កសិករ​១​គ្រួសារ រស់នៅ​ក្បែរ​ជើងភ្នំ​ខៀវ កាក់កប​នឹង​មុខរបរ​ចិញ្ចឹមសត្វ​កង្កែប​

ថ្ងៃច័ន្ទ 4 មករា 2021, 16:10

​ខេត្ត​ប៉ៃលិន ៖ ប្រជាកសិករ​មួយ​គ្រួសារ រស់នៅ​ជាប់​នឹង​ជាង​ភ្នំ​ខៀវ បាន​ប្រកបមុខរបរ​ចិញ្ចឹមសត្វ​កង្កែប​អូ​ប ជិត​១០០០​ក្បាល ដើម្បី​លក់បាន​ថវិកា សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ ។ ទោះបីជា​ការចិញ្ចឹម​សត្វ​កង្កែប​នេះ មានការ​លំបាក​បន្តិច ក៏​គាត់​នៅតែ​មិន​បោះបង់ចោល​មុខរបរ​មួយ​នេះដែរ ហើយ​ថែមទាំង​ខិតខំ​ប្រឹងប្រែង​ថែទាំ​ង នឹង​ពង្រីក​បន្ថែមទៀត​នៅ​ថ្ងៃ​ខាងមុខ​ផងដែរ ។

 

​ជាក់ស្តែង​កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២១ កសិករ​ម្នាក់ ឈ្មោះ ជា សុ​វណ្ណា ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ ប្រពន្ធ ឈ្មោះ សោម ស៊ុន អាយុ​៦៧​ឆ្នាំ រស់នៅក្នុង​ភូមិ​អូរ​ច្រា​លិច សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ចិញ្ចឹម​កង្កែប​អូ​ប និង​ទុក​ពូជ​បង្កាត់​ជាច្រើន​ក្បាល ។

 

​តាម​ការរៀបរាប់​ពី​បុរស ឈ្មោះ ជា សុវណ្ណ បានឱ្យ​ភ្នាក់ងារ​យើង​ដឹង​ទាំង​ទឹកមុខ​ញញឹម ថា ៖ គាត់​បាន​ប្រកបមុខរបរ​ចិញ្ចឹមសត្វ​កង្កែប​អូ​ប​នេះ​លក់ អស់​រយ​:​ពេល​ជាង​១​ឆ្នាំ​មកហើយ ដោយបាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​បន្តិច​ម្តងៗ មុនដំបូង គាត់​បាន​ទិញ​ពូជ​មកពី​ខេត្តបន្ទាយមានជ័យ ក៏​ទទួលបាន​ការបង្ហាត់បង្រៀន​ពី​គ្រូ​មកពី​ខាង​មន្ទីរ​កសិកម្ម សហការ​ជាមួយនឹង​អង្គការក្រៅរដ្ឋាភិបាល​មួយក្រុម ។

 

​គាត់​បន្តទៀតថា ការចិញ្ចឹម​សត្វ​កង្កែប​អូ​ប​នេះ ត្រូវមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ ដោយ​ថែទាំ ទាំងយប់ ទាំង​ថ្ងៃ​មិនសូវ​ហ៊ាន​ដើរ​ទៅណា​ឆ្ងាយ​ឡើយ ហើយក៏​បាន​ចាប់​លក់ដូរ​ឱ្យ​ឈ្មួញ​ទិញយក​ទៅធ្វើ​ម្ហូប អាហារ​នៅក្នុង​ក្រុងប៉ៃលិន ដោយ​សត្វ​កង្កែប​៣​ទៅ​៤​ក្បាល ទម្ងន់​១​គីឡូក្រាម ។ លើសពីនេះ សត្វ​កង្កែប គឺជា​សត្វ ដែល​ត្រូវការ​កន្លែង​ច្រើន ដូចជា​កន្លែង​បង្កាត់​ពូជ កន្លែង​ភ្ញាស់​កូន​ក្អុក​ជាដើម ព្រោះ​វា​ជា​សត្វ​ដែល​ខាំ​គ្នា ស៊ីគ្នា​ជា​អាហារ​មិន​ស្គាល់​មេ ឬ​កូន​នោះឡើយ និង​មានការ​ងាប់ បើសិនជា​យើង​មិន​ប្រុងប្រយ័ត្ន ។​

 

​ជា​ញឹកញយ ពេលឮ​សម្លេង​ពួកវា​យំ​នៅក្នុង​ទ្រុង គឺ​ពួកវា​កំពុងតែ​ខាំ​គ្នា ទើប​គាត់​ងើប​បំបែកចេញ បើ​មិន​ដូច្នោះ​ទេ អាច​នឹង​បណ្តាលឱ្យ​ក្លាយទៅជា​ដំបៅ បាក់ដៃ បាក់ជើង ខូចខាត​អស់​ច្រើន ។ គាត់​ក៏​ចេះ​ថ្នាំ​ព្យាបាល​សត្វ​កង្កែប​ផងដែរ ដោយ​លាយ​ទឹកអំបិល​ជះ​ពីលើ​សត្វ​កង្កែប​នៅក្នុង​ទ្រុង និង​លាង​ទ្រុង​ដោយ​ទឹកអំបិល​ជាដើម ។ គាត់​ចិញ្ចឹមសត្វ​កង្កែប​នេះ ដោយ​ដាក់​ចំណី ដែល​ទិញ​ពី​ក្នុង​ផ្សារ​ដាក់ឱ្យ​ស៊ី​រហូតដល់​ចាប់​លក់ ក្នុង​១​កា​រ៉ុង​តម្លៃ​៧៥០០០​រៀល ។ ហើយ​ការដាក់​ចំណី គឺ​ចាប់តាំងពី​តូច រហូតដល់​ជាង​២​ខែ ទើប​អាច​ចាប់​លក់​ឱ្យ​ឈ្មួញ ទិញយក​ទៅធ្វើ​ម្ហូប​ជាដើម ។​

 

​គាត់​បញ្ជាក់ថា រហូតមកដល់​ពេលនេះ សត្វ​កង្កែប​នៅក្នុង​ទ្រុង​ក្បែរ​ផ្ទះ​របស់គាត់ មាន​ផ្សេងៗ ពីគ្នា កង្កែប​ខ្លះ​ទើបនឹង​ធំ ខ្លះទៀត​ជិត​ចាប់​លក់ និង​មាន​មេ​កង្កែប និង​បា​កង្កែប ដែល​គាត់​រក្សាទុក​ក្នុង​ទ្រុង​ផ្សេង សម្រាប់​បង្កាត់​ពូជ​ជាដើម ។ នៅ​ថ្ងៃ​ខាងមុខ គាត់​នឹង​ពង្រីក​មុខរបរ​មួយ​នេះ ឱ្យ​កាន់តែ​ធំ​ជាង​មុន បើសិនជា​បោះបង់ចោល អាច​នឹង​ខាតដើម​ខាតចុង ព្រោះ​គ្រួសារ​របស់គាត់​បាន​ខិតខំ​ចំណាយ​ដើមទុន​អស់​ច្រើន​ទម្រាំ​នឹង​ចេះ​ពី​របៀប​ចិញ្ចឹមសត្វ​កង្កែប​នេះ ។ ហើយ​សព្វថ្ងៃនេះ គាត់​បាន​ទុក​មេ​កង្កែប​អូ​ប​ចំនួន​៣០​ក្បាល និង​បា​កង្កែប​៣០​ក្បាល​ដូចគ្នា ដើម្បី​បង្កាត់​ពូជ ព្រោះ​កង្កែប​ឈ្មោល​១​ក្បាល បង្កាត់​ពូជ​ជាមួយ​មេ​កង្កែប​បានតែ​១​ក្បាល​ប៉ុណ្ណោះ ។​

 

គាត់​បន្ថែមទៀតថា ដោយសារ​ដី​នៅលើ​ជើងភ្នំ​ខៀវ មាន​ភាព​ធំ​ទូលាយ គាត់​ក៏​នឹង​រៀបចំ​ចិញ្ចឹមសត្វ​មាន់​ស្រែ ដើម្បី​លក់​យក​ថវិកា​ចិញ្ចឹម​គ្រួសា​បន្ថែមទៀត ព្រោះ​ឥឡូវនេះ គាត់​ក៏មាន​ចិញ្ចឹមសត្វ​មាន់​ជា​របៀប​គ្រួសារ​រាប់រយ​ក្បាល ដោយ​ព្រលែង​ឱ្យ​ដើររក​ស៊ី​ចំណី​នៅតាម​ព្រៃភ្នំ ។ តែ​សំ ណា​ង​ល្អ អត់​សូវ​មាន​សត្វ​ស្កា ឬ​សត្វព្រៃ​ចាប់​ស៊ី​ប៉ុន្មាន​នោះដែរ ៕​

 

កសិករ​១​គ្រួសារ រស់នៅ​ក្បែរ​ជើងភ្នំ​ខៀវ កាក់កប​នឹង​មុខរបរ​ចិញ្ចឹមសត្វ​កង្កែប​

PLB Banner on article detail

អត្ថបទពេញនិយម