ខេត្តបាត់ដំបង! ដើម្បីឆ្លើយ តបតាមតម្រូវការជាក់ស្តែងនៃការខ្វះខាតស្បៀងអាហាររបស់ប្រជាពលរដ្ឋ នៅក្នុងដំណាក់កាលដែលប្រទេសកម្ពុជាកំពុងតែធ្វើការប្រយុទ្ធប្រឆាំងនៃជំងឺCovid -19 នា រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិតប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់ក្រុមការងារសាខាដឹកនាំដោយឯកឧត្តម ងី សែត អនុប្រធានគណៈកម្មាធិការសាខានិងសហការី បានចុះសួរសុខទុកនិងនាំយកអំណោយមនុស្សធម៌ទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលជួបផលប៉ះពាល់ក្នុងពេលមានវិបត្តិជម្ងឺកូវិដ១៩ ដោយផ្តោតចំពោះជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ និងជនពិការទីទ័លក្រ ចំនួន ៥គ្រួសារ រស់នៅភូមិសំបុកអក និងភូមិថ្ម ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
មានប្រសាសន៍នាឱកានោះឯកឧត្តម ងី សែត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុតចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
ឯកឧត្តមអនុប្រធានគណៈកម្មាធិការសាខាបានបន្តទៀតថា ក្នុងពេលដែលពិភពលោកកំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុតចំពោះបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ នៅមូលដ្ឋាន ព្រោះឥទ្ធិលជម្ងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និង ជីវភាពរបស់បងប្អូនក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ សំខាន់ គ្រួសារចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើ អ្នកផ្ទុកមេរោគអេដស៍ និង ជនពិការទីទ័លក្រ ។
ឯកឧត្ដមងី សែត ក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លី ក្នុងពេលដែលប្រទេសជាតិកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ ដែលធ្វើឲ្យមានផលប៉ះពាល់ក្នុងជីវភាពរបស់បងប្អូនជាគ្រួសារងាយរងគ្រោះនិងបានអំពាវនាវដល់បងប្អូន ត្រូវមានការប្រុងប្រយ័ត្ននិងថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាមដែលកំពុងរីករាលដាល ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាកុំអោយមានករណីគ្រោះថ្នាក់។
ហើយអំណោយមនុស្សធម៌ដែលបានផ្ដល់ជូននាពេលនេះ ក្នុង០១គ្រួសារៗទទួលបាន -អង្ករ២៥ គីឡូក្រាម -ទឹកបរិសុទ្ធវីឃែរ ចំណុះ ២០លីត្រ០១ ធុង -មី០១កេស -ត្រីខ១០ កំប៉ុង -មុង០១ -ក្រមា០១ -សារុង០១ -អាវយឺត០១ -សាប៊ូ០២ដុំ និងថវិកាចំនួន៥០,០០០រៀល ផងដែរ៕