​អាជ្ញាធរ​បាត់ដំបង​ចុះ​អន្តរាគមន៍​នាំ​ទឹក​សង្គ្រោះ​ស្រូវ​ជាង ៣០០​ហិកតា ជួប​គ្រោះរាំងស្ងួត​នៅ​ស្រុក​ថ្មគោល​

ថ្ងៃច័ន្ទ 25 មករា 2021, 14:12

​ខេត្តបាត់ដំបង​៖ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​ចុះ​អន្តរាគមន៍​នាំ​ទឹក​យកទៅ​សង្គ្រោះ​ស្រូវប្រាំង​ក្រៅ​ផែនការ​ចំនួន​ជាង ៣០០​ហិកតា ស្ថិតក្នុង​ឃុំ​ចំនួន​២ នៃ​ស្រុក​ថ្មគោល ដែល​កំពុង​ជួប​បញ្ហា​គ្រោះរាំងស្ងួត​ខ្វះខាត​ទឹក​ស្រោចស្រប​។​

 

ប្រធាន​សហគមន៍​កសិក​រ​ប្រើប្រាស់​ទឹក​នៃ​ទំនប់​អាង​កំពីងពួយ លោក សៅ សារ៉ន​ ​បាន​លើកឡើងថា ស្រូវ​ដែល​កំពុង​ជួប​បញ្ហា​រាំងស្ងួត​ខ្វះខាត​ទឹក​ខាងលើនេះ ស្ថិតក្នុង​ឃុំ​រូង​ជ្រៃ និង​ឃុំ​បន្សាយ​ត្រែង ខណៈ​តំបន់​ទាំងនោះ នៅ​ឆ្ងាយ​ពី​ប្រភពទឹក​ហើយ​ពិបាក​ក្នុង​ការនាំ​ទឹក​ទៅ​សង្គ្រោះ ព្រោះ​ប្រឡាយ​ត្រូវ​នាំ​ទឹក​ទៅ​មាន​លក្ខណៈ​តូចចង្អៀត​និង​មិនមាន​ភ្ជាប់​ទៅដល់​ទៀត ។​

 

លោក​បន្តថា បើ​ទោះ​ជួប​ឧបសគ្គ​យ៉ាងនេះ​ក្តី ក៏​អាជ្ញាធរ និង​មន្ត្រី​ជំនាញ នៅតែ​បើកទឹក ដើម្បី​យកទៅ​សង្គ្រោះ​ស្រូវ​របស់​ពួកគាត់​ទៅតាម​លទ្ធភាព​ជាក់ស្ដែង ខណៈ​ទឹក​នេះ​ក៏ត្រូវ​កំពុង​ផ្គត់ផ្គង់​ដល់​ស្រូវប្រាំង​ចំនួន ១២០០០​ហិកតា ផ្សេងទៀត ដែល​ស្ថិតក្នុង​ផែនការ​ស្ដារឡើងវិញ បន្ទាប់ពី​ទឹកជំនន់​បាន​ស្រក​ទៅ រួមទាំង​សម្រាប់​ទុក​ប្រើប្រាស់​ក្នុង​រដូវប្រាំង​ផងដែរ ។​

 

លោក យូ សឿ​ម មេឃុំ​រូង​ជ្រៃ តំណាងអោយ​ពលរដ្ឋ បានលើកឡើង​ដែរ​ថា កាលពី​ចុងឆ្នាំ​២០២០ ក្នុង​តំបន់​នេះ ក៏បាន​ជួប​គ្រោះទឹកជំនន់​ផងដែរ បណ្ដាល​ឲ្យ​លិចលង់​នូវ​ស្រូវ​អស់​ជាច្រើន​ហិកតា ហើយ​បន្ទាប់ពី​ទឹក​ស្រក​កសិករ​មួយចំនួន​ក៏បាន​នាំគ្នា​ធ្វើ​ការដាំដុះ​ស្រូវ​ស្ដារឡើងវិញ តែ​ត្រូវបាន​ជួប​បញ្ហា​ខ្វះខាត​ទឹក​ស្រោចស្រព​នេះ ប៉ុន្តែ​អាជ្ញាធរខេត្ត​និង​មន្ត្រី​ជំនាញ​ចុះជួយ​អន្តរាគមន៍​នេះ ធ្វើ​ឲ្យ​ពួកគាត់​មានការ​សប្បាយចិត្ត​យ៉ាងខ្លាំង ។​

 

ក្នុងឱកាស​ចុះ​ជួប​ដោះស្រាយ និង​ពិនិត្យ​ស្ថានភាព​នាំ​ទឹក​ជួយសង្គ្រោះ​ស្រូវ​ពលរដ្ឋ​ក្នុង​ឃុំ​ទាំងពីរ​កាលពី​ចុង​សប្ដាហ៍​នេះ លោក ហួត ច័ន្ទ​តារា​រិ​ទ្ធ អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​លើកឡើងថា សម្រាប់​ផែនការ​របស់​ខេត្ត​ក្នុងការ​ស្ដារឡើងវិញ​នៃ​ការដាំដុះ​ស្រូវ​បន្ទាប់ពី​គ្រោះទឹកជំនន់​ស្រក មាន​ប្រមាណ​ជា ២០ ០០០​ហិកតា ដោយ​ស្ថានភាព​ស្រូវ​ទាំងអស់នោះ​មាន​ភាពល្អប្រសើរ​ពុំមាន​ខ្វះខាត​ទឹក​ស្រោចស្រព​នោះទេ ប៉ុន្តែ​មាន​ស្រូវ​មួយចំនួន​ស្ថិត​នៅក្រៅ​ផែនការ​កំពុង​ខ្វះខាត​ទឹក​ដាក់ តែ​ត្រូវបាន​អាជ្ញាធរ​កំពុង​ជួយសង្គ្រោះ​ជា​បន្តបន្ទាប់​តាម​លទ្ធភាព ។​

 

ជាមួយគ្នានេះ លោក​ក៏​អំពាវនាវ ទៅដល់​ពលរដ្ឋ​សូម​ស្ដាប់​តាម​ការណែនាំ​របស់​ជំនាញ​ពាក់ព័ន្ធ​នឹង​ការធ្វើ​ស្រូវប្រាំង​នៅ​ឆ្ងាយ​ពី​ប្រភពទឹក និង​នៅក្រៅ​ផែនការ​នេះដែរ ចៀសវាង​ខ្វះ​ទឹក​ស្រោចស្រព​ធ្វើ​ឲ្យ​រង​ការខូចខាត ជីវភាព​កាន់តែ​លំបាក ហើយក៏​សូម​ស្នើ​ផងដែរ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​សូមជួយ​ណែនាំ​ពលរដ្ឋ​បន្ត ខណៈ​រាល់​ផែន​ការដាំដុះ ក៏បាន​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ​ផងដែរ​នោះ ៕​

​អាជ្ញាធរ​បាត់ដំបង​ចុះ​អន្តរាគមន៍​នាំ​ទឹក​សង្គ្រោះ​ស្រូវ​ជាង ៣០០​ហិកតា ជួប​គ្រោះរាំងស្ងួត​នៅ​ស្រុក​ថ្មគោល​
​អាជ្ញាធរ​បាត់ដំបង​ចុះ​អន្តរាគមន៍​នាំ​ទឹក​សង្គ្រោះ​ស្រូវ​ជាង ៣០០​ហិកតា ជួប​គ្រោះរាំងស្ងួត​នៅ​ស្រុក​ថ្មគោល​
​អាជ្ញាធរ​បាត់ដំបង​ចុះ​អន្តរាគមន៍​នាំ​ទឹក​សង្គ្រោះ​ស្រូវ​ជាង ៣០០​ហិកតា ជួប​គ្រោះរាំងស្ងួត​នៅ​ស្រុក​ថ្មគោល​
​អាជ្ញាធរ​បាត់ដំបង​ចុះ​អន្តរាគមន៍​នាំ​ទឹក​សង្គ្រោះ​ស្រូវ​ជាង ៣០០​ហិកតា ជួប​គ្រោះរាំងស្ងួត​នៅ​ស្រុក​ថ្មគោល​
​អាជ្ញាធរ​បាត់ដំបង​ចុះ​អន្តរាគមន៍​នាំ​ទឹក​សង្គ្រោះ​ស្រូវ​ជាង ៣០០​ហិកតា ជួប​គ្រោះរាំងស្ងួត​នៅ​ស្រុក​ថ្មគោល​
​អាជ្ញាធរ​បាត់ដំបង​ចុះ​អន្តរាគមន៍​នាំ​ទឹក​សង្គ្រោះ​ស្រូវ​ជាង ៣០០​ហិកតា ជួប​គ្រោះរាំងស្ងួត​នៅ​ស្រុក​ថ្មគោល​

PLB Banner on article detail