កម្ពុជា​-​ហុង​គ្រី គ្រោង​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១ គណៈកម្មការ​ចម្រុះ​នៃ​កិច្ចសហប្រតិបត្តិការ លើ​វិស័យសេដ្ឋកិច្ច​

ថ្ងៃអង្គារ 19 មករា 2021, 10:59

​កម្ពុជា​-​ហុង​គ្រី​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១ គណៈកម្មការ​ចម្រុះ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ដើម្បី​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​ដែល​បាន​ចុះហត្ថលេខា​កន្លងមក និង​ពិនិត្យ​តាមដាន​វឌ្ឍនភាព​ការងារ​រវាង​ភាគី​ទាំងពីរ ។​

 

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងពាណិជ្ជកម្ម​ដែល​វិទ្យុជាតិ​កម្ពុជា ទទួលបាន​ឱ្យដឹងថា យោងតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ដែល បាន​ចុះហត្ថលេខា​ដោយ​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​ឯក ឧ​ត្ត​ម ភី​ទើ ហ្ស៊ី​យ៉ា​តូ រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី កាលពី​ថ្ងៃទី​១៣ ខែ មិថុនា ឆ្នាំ​២០១៩ អំឡុងពេល​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស ប្រទេស​ហុង​គ្រី ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ក្នុងការ​រៀបចំ​បង្កើត​គ​ណៈ​កម្ម​ការ​ចម្រុះ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច​កម្ពុជា​-​ហុង​គ្រី ដើម្បី​ពង្រឹង​មិត្តភាព និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​។​

 

​កិច្ចប្រជុំ​នេះ ត្រូវ​រៀបចំ​នៅ​ថ្ងៃទី​២០​ដល់​២១ ខែមករា ឆ្នាំ​២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ (Virtual Conference) នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា និង​ឯកឧត្តម អ៊ី​ស្វាន់ ចូ (István Joó) អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​វិស័យ​អភិវឌ្ឍ​ការនាំចេញ នៃ​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​ជាន់   ខ្ពស់ មកពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ដែលជា​សមាជិក​គណៈកម្មកា​រ​ចម្រុះ​នេះ​។​

 

​កិច្ចប្រជុំ​នឹង​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​ដូចជា ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច  គម្រោង​ឥណទាន កសិកម្ម សន្តិសុខ​ស្បៀង និង រុក្ខាប្រមាញ់ ការគ្រប់គ្រង​ធនធានទឹក  វិស័យ​អប់រំ​យុវជន​និង​កីឡា  វប្បធម៌ ទេសចរណ៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍ និង អាកាសចរណ៍​ស៊ីវិល ៕

កម្ពុជា​-​ហុង​គ្រី គ្រោង​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១ គណៈកម្មការ​ចម្រុះ​នៃ​កិច្ចសហប្រតិបត្តិការ លើ​វិស័យសេដ្ឋកិច្ច​
កម្ពុជា​-​ហុង​គ្រី គ្រោង​រៀបចំ​កិច្ចប្រជុំ​លើក​ទី​១ គណៈកម្មការ​ចម្រុះ​នៃ​កិច្ចសហប្រតិបត្តិការ លើ​វិស័យសេដ្ឋកិច្ច​

PLB Banner on article detail