ពលរដ្ឋជាង១០គ្រួសារ ស្នើអាជ្ញាធរពន្លឿនដោះស្រាយ​រុះរើសំណង់ប៉ះពាល់លើផ្លូវចេញចូលមុខផ្ទះ

ថ្ងៃព្រហស្បតិ៍ 4 មីនា 2021, 15:1

​ខេត្តបាត់ដំបង​! ប្រជាពលរដ្ឋ​ប្រមាណ ១១ គ្រួសារ រស់នៅក្នុង​ភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង បាន​លើកគ្នា​ស្នើ​ដល់​អាជ្ញាធរ​ក៏ដូចជា​ថ្នាក់ដឹកនាំ​ខេត្ត ព​ន្លឿ​ន​ក្នុងការ​ចុះជួយ​ដោះស្រាយ​និង​អន្តរាគមន៍​រុះរើ​សំណង់​ដែល​បង្ក​ផលប៉ះពាល់​នៅលើ​ផ្លូវចេញចូល​ផ្ទះ​ដើម្បីអោយ​ពួកគាត់​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ រួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​អាច​កើតមាន​ជាយថាហេតុ​។​

 

​ប្រជាពលរដ្ឋ​បានលើកឡើង​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី ០៤ ខែ​មិនា ឆ្នាំ​២០២១​នេះ​ថា ពួកគាត់​ទាំងអស់គ្នា​មាន​ការមិន​ពេញចិត្ត​ចំពោះ​បុគ្គល​ឈ្មោះ លី សុផល ដែល​បានមក​សាងសង់​លំនៅដ្ឋាន​លើ​ចំណីផ្លូវ​របស់​រដ្ឋ និង​លើផ្លូវ​ប្រឡាយ​រំដោះ​ទឹក នៅ​ចំណុច​ជាប់​របង​ខាងកើត​នៃ​សាលាបឋមសិក្សា ច្រាប​ក្រសាំង ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​បាន​យក​សម្ភា​រៈគ្រឿង​ម៉ាស៊ីនរថយន្ត​ដាក់​រាយប៉ាយ​តាម​ដងផ្លូវ​គ្មាន​សណ្តាប់ធ្នាប់ ធ្វើអោយ​ផ្លូវ​រួម​តូចចង្អៀត ពិបាក​ក្នុងការ​ធ្វើដំណើរ​ចេញចូល អាច​ប្រឈម​និង​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។​

 

​ពួកគាត់​បន្តថា រយៈពេល​កន្លងមក​បុគ្គល​ឈ្មោះ លី សុផល ដែលជា​ម្ចាស់​សំណង់​និង​ជាទី​តាំង​កន្លែង​ជួសជុល​រថយន្ត​ខាងលើ លោក​ធ្លាប់​បានទទួល​សំណង​លើ​ផលប៉ះពាល់​ពីរ​ដ្ឋ​រួចរាល់​ហើយ តែ​មិន​ព្រម​រុះរើ​ចេញ​នោះទេ ដោយ​បន្ត​រស់នៅ​និង​បំពាន​លើ​ចំណី​ដី​ដែលជា​កម្ម​សិទ្ធ​របស់​ពួកគាត់​ដដែល បើទោះបីជា​ពួកគាត់​ធ្លាប់​ប្តឹង​អោយ​អាជ្ញាធរ​ភូមិ សង្កាត់ ចុះមក​ដោះស្រាយ​អន្តរាគមន៍​ហើយ​យ៉ាងណាក្តី​។​

 

​ជុំវិញ​ករណី​ម្ចាស់​លំនៅដ្ឋាន​ដែល​បាន​សំណង​ហើយ​មិន​ព្រម​រុះរើ​ចេញពី​ដី​ចំណីផ្លូវ​របស់​រដ្ឋ និង​ដី​ម្ចាស់​កម្ម​សិទ្ធ​ខាងលើ​នេះដែរ លោក សុខ ឈឿ​ក ចៅសង្កាត់​វត្ត​គរ បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​តាមរយៈ​ទូរស័ព្ទ​ថា រឿង​រើ​មិន​រើ​វា​ច្រើន​គ្នា​ហើយ អ្នកខ្លះ​យកលុយ​ហើយ​មិន​ព្រម​រើ​មិន​មានតែ​ម្នាក់​នឹង​ទេ ហើយ​ការដោះស្រាយ​ចំពោះមុខ អ្នកណា​ធ្លាប់​នៅ​កន្លែង​ណា នៅ​កន្លែង​ហ្នឹង​ជា​បណ្តោះអាសន្ន​ទៀត​ទៅ លោក​មិនអាច​ដេញ​អោយគេ​រើរុះ​បានឡើយ តែ​ត្រូវ​ធ្វើយ៉ាងណា​ទីមួយ​កុំអោយ​ប៉ះពាល់​ផ្ល​វ​ទឹក​គេ ទី​ពីរ​ត្រូវ​រើរុះ​គ្រឿង​រថយន្ត​ចេញពី​ផ្លូវ​អោយគេ​ចេញចូល​បាន មិនត្រូវ​ទុក​គ្រឿងចក្រ​បាំង​ផ្លូវ​ធ្វើ​អោយគេ​ពិបាក​ចេញចូល​និង​បាំង​ចរាចរណ៍​ផងដែរ ហើយ​នៅ​ថ្ងៃ​ច័ន្ទ​ខាងមុខនេះ​លោក​និង​អោយ​ក្រុមការងារ​ចុះទៅ​រៀបចំ​ធ្វើ​ការងារ​នេះ​។​

 

​បើទោះបី​យ៉ាងណា ប្រជាពលរដ្ឋ​នៅតែ​ទទូច​សូមអោយ​អាជ្ញាធរ​ជួយ​ដោះស្រាយ​អន្តរាគមន៍​រុះរើ​សំណង់​លំនៅដ្ឋាន​ខាងលើនេះ​ចេញ ដោយ​សង្ឃឹម​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា អាជ្ញាធរ​ពិតជា​ដោះស្រាយ​តាមផ្លូវ​ច្បាប់ និង​យុត្តិធម៌​ជាក់​ជាមិនខាន​។​

ពលរដ្ឋជាង១០គ្រួសារ ស្នើអាជ្ញាធរពន្លឿនដោះស្រាយ​រុះរើសំណង់ប៉ះពាល់លើផ្លូវចេញចូលមុខផ្ទះ
ពលរដ្ឋជាង១០គ្រួសារ ស្នើអាជ្ញាធរពន្លឿនដោះស្រាយ​រុះរើសំណង់ប៉ះពាល់លើផ្លូវចេញចូលមុខផ្ទះ
ពលរដ្ឋជាង១០គ្រួសារ ស្នើអាជ្ញាធរពន្លឿនដោះស្រាយ​រុះរើសំណង់ប៉ះពាល់លើផ្លូវចេញចូលមុខផ្ទះ
ពលរដ្ឋជាង១០គ្រួសារ ស្នើអាជ្ញាធរពន្លឿនដោះស្រាយ​រុះរើសំណង់ប៉ះពាល់លើផ្លូវចេញចូលមុខផ្ទះ

PLB Banner on article detail