ត្រយង​យក្ស​ញី​មួយ​ក្បាល ត្រូវ​ជួយសង្គ្រោះ​ជីវិត​ពី​ការជាប់​អន្ទាក់​របស់​ព្រានព្រៃ​

ថ្ងៃច័ន្ទ 8 កុម្ភៈ 2021, 11:42

​សត្វ​ត្រយង​ញី​មួយ​ក្បាល ដែលជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក ត្រូវ​ជួយសង្គ្រោះ​ជីវិត​ពី​ការជាប់​អន្ទាក់​របស់​ព្រានព្រៃ នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ភូមិសាស្ត្រ​ខេត្តរតនគិរី​។ នេះ​ជាការ​ឱ្យដឹង​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។​

 

​កាលពី​ខែមករា​កន្លងទៅ ក្រុមមន្ត្រី​អភិរក្ស​បាន​រកឃើញ​សំបុក​សត្វ​ត្រយង​ចង្កំ​.​ក​.​ស ដែលជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ចំនួន​៥​សំបុក នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ខេត្តរតនគិរី ដែលជា​សញ្ញា​បញ្ជាក់​ពី​វត្តមាន​សត្វ​ស្លាប​ដ៏​កម្រ​របស់​កម្ពុជា មាន​ឡើងវិញ​។​

 

​រដ្ឋលេខាធិការ​បានឱ្យ​ដឹងថា បច្ចុប្បន្ន​សត្វ​ត្រយង​យក្ស ដែល​ត្រូវបាន​ជួយសង្គ្រោះ​នេះ ត្រូវបាន​ប្រគល់ជូន​មន្ត្រី​ជំនាញ​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​ប្រចាំ​កម្ពុជា ដោយ​សហការ​ជាមួយ​អង្គការ ACCB ដើម្បី​ជួយ​មើលថែរក្សា និង​ព្យាបាល​ស្នាមរបួស​ដែល​ជាប់អន្ទាក់​។​

 

​លោក នេត្រ ភក្ត្រា បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ប្រទេស​កម្ពុជា គឺជា​ទីជម្រក​ដ៏​ធំ​តែមួយគត់ នៅលើ​ពិភពលោក​សម្រាប់​សត្វ​ត្រយង​យក្ស និង​សត្វ​ត្រយង​ចង្កំ​.​ក​.​ស ដែលជា​ប្រភេទ​សត្វ​ដែល​រងគ្រោះ​បំផុត​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​។ កម្ពុ​ជាមាន​មោទនភាព​ដែលមាន​សត្វ​កម្រ​នេះ ហើយ​ចាំបាច់ យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​ការពារ និង​អភិរក្ស​សត្វ​ដ៏​កម្រ​ប្រភេទ​នេះ ឱ្យបាន​គង់វង្ស​ស្ថិតស្ថេរ​សម្រាប់​មនុស្ស​រា​ប់​ជំនាន់​ទៅមុខទៀត ដើម្បី​ផលប្រយោជន៍​នៃ​ជីវៈចម្រុះ​ពិភពលោក​ទាំងមូល​»​។

 

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​លើកឡើងថា យោងតាម​ការ​ជំរឿន​សត្វ​ត្រយង​របស់​អង្គការ​ដៃគូ​នានា របស់​ក្រសួងបរិស្ថាន ត្រយង​យក្ស​ដែលជា​សត្វ​រងគ្រោះ​បំផុត នៅលើ​ពិភពលោក​មាន​ចំនួន​ប្រមាណ​៣០០​ក្បាល ស្មើនឹង​៩៩% នៃ​សត្វ​ត្រយង​យក្ស​របស់​ពិភពលោក ក្នុងនោះ​សត្វ​ត្រយង​យក្ស​ពេញវ័យ​មាន​ក្រោម ២០០​ក្បាល​។ ចំណែក​សត្វ​ត្រយង​ចង្កំ​.​ក​.​ស មាន​ចំនួន​ជិត ៦០០​ក្បាល ស្មើនឹង​ប្រមាណ​៩៥% នៃ​សត្វ​ត្រយង​ចង្កំ​.​ក​.​ស នៅលើ​ពិភពលោក​។​

 

​ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា នៅ​ឆ្នាំ​២០០៥ សត្វ​ត្រយង​យក្ស​ត្រូវ​បានកំណត់ ដោយ​ព្រះរាជក្រឹត្យ​ជា​សត្វ​ស្លាប​និមិត្តសញ្ញា​ជាតិ របស់​ប្រទេស​កម្ពុជា​។ សត្វ​ត្រយង​យក្ស​ជា​សត្វ​រងគ្រោះ​បំផុត​ជិត​ផុត​ពូជ ហើយ​សត្វ​នេះ​ត្រូវបាន​ការពារ​ដោយ​ច្បាប់ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ហេតុដូច្នេះ ហើយ​បានជា​រាជរដ្ឋាភិបាល​កម្ពុជា យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ការពារ និង​អភិរក្ស​សត្វ​ត្រយង​ក្ស និង​ស្វត​ត្រយង​ចង្កំ​.​ក​.​ស​នេះ ដោយ​ប្រុងប្រយ័ត្ន​បំផុត​។​

 

​បើតាម​ការឱ្យ​ដឹង​រប​ស់​អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ​ជាច្រើន ក្នុងនោះ​អង្គការ​សមាគម​សង្គ្រោះ​សត្វព្រៃ WCS បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​កិច្ចការពារ និង​អភិរក្ស​សត្វ​ត្រយង​យក្ស និង​សត្វ​ត្រយង​ចង្កំ​.​ក​.​ស​នេះ តាមរយៈ​ការអនុវត្ត​គម្រោង​ស្រូវ​សត្វ​ត្រយង ដែល​មិន​ត្រឹមតែ​ធានា​ដល់​ការផលិត ស្រូវ​សម្រាប់​ប្រើប្រាស់​ផ្គត់ផ្គង់ ក្នុង​គ្រួសារ​របស់​ប្រជាពលរដ្ឋ​ទេ ប៉ុន្តែ ធានាបាន​និរន្តរភាព​សម្រាប់​ការប្រើប្រាស់​ខ្សែសង្វាក់​ផ្គត់ផ្គង់ ដើម្បី​គាំទ្រ​ការអភិរក្ស ការពារ​សត្វព្រៃ ព្រៃឈើ និង​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

 

​លោក នេត្រ ភក្ត្រា បាន​ថ្លែងថា ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការងារ​គ្រប់គ្រង និង​អភិរក្ស​ធនធានធម្មជាតិ និង​ជីវៈចម្រុះ សត្វព្រៃ​គ្រប់​ប្រភេទ ក្រសួងបរិស្ថាន​បានរៀបចំ​គោលនយោបាយ និង​ផែនការ​សកម្មភាព​លើ​ការបង្កើត​សេដ្ឋកិច្ច​មូលដ្ឋាន របស់​សហគមន៍​តំបន់ការពារធម្មជាតិ ដែល​ស្ថិតនៅក្នុង និង​នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ​ឱ្យមាន​ជីវភាព​ធូរធារ​។​

 

​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​រូបនេះ បាន​សង្កត់ធ្ងន់ថា «​ទន្ទឹមនឹង​គ្នា​នេះ សមត្ថកិច្ច​នឹង​ពង្រឹង​ការអនុវត្ត​ច្បាប់ តឹងរឹង​បំផុត​ដើម្បី​ការពារ និង​អភិរក្ស​សត្វ​ត្រយង​យក្ស និង​សត្វ​ត្រ​យ៉ង​ចង្កំ​កស​ដើម្បី​ជា​ផលប្រយោជន៍ សម្រាប់​ជីវៈចម្រុះ​ផង និង​សម្រាប់​ការទាក់ទាញ​ភ្ញៀវទេសចរ​ផង​»​។​

 

​លោក នេត្រ ភក្ត្រា បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ទិសដៅ​ធ្វើយ៉ាងណា​ឱ្យ​សហគមន៍​មាន​ចំណូល​បន្ថែម និង​បង្កើត​ជម្រើស​ថ្មី សម្រាប់​ការប្រកបមុខរបរ​ចិញ្ចឹមជីវិត ដើម្បី​កាត់ផ្តាច់​ពី​ការពឹង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ ដែលជា​ទម្លាប់​មាន​ពី​យូរលង់​ណាស់​មកហើយ របស់​ប្រជាពលរដ្ឋ នៅតាម​សហគមន៍​មូលដ្ឋាន ដោយ​បង្កើត​មុខរបរ​ថ្មី​បម្រើឱ្យ​វិស័យ​អេកូ​ទេសចរណ៍ ព្រមទាំង​ការបណ្តុះបណ្តាល​សហគម​ន៍ ឱ្យ​ចេះ​គ្រប់គ្រង និង​ការ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ទីផ្សារ ការដាំ​ដំណាំ​កសិកម្ម និង​ដំណាំ​រួមផ្សំ​ផ្សេងទៀត​មាន​បន្លែបង្កា សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ខ្លួនឯង​ផង និង​សម្រាប់​បម្រើសេវា​កម្ម​ដល់​ភ្ញៀវទេសចរ ដែល​ទៅ​ទស្សនា​កម្សាន្ត នៅក្នុង​តំបន់​សហគមន៍​របស់​ពលរដ្ឋ​ផងដែរ​៕
 

ត្រយង​យក្ស​ញី​មួយ​ក្បាល ត្រូវ​ជួយសង្គ្រោះ​ជីវិត​ពី​ការជាប់​អន្ទាក់​របស់​ព្រានព្រៃ​
ត្រយង​យក្ស​ញី​មួយ​ក្បាល ត្រូវ​ជួយសង្គ្រោះ​ជីវិត​ពី​ការជាប់​អន្ទាក់​របស់​ព្រានព្រៃ​
ត្រយង​យក្ស​ញី​មួយ​ក្បាល ត្រូវ​ជួយសង្គ្រោះ​ជីវិត​ពី​ការជាប់​អន្ទាក់​របស់​ព្រានព្រៃ​
ត្រយង​យក្ស​ញី​មួយ​ក្បាល ត្រូវ​ជួយសង្គ្រោះ​ជីវិត​ពី​ការជាប់​អន្ទាក់​របស់​ព្រានព្រៃ​
ត្រយង​យក្ស​ញី​មួយ​ក្បាល ត្រូវ​ជួយសង្គ្រោះ​ជីវិត​ពី​ការជាប់​អន្ទាក់​របស់​ព្រានព្រៃ​
ត្រយង​យក្ស​ញី​មួយ​ក្បាល ត្រូវ​ជួយសង្គ្រោះ​ជីវិត​ពី​ការជាប់​អន្ទាក់​របស់​ព្រានព្រៃ​
ត្រយង​យក្ស​ញី​មួយ​ក្បាល ត្រូវ​ជួយសង្គ្រោះ​ជីវិត​ពី​ការជាប់​អន្ទាក់​របស់​ព្រានព្រៃ​
ត្រយង​យក្ស​ញី​មួយ​ក្បាល ត្រូវ​ជួយសង្គ្រោះ​ជីវិត​ពី​ការជាប់​អន្ទាក់​របស់​ព្រានព្រៃ​

PLB Banner on article detail