ប្រជាពលរដ្ឋរស់នៅឃុំស្នឹងសម្តែងការរីករាយ ក្រោយធ្វើស្រែមួយឆ្នាំបាន២ដង បន្ទាប់ពីអាជ្ញាធរស្ដាប្រឡាយអោយ

ថ្ងៃអាទិត្យ 24 មករា 2021, 16:22

ខេត្តបាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅឃុំស្នឹង នៃស្រុកបាណន់ បានសម្តែងការរីករាយខ្លាំងក្រោយប្រឡាយ០១ខ្សែ ប្រវែងជាង១០គីឡូម៉ែត្រដែលពួកគាត់ធ្លាប់អាស្រ័យផលត្រូវបានអាជ្ញាធរខេត្តជួយស្ដារដែលអាចនាំទឹកមកធ្វើស្រែបានមួយឆ្នាំ២ដង ធ្វើឲ្យជីវភាពកាន់តែប្រសើឡើង។

  ប្រជាពលរដ្ឋរស់នៅភូមិក្រសារ ឃុំស្នឹងបានលើកឡើងថា បើទោះបីតំបន់ពួកគាត់រស់នៅជិតអាងកំពីងពួយក៏ពិតមែន ប៉ុន្តែពួកគាត់អាចធ្វើស្រែបានតែ ១ដងក្នុងមួយឆ្នាំ ព្រោះពិបាកក្នុងការនាំទឹកមកស្រោចស្រព ប៉ុន្តែបន្ទាប់ពីឯកឧត្តម គៀត ច័ន្ធថារិទ្ធ ប្រធានក្រុមការងារចុះជួយឃុំស្នឹង និងសហការរី តាមរយៈមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានស្ដារប្រឡាយរយៈពេលបាន ២ឆ្នាំមកនេះ ពួកគាត់អាចធ្វើស្រែបាន ២ដងក្នុងមួយឆ្នាំ ដោយមិនមានការព្រួយបារម្ភពីការខ្វះខាតទឹកស្រោចស្រពដូចមុននោះទេ ។

  លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានលើកឡើងដែរថា សម្រាប់ស្រែដែលអាចស្ដារឡើងវិញនៅជាប់នឹងប្រឡាយនេះ គឺខេត្តអនុញ្ញាតឲ្យពួកគាត់ធ្វើបានតែចំនួនផ្ទៃដី ៦០០ហិកតាប៉ុណ្ណោះ ព្រោះអាចនាំទឹកពីអាងកំពីងពួយជួយស្រោចស្រពបាន ហើយឥឡូវស្រូវទាំងអស់នោះកំពុងមានទឹកដាក់គ្រប់គ្រាន់មិនជួបគ្រោះរាំងស្ងួតនោះទេ ។

  លោកប្រធានមន្ទីរដដែល បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ស្រូវក្នុងផែនការដែលត្រូវធ្វើការស្ដារឡើងវិញនៅក្នុងខេត្តបាត់ដំបងមានប្រមាណ ២ម៉ឺនហិកតា និងកំពុងមានទឹកស្រោចស្រពគ្រប់គ្រាន់ ហើយក្នុងនោះក៏មានស្រូវក្រៅផែនការមួយចំនួនទៀតដែលខ្វះទឹកដាក់ខ្លះនោះ ក៏ត្រូវបានអាជ្ញាធរខេត្ត និងមន្ទីរជំនាញជួយអន្តរាគមន៍នាំទឹកពីប្រភពនានាមកជួយសង្គ្រោះតាមលទ្ធភាពជាបន្តបន្ទាប់ផងដែរ ៕

ប្រជាពលរដ្ឋរស់នៅឃុំស្នឹងសម្តែងការរីករាយ ក្រោយធ្វើស្រែមួយឆ្នាំបាន២ដង បន្ទាប់ពីអាជ្ញាធរស្ដាប្រឡាយអោយ

PLB Banner on article detail

អត្ថបទពេញនិយម