អាមេរិក៖ ប្រធានាធិបតីអាមេរិកផុតអាណត្តិលោក ដូណាល់ ត្រាំ បានឡើងជិះឧទ្ធម្ភាគចក្រចាកចេញពីសេតវិមាន ដោយឆ្ពោះដំណើរទៅកាន់មូលដ្ឋានទ័ព អេនដ្រូ ក្នុងរដ្ឋម៉ារីលែន ដើម្បីចូលរួមពិធីបញ្ចប់តំណែងនៅទីនោះ បន្ទាប់មកទៀតលោកនឹងធ្វើដំណើរទៅកាន់រដ្ឋផ្ល័ររីដា ។
លោក ដូណាល់ ត្រាំ បានចាកចេញពីសេតវិមាននៅវេលាម៉ោង៨៖២០នាទីព្រឹក ថ្ងៃទី២០ ខែមករា (ម៉ោងនៅវ៉ាស៊ីនតោន) ដោយមិននៅជួបធ្វើគារកិច្ច និងចូលរួម ក្នុងកម្មវិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីលោក ចូ បៃដិន ដូចតាមទម្លាប់អាមេរិកឡើយ ។ លោកគឺជាប្រធានាធិបតីទី១ ដែលមិនអើពើនឹងពិធីស្បថចូលកាន់តំណែងរបស់អ្នកស្នងតំណែង ចាប់តាំងពីឆ្នាំ១៨៦៩ ៕