ថៃ​ខាតបង់​សេដ្ឋកិច្ច​រាប់ពាន់​លាន ពី​ការធ្វើ​រដ្ឋប្រហារ នៅ​ភូមា​

ថ្ងៃពុធ 3 កុម្ភៈ 2021, 10:14

​ក្រោយពេល​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា (​ភូមា​) ធ្វើ​រដ្ឋប្រហារ​ចាប់​ឃាត់ខ្លួន​លោកស្រី អ៊ុង សាន់​ស៊ូ​ជី និង​មេដឹកនាំ​កំពូល​នោះមក ឥទ្ធិពល​នយោបាយ​ខាងលើនេះ បានធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ អាច​នឹងត្រូវ​ខាតបង់ គិត​ជា​ទឹកប្រាក់​២​ពាន់​លាន​បាត ឬ​ស្មើនឹង​ប្រហែល​៦៦,៨​លាន​ដុល្លារ​អាមេរិក ក្នុង​១​ខែៗ​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន The Phuket News កាលពី​រសៀល ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១​។​

 

​លោក Aat Pisanwanich អគ្គនាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ពាណិជ្ជកម្ម​អន្តរជាតិ មកពី​មហាវិទ្យាល័យ​ពាណិជ្ជកម្ម​ថៃ បាន​ឲ្យ​ដឹងថា ការដឹកជញ្ជូន​ទំនិញ​ឆ្លង​ព្រំដែន រវាង​ថៃ និង​មី​យ៉ាន់​ម៉ា នឹង​ជួប​បញ្ហា​ជាច្រើន ដោយសារតែ​ការត្រួតពិនិត្យ​យ៉ាង​តឹងតែង​ពី​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា ។ ដូច្នេះ​បញ្ហា​វិបត្ដិនយោបាយ​នៅ​ប្រទេសជិតខាង​មួយ​នេះ នឹងធ្វើ​ឲ្យ​ថៃ​ខាតបង់ ប្រាក់ចំណូល​គិត​ជា​ទឹកប្រាក់​៥០​លាន​បាត (​លុយ​ថៃ​)​ក្នុង​មួយថ្ងៃៗ​។ ប៉ុន្ដែ​បើ​ស្ថានភាព​នយោបាយ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា នៅតែ​បន្ដទៀត​នោះ ថៃ​នឹង​ខាតបង់​ខាង​សេដ្ឋកិច្ច ក្នុងពេល​១​ខែ ប្រហែល​២​ពាន់​លាន​បាត (​ជាង ៦៦​លាន​ដុល្លារ​អាមេរិក​)​។​

 

​លោក Aat Pisanwanich បាន​បន្ថែមថា ទោះជា​យ៉ាងណា លោក​នៅតែមាន​សុទិដ្ឋិនិយម​ថា វិបត្ដិនយោបាយ នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា នឹង​វិលត្រឡប់​មករក​ភាពប្រក្រតី​វិញ​។ ដោយឡែក​សហគមន៍​អន្តរជាតិ រួមមាន សហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន និង បណ្តា​ប្រទេស​ជាច្រើន​ទៀត ក៏​មិន​នៅ​ស្ងៀម​ដែរ​។ ប្រទេស​ទាំងនោះ​នឹងដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ទៅលើ​រដ្ឋាភិបាលយោធា​រប​ស់​ប្រទេស​មី​យ៉ាន់​ម៉ា​។​

 

​លោក Aat Pisanwanich បាន​បញ្ជាក់ថា ប្រសិនបើ​បណ្ដា​ប្រទេស​ទាំងនោះ​ដាក់ទណ្ឌកម្ម អាច​នឹង​បង្ក​ឲ្យ​ស្ថានភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ កាន់តែ​អាក្រក់​ថែមទៀត ព្រោះ​មី​យ៉ាន់​ម៉ា ជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​បំផុត នៅក្នុង​តំបន់​។ ចំណែក​ក្រុម​អ្នកវិនិយោគ​កំពុងតែ​រង់ចាំ​មើល​អំពី​ស្ថានភាព​នយោបាយ ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាលយោធា​នោះ​ផងដែរ​។​

 

​ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ថៃ បានស្នើ​ដល់​មន្ត្រី​ជំនាញ​របស់ខ្លួន​វាយតម្លៃ​ជា​បន្ទាប់ អំពី​ផលប៉ះពាល់​ន​នានា នៅតាម​បណ្តោយ​ព្រំដែន រវាង​ប្រទេសជិតខាង​ទាំង​២​នេះ ដើម្បី​ស្វែងរក​មធ្យោបាយ​ដោះស្រាយ​ជាបន្ទាន់​៕​

ថៃ​ខាតបង់​សេដ្ឋកិច្ច​រាប់ពាន់​លាន ពី​ការធ្វើ​រដ្ឋប្រហារ នៅ​ភូមា​

PLB Banner on article detail

Tags

អត្ថបទពេញនិយម