សម្ដេច​តេ​ជោ​សម្រេច​ឱ្យ​បណ្ដេញ​ជនបរទេស​គេចវេះ និង​មិន​សហការ​ធ្វើ​ច​ត្តា​ឡី​ស័ក ចេញពី​កម្ពុជា​

ថ្ងៃអង្គារ 23 កុម្ភៈ 2021, 8:33

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានសម្រេច​ឱ្យ​បណ្តេញ​ចេញពី​កម្ពុជា និង​លែងឱ្យ​ត្រឡប់​ចូលមក​វិញ ចំពោះ​ជនបរទេស​ទាំងឡាយណា ដែល​គេចវេះ និង​មិន​ចូលរួម​សហការ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

 

​ការសម្រេច​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បានធ្វើ​ឡើង​តាម​សំណើ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នរគ​បាល​ជាតិ និង​ជា​អនុគណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា​មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​។​

 

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា តាមរយៈ​សំណើ​ទៅកាន់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បាន​គូសបញ្ជាក់ថា ក្នុង​ព្រឹត្តិការណ៍​សហគមន៍ «៣​វិច្ឆិកា​», «២៨​វិច្ឆិកា​» និង «២០​កុម្ភៈ​» អនុគណៈកម្មការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​សង្ស័យថា មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩ តែងតែ​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​មួយចំនួន​ក្នុង​ប្រតិបត្តិការ​របស់ខ្លួន​។ ក្នុងនោះ​មាន​បញ្ហា​បុគ្គល​ជាប់​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩ មិន​ព្រម​សហការ​ផ្តល់​ការសម្ភាសន៍ ផ្តាច់ទំនាក់ទំនង និង​ករណី​រត់គេច​មិន​ព្រមធ្វើ​ច​ត្តា​ឡី​ស័ក​ជាដើម​។​

 

​បន្ថែម​ពីលើ​ទីតាំង​ពាក់ព័ន្ធ​មិន​សហការ​ចំពោះ​កិច្ចប្រតិបត្តិការ​ស្រាវជ្រាវ និង​តាមដាន​បុគ្គល​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើឱ្យ​ប្រតិបត្តិការ​មាន​ភាពយឺតយ៉ាវ និង​ខ្វះចន្លោះ​។​

 

​ក្នុង​លិខិត​នេះ​លោក ឌី វិជ្ជា បានស្នើ​សម្តេច​តេ​ជោ ហ៊ុន សែន អនុវត្តន៍​នូវ​វិធានការ​ចំនួន​៣ ចំពោះ​ជន​មិន​សហការ​ទាំងនេះ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ក្នុង​សហគមន៍​។ វិធានការ​ទាំង ៣​ចំណុច​នោះ​រួមមាន​៖​ចំពោះ​ជនបរទេស បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា និង​ហាម​ចូល​ប្រទេស​ជាថ្មី​, ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ជនជាតិខ្មែរ និង​សម្រាប់​ម្ចាស់​ទីតាំង សូម​ដកហូត​អាជ្ញាប័ណ្ណ និង​បិទ​អាជីវកម្ម​ក្នុង​ទីតាំង​។​

​សំណើ​វិធានការ​ទាំង​៣​ចំណុច​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ចារ​យល់ព្រម​រួចរាល់​ហើយ​នៅ​ថ្ងៃ​ដដែល​នេះ​។

 

​សូមបញ្ជាក់ថា សំណើ​ចាត់វិធានការ​តឹងរឹង​លើ​ជនបរទេស​នេះ បាន​កើតមាន​ចំពេល​កម្ពុជា​កំពុង​ផ្ទុះ​នូវ​ការឆ្លង​ក្នុង​សហគមន៍​ធ្ងន់ធ្ងរ​។ អ្នក​ដែល​រកឃើញ​កើតមាន​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ជាថ្មី​នេះ ភាគច្រើន​ជា​ជនបរទេស​៕

សម្ដេច​តេ​ជោ​សម្រេច​ឱ្យ​បណ្ដេញ​ជនបរទេស​គេចវេះ និង​មិន​សហការ​ធ្វើ​ច​ត្តា​ឡី​ស័ក ចេញពី​កម្ពុជា​

PLB Banner on article detail