សម្តេច​តេ​ជោ ហ៊ុន សែន គ្រោង​នឹង​អញ្ជើញ​ចាក់​វ៉ាក់សាំង AstraZeneca នៅ​ថ្ងៃទី​០៤ មីនា ឆ្នាំ​២០២១

ថ្ងៃច័ន្ទ 1 មីនា 2021, 8:52

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាសថា សម្តេច​គ្រោង​នឹង​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ របស់ AstraZeneca នៅ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ នា​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ ខណៈ​កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​១៩ របស់​ក្រុមហ៊ុន AstraZeneca ពី​អង្គការ​សុខភាព​ពិភពលោក នៅ​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១ ខាងមុខនេះ​។​

 

​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​តាម​បណ្តាញ​សង្គម Facebook ផ្លូវការ​របស់​សម្តេច​យ៉ាង​ដូច្នេះ​ថា​៖

 

«​បងប្អូន​ជនរួមជាតិ​ជាទី​គោ​ព​ស្រឡាញ់​! ដូចដែល​ក្រសួងសុខាភិបាល​បានប្រកាស​ជូនដំណឹង​រួចមកហើយ​ថា កម្ពុជា​នឹង​ទទួលបាន​វ៉ាក់សាំង​ឈ្មោះ អា​ស្ត្រា​ហ្សេ​នី​កា​(AstraZeneca)​ដែល​ផលិត​នៅ​ឥណ្ឌា​ចំនួន ៣២៤,០០០​ដូ​ស ក្នុងចំណោម​១,១០៤,០០០​ដូ​ស ដែល​កម្ពុជា​ត្រូវ​បានទទួល​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២១ ដែលជា​ជំនួយ​បឋម​ផ្តល់​ដោយ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility)​។​

 

​ប្រសិនបើ​ពុំមាន​ការប្រែប្រួល​ទេ វ៉ាក់សាំង​នេះ​នឹង​មកដល់​កម្ពុជា​នៅ​ម៉ោង​១៩:៥០​ល្ងាច ថ្ងៃទី​២ មីនា​២០២១​។ ឯកឧត្តម ម៉ម ប៊ុនហេង នឹង​តំណាងអោយ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលយក​វ៉ាក់សាំង​នេះ​ពី​តំណាង​អង្គការ​សុខភាព​ពិភពលោក និង​តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​នៅ​យប់​ថ្ងៃទី​២ មីនា​២០២១ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

 

​នេះ​ជា​ផ្លែផ្កា​នៃ​កិច្ចសហការ​អន្តរជាតិ​ដែល​កម្ពុជា​បានធ្វើ​ជាមួយ​ដៃគូ​ពហុភាគី​ជាមួយ​អង្គការសហប្រជាជាតិ ជាពិសេស​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​យូ​នី​សេ​ហ្វ​។ តាម​គំរោង​កូ​វ៉ា​ក់​នឹង​ផ្តល់អោយ​យើង​ចំនួន ២០​ភាគរយ នៃ​ចំនួន​ប្រជាជន​១៦​លាន​នាក់ ដែល​ស្មើនឹង​៣​លាន​២​សែន​នាក់ ឬ​ស្មើនឹង​វ៉ាក់សាំង​ចំនួន ៦​លាន​៤​សែន​ដូ​ស​។​

 

​កម្ពុជា​សូម​អរគុណ​ចំពោះ​ប្រទេស​នានា ក្រុមហ៊ុន និង សប្បុរសជន​នៅលើ​សកលលោក​ដែល​បានផ្តល់​ជំនួយ​ដល់​យើង​តាមរយៈ​កូ​វ៉ា​ក់​។​

 

​ខ្ញុំ​សូម​ជំរាប​បន្ថែមថា ប្រសិនបើ​ពុំមាន​ការប្រែប្រួល​ទេ ខ្ញុំ​នឹង​ទទួល​ចាក់​វ៉ាក់សាំង​នៅ​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី ៤ មីនា ២០២១ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដោយមាន​ការធ្វើ​សន្និសីទ​សារព័ត៌មាន​ផងដែរ​»​។​

 

​គួរ​បញ្ជាក់ថា ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ដោយមាន​ការអនុញ្ញាត​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នោះ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​-​ទទួល នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅពេល​វ៉ាក់សាំង​នេះ​មកដល់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដោយមាន​ការប្រគល់​ពី​សំណាក់ លោកស្រី​វេជ្ជបណ្ឌិត លី អាយ​លែ​ន (Mrs. Dr. Li Ailan) តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​លោកស្រី Ms. Foroogh Foyouzat តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា ដែល​ពិធី​នេះ ក៏​នឹងមាន​វត្តមាន​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងសុខាភិបាល អង្គការ​សុខភាព​ពិភពលោក និង​យូ​នី​សេ​ហ្វ​ផងដែរ​៕


សម្តេច​តេ​ជោ ហ៊ុន សែន គ្រោង​នឹង​អញ្ជើញ​ចាក់​វ៉ាក់សាំង AstraZeneca នៅ​ថ្ងៃទី​០៤ មីនា ឆ្នាំ​២០២១

PLB Banner on article detail

អត្ថបទពេញនិយម