ក្រសួងកសិកម្ម ពិចារណា​ផ្អាក​នាំចូល ត្រី​ប្រា ត្រី​ពោ ត្រី​អណ្ដែង និង​ត្រី​ឆ្ដោ​

ថ្ងៃច័ន្ទ 11 មករា 2021, 11:59

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានធ្វើការ​ពិនិត្យ និង​ពិចារណា​ក្នុងការ​ផ្អាក​ជា​បណ្តោះអាសន្ន នូវ​ការ​នាំចូល​ផលិតផល​ជលផល ដែល​វា​រី​វប្បករ​ក្នុងស្រុក​អាច​ផលិត​បាន​ដូចជា​៖ ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ឆ្តោ​ជាដើម ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ទីផ្សារ​ផលិតផល​វារីវប្បកម្ម​នាពេល​បច្ចុប្បន្ន និង​រួមចំណែក​ជំរុញ​ការផលិត​ក្នុងស្រុក ឱ្យបាន​ខ្លាំងក្លា និង​ឈានទៅរក​ការនាំចេញ​នាពេលខាងមុខ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួងកសិកម្ម ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២១​នេះ​។​

 

​គួរបញ្ជាក់​ផងដែរ​ថា ការផ្អាក​ការនាំ​ចូល​ផលិតផល​ជលផល​ខាងលើ បានធ្វើ​ឡើង​ដោយ​អនុវត្តតាម​អនុសាសន៍ ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជានា​ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ​២០២០ ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​គរុ​សិស្ស គរុ​និស្សិត​បញ្ចប់​ការសិក្សា​ឆ្នាំ ២០១៨-២០១៩ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ និង​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២០ ក្នុងឱកាស​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាកសិករ​វា​រី​វប្បករ នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ពូជ​ត្រី​ទឹកសាប​បាទី​ខេត្តព្រៃវែង ដែល​សម្តេច​តេ​ជោ បាន​ណែនាំ​ហើយ​ណែនាំ​ទៀត ឱ្យប្រើ​ប្រាស់​ឱកាស​មាស ក្នុង​ការដាំដុះ​ចិញ្ចឹម​ត្រី និង​សត្វ ដើម្បី​ឈានទៅដល់​ការកាត់បន្ថយ​ការនាំ​ចូល និង​ផ្អែក​តាម​សំណូមពរ​របស់​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា​ផង​នោះ​។​

 

​តាម​ក្រសួងកសិកម្ម ថ្មីៗ​នេះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សង្កេតឃើញថា មាន​ក្រុមអាជីវករ​នាំចេញ​នាំចូល​ផល​ផលិតផល​ជលផល​មួយចំនួន នាំ​ឲ្យ​មាន​ការមិន​ពេញចិត្ត ចំពោះ​ចំណាត់ការ​នៃ​ការផ្អាក​ជា​បណ្តោះអាសន្ន នូវ​ការ​នាំចូល​ផលិតផល​ជលផល ដែល​អាច​ផលិត​បាន​ក្នុងស្រុក​នាពេល​កន្លងមក​។​

 

​ជាមួយគ្នា​នោះ ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ​នៅ​ព្រឹក​ថ្ងៃទី ៨ ខែមករា ឆ្នាំ​២០២១ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ រួមមាន សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា និង​តំណាង​អាជីវករ​នាំចេញ​នាំចូល​ផល​ផលិតផល​ជលផល និង​បាន​ព្រមព្រៀងគ្នា​អនុវត្ត​នូវ​វិធានការ​បន្ទាន់​មួយចំនួន​ដូចខាងក្រោម​៖

 

​ទី ១- សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា ត្រូវ​រៀបចំ​ផ្តល់ជូន​នូវ​ព័ត៌មាន ដែល​ទាក់ទង​ទៅនឹង​ប្រភេទ​បរិមាណ​ផល​ផលិតផល​វារីវប្បកម្ម ដែល​ត្រូវ​ដល់ពេល​ប្រមូល​ផល​នៅតាម​ខែ​នីមួយៗ ដល់​អា​ជីករ​ប្រមូល​ទិញ​នាំចេញ​នាំចូល​ផល​ផលិតផល​ជលផល ដើម្បី​ចុះ​ប្រមូល​ទិញ​ផល​ផលិតផល​ជលផល ដែល​ផលិត​បាន​ក្នុងស្រុក​ទាំងនោះ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។​

 

​ទី ២- តំណាង​អា​ជីករ​នាំចេញ​នាំចូល​ផល​ផលិតផល​ជលផល បាន​យល់ព្រម​ផ្អាក​នូវ​ការស្នើសុំ​នាំចូល​ប្រភេទ​ត្រី ដែល​វា​រី​វប្បករ​ផលិត​បាន​ច្រើន​ដូចជា ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ឆ្តោ​ព្រមទាំង ប្រភេទ​ត្រី​មួយចំនួនទៀត ដែល​អាច​ចិញ្ចឹម បាន​ក្នុងស្រុក​តាម​ការជូនដំណឹង​របស់​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា​។​

 

​ទី​៣- តំណាង​អា​ជីករ​នាំចេញ​នាំចូល​ផល​ផលិតផល​ជលផល បាន​ឯកភាព​ក្នុងការ​បង្កើត​នូវ​សមាគម និង​បណ្តុំ​អ្នកប្រមូល​ទិញ​ផល​ផលិតផល​ជល នៅតាម​តំបន់ ដើម្បី​ប្រមូល​ទិញ​ផល​ផលិតផល​ជលផល​ដែល​ផលិត​បាន​ក្នុងស្រុក​។​

 

​និង​ទី ៤- ចំពោះ​ការនាំ​ឆ្លងកាត់​ផល​ផលិតផល​ជលផល តំណាង​អា​ជីករ​នាំចេញ​នាំចូល​ផល​ផលិតផល​ជលផល​ធានា ថា​នឹងមាន​ការចុះបញ្ជី​ទទួលស្គាល់​នៅ​ដើមទី និង​ចុង​ទី ពី​មន្ត្រីជលផល​មាន​សមត្ថកិច្ច និង​ធានាថា​មិនមាន​ការទម្លាក់​ចែកចាយ ផល​ផលិតផល​ជលផល ឆ្លងកាត់​នេះ​ចូលទៅក្នុង​ទីផ្សារ​ក្នុងស្រុក​ឡើយ​។​

 

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សង្ឃឹម ថា​វា​រី​វប្បករ​អាជីវករ នាំចេញ​នាំចូល​ផល​ផលិតផល​ជលផល​ទាំងអស់ សាធារណជន ក៏ដូចជា​បណ្តាញសារព័ត៌មាន​នានា ផ្តល់​កិច្ចសហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក្នុងការ​បំពេញភារកិច្ច​នេះ ឱ្យបាន​ល្អប្រសើរ ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​ចូលរួម ដល់​ការអភិវឌ្ឍ​វារីវប្បកម្ម​នៅ​កម្ពុជា​៕

ក្រសួងកសិកម្ម ពិចារណា​ផ្អាក​នាំចូល ត្រី​ប្រា ត្រី​ពោ ត្រី​អណ្ដែង និង​ត្រី​ឆ្ដោ​
ក្រសួងកសិកម្ម ពិចារណា​ផ្អាក​នាំចូល ត្រី​ប្រា ត្រី​ពោ ត្រី​អណ្ដែង និង​ត្រី​ឆ្ដោ​
ក្រសួងកសិកម្ម ពិចារណា​ផ្អាក​នាំចូល ត្រី​ប្រា ត្រី​ពោ ត្រី​អណ្ដែង និង​ត្រី​ឆ្ដោ​

PLB Banner on article detail