ផ្លូវអាកាស ត​ភ្ជាប់​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ចាប់ផ្តើម​សាងសង់ ក្នុង​ឆ្នាំ​២០២១​នេះ​

ថ្ងៃព្រហស្បតិ៍ 14 មករា 2021, 9:56

​ម្ចាស់​គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តជាតិ​ភ្នំពេញ​ថ្មី គឺ​ក្រុមហ៊ុន OCIC បានប្រកាសថា ក្នុង​ឆ្នាំ​២០២១​នេះ ខ្លួន​នឹង​ចាប់ផ្តើម​សាងសង់​ស្ពាន​អាកាស​មួយ​ចេញពី​ភ្នំពេញ​ត​ភ្ជាប់​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ក្រោម​តម្លៃ​វិនិយោគ​ប្រហែល ៤០០​លាន​ដុល្លារ​។​

 

​អគ្គនាយក​ក្រុមហ៊ុន OCIC លោក​ឧកញ៉ា ពុង ឃាវ​សែ បាន​ប្រាប់​ទស្សនា​វ​ដ្តី Construction & Property កាលពី​ចុងឆ្នាំ​២០២០​ថា ក្រុមហ៊ុន OCIC មាន​ផែនការ​នឹង​សាងសង់​ស្ពាន​អាកាស​មួយ​ខ្សែ​ប្រវែង ២១,៥​គីឡូម៉ែត្រ ចេញពី​ភ្នំពេញ​ឆ្ពោះទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​ក្នុង​ឆ្នាំ​២០២១ ដោយ​គ្រោង​នឹង​ចំណាយ​ប្រាក់​ប្រហែល ៤០០​លាន​ដុល្លារ​។​

 

​លោក​ឧកញ៉ា​បាន​បញ្ជាក់ថា ការសាងសង់​ផ្លូវអាកាស​នេះ​នឹងធ្វើ​ឡើងជា ២​ដំណាក់កាល​ដោយ​ដំណាក់កាល​ទី​១ មាន​ប្រវែង​ជាង ១០​គីឡូម៉ែត្រ ចេញពី​ផ្លូវ​លេខ ២៧១ (​ក្បែរ​ក្បាលថ្នល់​) ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​២ និង​ដំណាក់កាល​ទី​២ មាន​ប្រវែង​ជាង ១១​គីឡូម៉ែត្រ ចេញពី​ផ្លូវជាតិ​លេខ​២ ឆ្ពោះ​ទៅដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ដែល​ស្ថិត​ក្នុងស្រុក​ស្អាង ខេត្តកណ្តាល​។​

 

​ការសាងសង់​ដំណាក់កាល​ទី​១ នឹង​ចាប់ផ្តើម​ក្នុង​ឆ្នាំ​២០២១ ហើយ​គ្រោង​នឹង​បញ្ចប់​ក្រោយ​ព្រលានយន្តហោះ​ថ្មី (២០២៣) ដោយ​វា​អាច​អាស្រ័យទៅលើ​ទុនវិនិយោគ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រភព​ដដែល​៕

ផ្លូវអាកាស ត​ភ្ជាប់​ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​ថ្មី ចាប់ផ្តើម​សាងសង់ ក្នុង​ឆ្នាំ​២០២១​នេះ​

PLB Banner on article detail

អត្ថបទពេញនិយម