​ក្រសួង​លើក​ពេល​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ ដោយសារ​បញ្ហា​កូ​វីដ​

ថ្ងៃច័ន្ទ 4 មករា 2021, 12:45

​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ ដែល​គ្រោង​រៀបចំ​នៅ​ខេត្តកំពង់ធំ នា​ថ្ងៃទី ១៤ ខែមីនា ឆ្នាំនេះ នឹងត្រូវ​លើក​ទៅធ្វើ​នៅ​ឆ្នាំ ២០២២ វិញ ដោយសារ​បារម្ភ​ពី​ការឆ្លង​ជំងឺ​កូ​វីដ ១៩​។ នេះ​បើតាម​លោក តុ​ប សុភ័ក អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​ពីថ្ងៃ​ម្សិលមិញ​។

 

​លោក សុភ័ក បានឱ្យដឹងថា តាំងពី​ឆ្នាំ ២០១៥ មក​រាជរដ្ឋាភិបាល​តា​មរយៈ​ក្រសួងទេសចរណ៍​បានចាប់ផ្ដើម​រៀបចំ​ពិធីបុណ្យ​ទន្លេ ដើម្បី​ជំរុញ​កំណើន​ទេសចរ​តាម​ដង​ទន្លេ​កម្ពុជា​ឱ្យក្លាយ​ទៅជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ឧត្តមភាព ព្រោះ​ពិធីបុណ្យ​នេះ​មានការ​ផ្សព្វផ្សាយ​ពី​ប្រពៃណី វប្បធម៌ ប្រវត្តិសាស្ត្រ និង​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​តាម​ដង​ទន្លេ រួមទាំង​ការតាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផងដែរ​។ ប៉ុន្តែ​បច្ចុប្បន្ន​ជំងឺ​កូ​វីដ ១៩ នៅ​បង្ក​ហានិភ័យ បើ​ទោះ​មានការ​រកឃើញ​វ៉ាក់សាំង​ហើយក៏​ដោយ​។​

 

​គួរ​បញ្ជាក់ថា ខេត្តកំពង់ធំ​មាន​តំបន់​រមណីយដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​សំខាន់ៗ​ចំនួន ៤ រួមមាន តំបន់​ប្រាសាទសំបូរព្រៃគុក​ស្ថិតនៅ​បណ្តោយ​ស្ទឹងសែន​ក្នុងភូមិ​- ឃុំ​-​ស្រុក​សំបូរ ចម្ងាយ ២៨ គីឡូម៉ែត្រ​ភាគ​ឦសាន​នៃ​ទី​រួម​ខេត្ត​,​តំបន់​ប្រាសាទ​គុក​នគរ នៅ​ភូមិ​ត្រដក់​ពង ឃុំ​ពង្រ ស្រុក​តាំងគោក មាន​ចម្ងាយ ៨៦ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​, តំបន់ភ្នំ​សន្ទុក ស្ថិតនៅ​ភូមិ​-​ឃុំ​កកោះ ស្រុក​សន្ទុក​មាន​ចម្ងាយ ១៧ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត និង​តំបន់​រមណីយដ្ឋាន​បឹង​សំរឹទ្ធិ ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ដូង ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​៕

​ក្រសួង​លើក​ពេល​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ ដោយសារ​បញ្ហា​កូ​វីដ​

PLB Banner on article detail

អត្ថបទពេញនិយម