ឆ្នាំ​២០២០ មាន​យានយន្ដ​ចុះបញ្ជី​ក្រសួង ជាង​៤០​ម៉ឺន​គ្រឿង

ថ្ងៃពុធ 3 មីនា 2021, 8:49

​តាម​របាយការណ៍ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា នៅ​ឆ្នាំ​២០២០ មាន​យានយន្ដ​ចំនួន​៤៥៦,៥៧៤​គ្រឿង ក្នុងនោះ មាន​រថយន្ដ​ធុន​ស្រាល ចំនួន​៧០,៦៣១​គ្រឿង​, រថយន្ដ​ធុន​ធ្ងន់ ចំនួន​១៥,៣៤២​គ្រឿង និង​ម៉ូតូ ចំនួន​៣៧០,៦០១​គ្រឿង បានមក​ចុះបញ្ជី​យានយន្ដ (​ធ្វើ​ផ្លាកលេខ​)​។​

 

​បើ​គិតពី​ឆ្នាំ​២០១៦-២០២០ មាន​យានយន្ដ​សរុប ចំនួន​២,៦៥០,១០៧​គ្រឿង បាន​ចុះបញ្ជី ក្នុងនោះ​មាន​រថយន្ដ​ធុន​ស្រាល ចំនួន​៣១៨,៣៤៥​គ្រឿង​, រថយន្ដ​ធុន​ធ្ងន់ ចំនួន​៧១,៤៦៩​គ្រឿង និង​ម៉ូតូ ចំនួន​២,២៦០,២៩៣​គ្រឿង​។ នេះ​បើតាម​ក្រសួង​សាធារណការ​។​

 

​ដោយឡែក​ការចេញ​ប័ណ្ណបើកបរ​យានយន្ដ នៅក្នុង​ឆ្នាំ​២០២០ សរុប​ចំនួន​២៤២,៣០២​គ្រឿង ក្នុងនោះ មាន​រថយន្ដ ចំនួន​១៥៤,៩៦៨​គ្រឿង និង​ម៉ូតូ ចំនួន​១៤,២៦១​គ្រឿង​។ ចំពោះ​ការត្រួតពិនិត្យ​លក្ខណៈ បច្ចេកទេស​យានជំនិះ នៅ​ឆ្នាំ​២០២០ ក្រសួង​សាធារណការ បានធ្វើការ​ត្រួតពិនិត្យ សរុប​ចំនួន​៣៩៧,៧៤៦​គ្រឿង​។​

 

​សូមជម្រាបថា នៅ​ខែកុម្ភៈ ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​អនុក្រឹត្យ​សម្រេច​កែសម្រួល​អត្រា​អាករ​ពិសេស លើ​មុខទំនិញ​រថយន្ត​មួយចំនួន​។ ការកែសម្រួល​បញ្ចុះ​អត្រា​អាករ​ពិសេស លើ​មុខទំនិញ​រថយន្ត​មួយចំនួន​នេះ នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​តទៅ​។

 

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រំពឹងថា ការកែសម្រួល​បញ្ចុះ​អត្រា​អាករ​ពិសេស​នេះ អាច​នឹង​ទាក់ទាញ​តម្រូវការ​ប្រើប្រាស់​រថយន្ត​កើនឡើង លើស​ឆ្នាំ​២០២០ ដែល​នាំ​ឲ្យ​ចំណូល​ពន្ធអាករ​កើនឡើង​ផងដែរ​៕​

ឆ្នាំ​២០២០ មាន​យានយន្ដ​ចុះបញ្ជី​ក្រសួង ជាង​៤០​ម៉ឺន​គ្រឿង

PLB Banner on article detail