គន្លឹះសំខាន់ៗ មិនត្រូវមើលរំលង មុនពេលចាប់ផ្ដើមសង់ផ្ទះ

ថ្ងៃពុធ 27 មករា 2021, 16:43

ផ្ទះជាកន្លែងផ្ដល់នូវសុខសុវត្ថិភាព សុភមង្គល និងភាពថ្លៃថ្នូរ។ មនុស្សជា​ច្រើនមានក្ដីស្រម៉ៃចង់រស់នៅក្នុងផ្ទះដែលល្អ និងប្រកបដោយផាសុខភាព។ ទោះបីយ៉ាងណា ការសាងសង់ផ្ទះក្នុងក្ដីស្រម៉ៃរបស់អ្នក គឺជាគម្រោងមួយ ដែលអ្នកគួតែយកចិត្តទុកដាក់តាំងពីពេលចាប់ផ្ដើម បើពុំដូច្នោះទេ អ្នកអាចនឹងមិនសប្បាយចិត្តនៅពេលដែលផ្ទះរបស់អ្នកត្រូវបានសាងសង់រួច។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗមួយចំនួន ដែលអ្នកមិនត្រូវមើលរំលង មុនពេលអ្នកចាប់ផ្ដើមសាងសង់ផ្ទះផ្ទាល់ខ្លួនរបស់អ្នក ៖

១.​ ការប៉ាន់តម្លៃ

វាជាចំណុចចាប់ផ្ដើមដ៏សំខាន់មួយ ក្នុងការដឹងថាអ្នកអាចចំណាយប្រាក់ទាំងអស់លើការសាងសង់ ឬអ្នកនឹងត្រូវការកម្ចីផ្នែកលំនៅដ្ឋានក្នុងចំនួនណាមួយ។ ដើម្បីប៉ាន់ប្រមាណតម្លៃឲ្យកាន់តែច្បាស់ អ្នកអាចបំបែកតម្លៃលើផ្នែកសំខាន់ៗ ដូចជា តម្លៃសម្រាប់ចំណាយលើគ្រឹះ គ្រោងផ្ទះ ប្រព័ន្ធទឹក លាបពណ៌ ដំបូល ។ល។

២. កំណត់ទីតាំងសមរម្យសម្រាប់ផ្ទះរបស់អ្នក

គ្រប់គ្នាតែងតែចង់រស់នៅក្នុងផ្ទះយូរអង្វែងរបស់ពួកគេក្នុងទីតាំង ដែលពួកគេងាយទទួលបានទាំងសេវាសាធារណៈ និងសេវាឯកជន ដូចជាសាលារៀន មន្ទីរពេទ្យ ប៉ុស្តិ៍ប៉ូលិស ។ល។ អ្នកក៏គួតែដឹងពីប្រភេទដីផងដែរ ថាតើផ្ទះរបស់អ្នកស្ថិតនៅលើប្រភេទដីខ្សាច់ ដីធម្មតា ដីឥដ្ឋ ឬប្រភេទដី ផ្សេងទៀត ដូច្នេះហើយ អ្នកអាចប្រាកដថាតើ គ្រឹះកម្រិតណា ដែលត្រូវនឹងប្រភេទដីនោះ ដើម្បីធានាភាពរឹងមាំនៃផ្ទះរបស់អ្នក។

៣. រចនាផ្ទះរបស់អ្នកដោយភាពឈ្លាសវៃ

ដើម្បីទទួលបានផ្ទះដែលមានស្តង់ដារមួយ អ្នកត្រូវប្រឹក្សាយោបល់ ឬធ្វើការជាមួយស្ថាបត្យករ វិស្វករ ឬក្រុមហ៊ុនសាងសង់ ដែលមានជំនាញ និងបទពិសោធន៍។ មនុស្សមួយចំនួនមិនចង់ចំណាយប្រាក់របស់ពួកគេទៅលើរឿងនេះទេ ប៉ុន្តែនៅពេលចុងក្រោយ ពួកគេបានបង្កើតកំហុសឆ្គងមួយចំនួនក្នុងការសាងសង់ ដោយសារតែពួកគេមិនមានជំនាញលើការងារនេះ។ អ្នកដែលមានជំនាញអាចប្រាប់អ្នកពីទីតាំងដែលគួដាក់បង្អួច វិធីសាស្រ្តធ្វើឲ្យគ្រឹះរឹងមាំ នឹងធ្វើឲ្យប្រព័ន្ធទឹកមានគុណភាពល្អ ហើយពួកគេអាចណែនាំថាតើផ្ទះរបស់អ្នកគួមានប្រភេទបន្ទប់បែបណាខ្លះ និងចំនួនប៉ុន្មាន សម្រាប់គ្រួសាររបស់អ្នក។

៤.​​ ជាងដែលអាចទុកចិត្តបាន

អ្នកនឹងមានទំនុកចិត្តនៅពេលដែលអ្នកអាចជួលជាងដែលមានជំនាញ និងបទពិសោធន៍ដែលអាចជឿជាក់បាន តាមរយៈការស្គាល់ជាងដោយខ្លួនឯង ឬតាមរយៈការណែនាំពីមិត្តភក្តិ ឬសាច់ញាតិ ដើម្បីគ្រប់គ្រងគម្រោងសាងសង់ផ្ទះរបស់អ្នក។ ពួកគេនឹងធានាថាគ្រប់យ៉ាងអាចដំណើរការបានរលូន តាមការគ្រោងទុក ហើយពួកគេអាចផ្ដល់ប្រឹក្សាល្អៗ ដល់អ្នកលើការសាងសង់តាំងពីដំបូងរហូតដល់បញ្ចប់។

៥. កាលវិភាគជាក់លាក់

អ្នកត្រូវតែមានកាលវិភាគសាងសង់ជាក់លាក់ ដែលមានការឯកភាពជាមួយជាង ដូច្នោះហើយអ្នកនឹងអាចទទួលបានផ្ទះថ្មីរបស់អ្នកតាមពេលកំណត់។ កាលវិភាគជួយអ្នកក្នុងការតាមដាន និងផ្ទៀងផ្ទាត់ល្បឿននៃការសាងសង់។ ឧទាហរណ៍ អ្នកបានធ្វើផែនការថានឹងសាងសង់ផ្ទះរបស់អ្នកឲ្យរួចរាល់ក្នុងរដូវក្ដៅ។ ទោះបីយ៉ាងណា ប្រសិនបើអ្នកមិនមានតារាងកាលវិភាគច្បាស់លាស់នោះទេ ការសាងសង់អាចបន្តដល់រដូវភ្លៀង ហើយពេលនោះនឹងអាចជួបបញ្ហាផ្សេងៗទៀតជាច្រើន។First Finance

គន្លឹះសំខាន់ៗ មិនត្រូវមើលរំលង មុនពេលចាប់ផ្ដើមសង់ផ្ទះ

PLB Banner on article detail

អត្ថបទពេញនិយម