តម្លៃ​ត្រី​ក្នុងស្រុក​កើនឡើង ក្រោយ​ផ្អាក​នាំចូល​ពី​ប្រទេសជិតខាង​

ថ្ងៃច័ន្ទ 25 មករា 2021, 8:16

​ខេត្តកំពង់ចាម​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អះអាងថា បច្ចុប្បន្ន តម្លៃ​ត្រី​គ្រប់​ប្រភេទ​មានការ​កើនឡើង​ល្អប្រសើរ ដោយសារ​ក្រសួង​បាន​ចាត់វិធានការ​ផ្អាក​ការ​នាំចូល​ប្រភេទ​ត្រី​មួយចំនួន​ដែល​ប្រជាកសិករ​អាច​ចិញ្ចឹម​បាន ហើយ​បាននិងកំពុង​ប្រមូល​ចាប់​ត្រី​យកទៅ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​។

 

​ឯកឧត្តម វេ​ង សាខុន បានលើកឡើង​បែបនេះ ក្នុងពេល​អញ្ជើញ​មក​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់លោក ផាន់ ភិរម្យ ស្ថិតនៅ​ភូមិ​ស​ង្កើ​ប ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម នៅ​ថ្ងៃទី​២៣ ខែមករា​។ លោក ភិរម្យ (​លេខ​ទំនាក់ទំនង ០១២ ៣៤៤ ៣៩៩ ) បាន​ឲ្យ​ដឹងថា​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នេះ​បាន​ដំណើរការ​ជាង ៥​ឆ្នាំ​ហើយ បច្ចុប្បន្ន​កសិដ្ឋាន​មាន​ស្រះ​ចិញ្ចឹម​ត្រី​ប្រា​ចំនួន ៨​ស្រះ ទំហំ​ចាប់ពី ៦ ០០០-១០ ០០០​ម៉ែត្រការ៉េ លើ​ផ្ទៃដី ៦​ហ​.​ត សមត្ថភាព​ផលិត​ត្រី​ប្រា​បាន ៧ ០០០​តោន​/​ឆ្នាំ​។ ម្ចាស់​កសិដ្ឋាន​បាន​ឲ្យ​ដឹងថា​កសិដ្ឋាន​កំពុង​ជីក​ស្រះ​ចិញ្ចឹម​ត្រី​ពោ និង​ត្រី​ប្រា​ពង្រីក​បន្ថែម ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​។

 

​ថ្លែង​ចេញពី​កសិដ្ឋាន​លោក ភិរម្យ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​វា​រី​វប្បករ​កម្ពុជា​ត្រូវ​បន្ត​រក្សា និង​ខិតខំ​ពង្រឹង ពង្រីក​មុខរបរ​នេះ​បន្ថែម​ទាន់​ឱកាស​មាស​មកដល់ ដោយ​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ជលផល​អនុវត្ត​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ចងក្រង​បណ្តុំ​ផលិត ចូល​ជា​សមាជិកសមាគម​វា​រី​វប្បករ​កម្ពុជា បើ​អាច​រៀបចំ​កន្លែង​ប្រមូល​ទិញ និង​លក់​ចែក ចាយ​ត្រី និង​ផល​ត្រី​របស់​សមាជិក ធ្វើ​យ៉ាងនេះ​ដើម្បី​ទទួលបាន​ព័ត៌មាន​ទីផ្សារ បរិមាណ​ផ្គត់ផ្គង់ និង​តម្រូវការ​ទីផ្សារ និង​ឈានទៅ​បង្កើត​កន្លែង​កែច្នៃ​ផល​ត្រី ដើម្បី​បង្កើន​តម្លៃបន្ថែម បង្កើត​ការងារ និង​ជាពិសេស​កាត់ បន្ថយ​ហា​នី​ភ័យ​ដោយសារ​បរិមាណ​ផលិត​លើសពី​តម្រូវការ​។

 

​ករណីនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​បន្ថែមថា ក្រសួង​ដែលមាន​រដ្ឋបាល​ជលផល​ជា​សេនាធិការ​នឹង​នៅ​រង់ចាំ​ផ្តល់​កិច្ចសហការ​ទាំង​បច្ចេកទេស និង​ច្បាប់​ដើម្បី​ទទួលបាន​ប្រយោជន៍​រួម​គឺ​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​សម​ស្របតាម​តម្រូវការ និង​ឈានទៅ​ធ្វើការ​នាំចេញ​ស្របតាម​ស្តង់ដា​ទីផ្សារ​បញ្ជា ទិញ​នាពេល​អនាគត​៕

 

តម្លៃ​ត្រី​ក្នុងស្រុក​កើនឡើង ក្រោយ​ផ្អាក​នាំចូល​ពី​ប្រទេសជិតខាង​
តម្លៃ​ត្រី​ក្នុងស្រុក​កើនឡើង ក្រោយ​ផ្អាក​នាំចូល​ពី​ប្រទេសជិតខាង​
តម្លៃ​ត្រី​ក្នុងស្រុក​កើនឡើង ក្រោយ​ផ្អាក​នាំចូល​ពី​ប្រទេសជិតខាង​
តម្លៃ​ត្រី​ក្នុងស្រុក​កើនឡើង ក្រោយ​ផ្អាក​នាំចូល​ពី​ប្រទេសជិតខាង​
តម្លៃ​ត្រី​ក្នុងស្រុក​កើនឡើង ក្រោយ​ផ្អាក​នាំចូល​ពី​ប្រទេសជិតខាង​

PLB Banner on article detail

អត្ថបទពេញនិយម