កម្ពុជា រឹតបណ្តឹង​ការនាំ​ចូល​ជ្រូក​ពី​ក្រៅប្រទេស ក្រោយ​រកឃើញ​ជំងឺប៉េស្ត​

ថ្ងៃច័ន្ទ 15 កុម្ភៈ 2021, 8:33

​មន្ត្រី​ជំនាញ​ក្រសួងកសិកម្ម​កំពុង​រឹតបន្តឹង និង​ត្រួតពិនិត្យ​ការ​នាំចូល​ជ្រូក​ខុសច្បាប់​មកពី​ក្រៅប្រទេស ក្រោយពី​សត្វ​ជ្រូក ៣០ ក្បាល ត្រូវបាន​នាំចូល​មកពី​ប្រទេស​ថៃ ដោយ​ខុសច្បាប់ និង​រកឃើញ​មាន​ជំងឺប៉េស្ត​ជ្រូក កាលពី​ចុង​សប្តាហ៍​ដែល​នឹងត្រូវ​កម្ទេចចោល​នៅ​ថ្ងៃ​សុក្រ​នេះ​។​

 

​សេចក្តីប្រកាស​ព័ត៌មាន​ពីថ្ងៃ​ទី ១០ កុម្ភៈ ឱ្យដឹងថា អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចាត់តាំង​ក្រុមការងារ​ចុះ​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ផលិតកម្ម និង​បសុព្យាបាល​តាម​បណ្តា​រាជធានី​-​ខេត្ត ដើម្បី​ពិនិត្យ និង​បង្ក្រាប​បទល្មើស​ចលនា​សត្វ​ខុសច្បាប់​។ នៅ​ថ្ងៃទី ៧ កុម្ភៈ មន្ត្រី​ជំនាញ​ចាប់បាន​ជ្រូក ៣០ ក្បាល​នាំចូល​មកពី​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ហើយ​បាន​យក​សំណាក​ឈាមជ្រូក​ទៅពិនិត្យ​ទើប​ឃើញថា មាន​ជំងឺប៉េស្ត​ជ្រូក​នៅ​ថ្ងៃទី ៩ ខែកុម្ភៈ​។​

 

​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹងថា ឈ្មួញ​តែង​រក​គ្រប់​វិធី​ដើម្បី​ធ្វើយ៉ាងណា​នាំមក​នូវ​ការ​ចំណេញ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ក៏​មិន​បណ្តោយ​ដែរ គឺ​នៅតែ​បន្តធ្វើ​ការងារ​តាម​តួនាទី​ដើម្បី​ការពារ​កុំ​ឱ្យមាន​ការនាំ​ជ្រូក​ដែលមាន​ជំងឺឆ្លង​ពី​ខាងក្រៅ ដែលនាំឱ្យ​មាន​ផលប៉ះពាល់​ដល់​ជីវភាព ពលរដ្ឋ ក៏ដូចជា​សេដ្ឋកិច្ចជាតិ​៕​

កម្ពុជា រឹតបណ្តឹង​ការនាំ​ចូល​ជ្រូក​ពី​ក្រៅប្រទេស ក្រោយ​រកឃើញ​ជំងឺប៉េស្ត​

PLB Banner on article detail