ដំណើរការ​សាង​សង់ព​ន្ធ​នាគារ​ថ្មី នៅ​ខេត្តកំពង់ឆ្នាំង ត្រូវបាន​ពន្យារពេល ដោយសារ​វិបត្តិ​កូ​វីដ ១៩

ថ្ងៃសុក្រ 26 កុម្ភៈ 2021, 8:45

​ការសាងសង់​ពន្ធនាគា​រ​ថ្មី​លើ​ផ្ទៃដី​ទំហំ ១០ ហិកតា ស្ថិតនៅ​ភូមិ​ត្រពាំង​តា​សុខ ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀ ត្រូវបាន​ពន្យារពេល​ប​ណ្ដោះ​អាសន្ន ព្រោះ​ប្រឈម​នឹង​វិបត្ដិ​កូ​វីដ ១៩​។ ពន្ធនាគារ​ថ្មី​នេះ អាចដាក់​ជន​ជាប់ឃុំ​បាន​ប្រមាណ ២ ពាន់​នាក់ ហើយ​ដែល​គ្រោង​បញ្ចប់​ការសាងសង់​ក្នុងឆ្នាំនេះ​។ នេះ​បើតាម លោក នុត សវ​នា អ្នកនាំពាក្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​។​

 

​លោក នុត សវ​នា បានបញ្ជាក់​នៅថ្ងៃនេះ​ថា ការស្ថាបនា​ពន្ធនាគារ​ថ្មី​នេះ គឺជា​ការ​ផ្គួ​ច​ផ្ដើមឡើង​ដោយ​រដ្ឋបាល​ខេត្ដ​កំពង់ឆ្នាំង តាមរយៈ​ការដោះដូរ​ទីតាំង​ចាស់​មាន​ទំហំ ១ ហិកតា ដែលមាន​ភាព​តូចចង្អៀត ស្ថិតនៅ​សង្កាត់​ប្អេ​រ​ក្នុង​ក្រុង​កំពង់ឆ្នាំង ប្តូរ​ទៅ​ទីតាំង​ថ្មី​លើ​ផ្ទៃដី ១០ ហិកតា រួម​នឹង​ការសាងសង់​សំណង់​អគារ​ផ្សេងៗ​ជាមួយ​ក្រុមហ៊ុន​ឯកជន​។​

 

​លោក​បញ្ជាក់ថា​៖ «​តាម​គម្រោង គឺ​យើង​នឹង​បញ្ចប់​ការសាងស់ង​នៅក្នុង​ឆ្នាំនេះ​។ ប៉ុន្ដែ​ព្រោះតែ​បញ្ហា​កូ​វីដ ១៩ ភាគី​ក្រុមហ៊ុន​បាន​ជួបនឹង​បញ្ហា​ថវិកា ទើប​ស្នើសុំ​ពន្យារពេល​រយៈពេល ៦ ខែ ចាប់តាំងពី​ពាក់កណ្ដាល​ខែវិច្ឆិកា​ឆ្នាំមុន​មក​»​។​

 

​លោក សវ​នា បានឱ្យដឹងថា ទីតាំង​ពន្ធនាគារ​ថ្មី​នេះ អាចដាក់​ជន​ជាប់ឃុំ​បាន​ប្រមាណ ២ ពាន់​នាក់ និង​អាច​ទទួលយក​ជន​ជាប់ឃុំ​ពី​ពន្ធនាគារ នៃ​ខេត្ដ​ផ្សេងទៀត​បាន​ផងដែរ​។ ចំណែក​ទីតាំង​ផ្ទៃដី​ក៏​អាច​សាងសង់​អគារ​បន្ថែមទៀត​បានដែ​រ​។​

 

​គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ក្នុងចំណោម​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ទូទាំងប្រទេស​ជាង ៣៩ ០០០ នាក់ មាន​អ្នក​ជាប់ឃុំ​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ជាង ២២ ០០០ នាក់ ស្មើនឹង​ជាង ៥៨ ភាគរយ​។ នេះ​បើតាម​ការឱ្យ​ដឹង​
​ពី​លោក ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​៕​

ដំណើរការ​សាង​សង់ព​ន្ធ​នាគារ​ថ្មី នៅ​ខេត្តកំពង់ឆ្នាំង ត្រូវបាន​ពន្យារពេល ដោយសារ​វិបត្តិ​កូ​វីដ ១៩
ដំណើរការ​សាង​សង់ព​ន្ធ​នាគារ​ថ្មី នៅ​ខេត្តកំពង់ឆ្នាំង ត្រូវបាន​ពន្យារពេល ដោយសារ​វិបត្តិ​កូ​វីដ ១៩
ដំណើរការ​សាង​សង់ព​ន្ធ​នាគារ​ថ្មី នៅ​ខេត្តកំពង់ឆ្នាំង ត្រូវបាន​ពន្យារពេល ដោយសារ​វិបត្តិ​កូ​វីដ ១៩

PLB Banner on article detail