អគ្គស្នងការ​នគរបាល​ជាតិ ចេញ​បញ្ជា​ឲ្យ​បណ្ដា​ស្នងការ​ខេត្ត ស្រាវជ្រាវ​រក​មេខ្យល់​នាំ​ពលករ​ចូល​ស្រុក​

ថ្ងៃច័ន្ទ 15 កុម្ភៈ 2021, 9:46

 

​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានដាក់​បទបញ្ជា​ដល់​ស្នងការ​នគរបាល​ខេត្ត ដែល​ទទួលបាន​ពលក​រ​ត្រឡប់​មកពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម ដែល​បាន​ចូល​មកដល់​ក្នុងប្រទេស​ហើយ ពុំបាន​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ព្រំដែន ត្រូវ​ស្រាវជ្រាវ​សាកសួរ​ពួកគាត់​ភ្លាមៗ ដើម្បី​ចង់ដឹងថា​តើ​ពួកគាត់​ចូល​តាម​ច្រក​ណា និង​នរណា​ជា​មេខ្យល់​។​

​ឯកឧត្ដម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​បណ្ដា​ស្នងការ​ខេត្ត នៅក្នុង​ផ្ទៃក្នុង​ប្រទេស មាន​ករណី​ខេត្ត​ណាខ្លះ ដែល​ទទួល​ពលករ​ម​ក​ពី​ថៃ​ក្ដី មកពី​វៀត​ណា​ក្ដី ដែល​ចូល​មកហើយ នៅតាម​ព្រំដែន​អត់​បាន​ឃាត់​ធ្វើ​ច​ត្តា​ឡី​ស័ក មកដល់​ផ្ទៃក្នុង​ប្រទេស ស្នងការ​ខេត្ត​គឺថា ឲ្យ​កម្លាំង​ស្រាវជ្រាវ​សួរ​ភ្លាម គាត់​មក​តាមផ្លូវ​ណា តាម​ប៉ុស្ដិ៍​ណា នរណា​ជូន អ្នកណា​មេខ្យល់ រក​ឲ្យ​ឃើញ ដើម្បី​បើក​ការស្រាវជ្រាវ តាម​គោលការណ៍​ប្រមុខ​រាជរដ្ឋាភិបាល ត្រូវ​រក​អ្នក​នាំមក​ឲ្យ​បាន ដើម្បី​ទប់ស្កាត់​ការនាំ​ចូល​កូ​វីដ​-១៩ ពី​ខាងក្រៅ​ចូលក្នុង ត្រូវ​យកចិត្តទុកដាក់​អនុវត្តបាន​ម៉ឺងម៉ាត់​ភ្លាម គ្រប់​ស្នងការ​ខេត្ត​ធ្វើ​ផ្ទាល់​»​។​

​ការចេញ​បទបញ្ជា​ជាថ្មី​នេះ បន្ទាប់ពី​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ទទួលបាន​ព័ត៌មាន​ថា មាន​ពលករ​មកពី​ប្រទេស​ថៃ ក៏ប៉ុន្តែ​បែរ​ពួកគាត់​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅឯ​ខេត្តតាកែវ​វិញ​៕​

អគ្គស្នងការ​នគរបាល​ជាតិ ចេញ​បញ្ជា​ឲ្យ​បណ្ដា​ស្នងការ​ខេត្ត ស្រាវជ្រាវ​រក​មេខ្យល់​នាំ​ពលករ​ចូល​ស្រុក​

PLB Banner on article detail