សម្រេច​ឱ្យ​ចាក់​វ៉ាក់សាំង AstraZeneca ជូន​ពលរដ្ឋ​ខ្មែរ មាន​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ​

ថ្ងៃព្រហស្បតិ៍ 4 មីនា 2021, 10:0

​បន្ទាប់ពី​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ AstraZeneca លើក​ទី​១ ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០២១ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​យក​ថ្ងៃនេះ ប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជា​ផ្លូវការ​។​

 

​មូលហេតុ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន លើកឡើងថា មកពី​កាលពី​ថ្ងៃទី​១០​កុម្ភៈ គឺ​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ សម្រាប់តែ​មនុស្ស​អាយុ​ពី ១៨​ឆ្នាំ ដល់ ៥៩​ឆ្នាំ​ប៉ុណ្ណោះ​។ តែ​ពេលនេះ គឺ​វ៉ាក់សាំង AstraZeneca សម្រាប់​មនុស្ស​អាយុ​លើសពី ៥៩​ឆ្នាំ ដូច្នេះ​គ្របដណ្តប់​លើ​មនុស្ស​ទូទៅ​។​

 

​សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា មកដល់ពេលនេះ កម្ពុជា​យើង ដំណើរ​ការចាក់​វ៉ាក់សាំង Sinopharm ដែលជា​ជំនួយ​របស់​ចិន បាន​ជាង ១២៥០០០​នាក់​ហើយ​។​

 

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ប្រកាសថា មកដល់ពេលនេះ យើង​ទទួលបាន​វ៉ាក់សាំង ២​ប្រភេទ​ហើយ គឺ Sinopharm ៦០​ម៉ឺន​ដូ​ស​របស់​ចិន ហើយ​នៅមុន​ចូលឆ្នាំ​ខ្មែរ ចិន​នឹង​ផ្តល់ ៤០​ម៉ឺន​ដូ​ស​ទៀត​។ សម្តេច​សង្ឃឹមថា នឹង​ទទួលបាន​ច្រើនជាង​នេះ​។ ទី​២ គឺ​វ៉ាក់សាំង AstraZeneca ដែលជា​ជំនួយ​របស់​អង្គការ​សុខភាព​ពិភពលោក ចំនួន ៣២៤០០០​ដូ​ស​៕​

សម្រេច​ឱ្យ​ចាក់​វ៉ាក់សាំង AstraZeneca ជូន​ពលរដ្ឋ​ខ្មែរ មាន​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ​

PLB Banner on article detail

អត្ថបទពេញនិយម