញ កណ្តាល និង​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​។ នោះ​គឺ​វ៉ាក់សាំង​កូ​វីដ​១៩ AstraZeneca នឹងត្រូវ​ផ្តល់ជូន​ជាពិសេស​ដល់​ក្រុមមនុស្ស ដែល​ងាយ​រងគ្រោះ​នឹង​ជំងឺ​កូ​វីដ​១៩ មាន​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ​។ រីឯ​វ៉ាក់សាំង Sinopharm សម្រាប់​អ្នកមាន​អាយុ​ចន្លោះ​ពី ១៨-៥៩​ឆ្នាំ​។​

 

​សេចក្តីប្រកាស លើកឡើងថា សម្រាប់​ជនបរទេស​ទាំងអស់ ដែលមាន​អាយុ​ពី ១៨​ឆ្នាំ​ឡើងទៅ និង​ដែល​កំពុង​បំពេញបេសកកម្ម ឬ​កំពុង​ធ្វើ​ធុរកិច្ច និង​កំពុងស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា ដូចជា មន្ត្រីការទូត មន្ត្រី​អង្គការសហប្រជាជាតិ អង្គការ អន្តរជាតិ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ និង​ធុរជន​ជាដើម ដែលមាន​អាសយដ្ឋាន​រស់នៅក្នុង​ក​ម្ពុ​ជា​ពិតប្រាកដ សូម​អញ្ជើញ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ដោយ​ស្ម័គ្រចិត្ត ដែល​អាច​ជ្រើសរើស​ទីកន្លែង និង​វ៉ាក់សាំង​ទាំងពីរ​ប្រភេទ​ខាងលើ ដើម្បី​ចាក់​បានដែរ​។​

 

​ក្រសួងសុខាភិបាល បាន​កត់សម្គាល់ថា ក្រសួង​បាន​ពង្រីក​ទីតាំង​ចាក់​វ៉ាក់សាំង ដល់​គ្រប់​រាជធានី​ខេត្ត​ទាំង ២៥ ទូទាំងប្រទេស និង​ដើម្បី​ជំរុញ​ការចាក់​វ៉ាក់សាំង​ឲ្យ​មាន​វិសាលភាព​កាន់តែ​ទូលំទូលាយ នៅ​ទីតាំង​ចាក់​វ៉ាក់សាំង ដែលមាន​ការអនុញ្ញាត​ពី​ក្រសួង​រួចហើយនោះ ត្រូវ​បន្តការងារ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​តាម​ក្រុមមនុស្ស នៅ​រៀងរាល់ថ្ងៃ ( ទាំង​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ និង​ថ្ងៃ​ឈប់សម្រាក​ផ្លូវការ ) ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១៧​ល្ងាច ( ដោយ​សម្រាក​ពិសា​អាហារ​ថ្ងៃត្រង់​ពី​ម៉ោង ១២ ដល់​ម៉ោង ១៤ )៕​

ក្រសួងសុខាភិបាល ប្រកាស​ពី​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជា​បន្ត ចាប់ពី​ថ្ងៃទី​៥ មីនា​នេះ​
ក្រសួងសុខាភិបាល ប្រកាស​ពី​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជា​បន្ត ចាប់ពី​ថ្ងៃទី​៥ មីនា​នេះ​
ក្រសួងសុខាភិបាល ប្រកាស​ពី​កម្មវិធី​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជា​បន្ត ចាប់ពី​ថ្ងៃទី​៥ មីនា​នេះ​

PLB Banner on article detail

អត្ថបទពេញនិយម