សួនផ្កា​ដំណក់ទឹកភ្លៀង​កំពុង​ឆក់ យក​បេះដូង​ភ្ញៀវទេសចរ​មក​កម្សាន្ត​លេង​យ៉ាងច្រើន​ក្នុង​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ឆ្លង​ឆ្នាំ​

ថ្ងៃច័ន្ទ 4 មករា 2021, 10:2

​ខេត្តបាត់ដំបង​: នាឱកាស​ថ្ងៃ​ឈប់សម្រាក​នៃ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០២០ -២០២១​នេះ គេ​សង្កេតឃើញ​មាន​ភ្ញៀវទេសចរ​ជាច្រើន​មកពី​តាម​បណ្តា​ខេត្ត បាន​ជួបជុំគ្នា​ដើម្បី​ថតរូប​អនុស្សាវរីយ៍ និង​ស្រូបយក​យល់អាកាស​បរិសុទ្ធ​នៅក្នុង​សួនផ្កា​ដំណក់ទឹកភ្លៀង​ដែល​ទើប​បើក​ដំណើរការ​អោយចូល​កម្សាន្ត​លេង​ជា​លើកដំបូង នៅក្នុង​ទឹកដី​នៃ​ខេត្តបាត់ដំបង​។

 

លោក ម៉េង គឹម​ហ៊ុយ មាន​ទីលំនៅ​ក្នុង​ក្រុង​បាត់ដំបង និង​ជា​ម្ចាស់​សួនផ្កា​ដំណក់ទឹកភ្លៀង នៅ​ចំណុច​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង បាន​ប្រាប់​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​ល្ងាច​ថ្ងៃទី ០៣ ខែមករា ឆ្នាំ​២០២១​នេះ​ថា ដំបូង​ឡើយ​លោក​រៀបចំ​ដាំ​សួនផ្កា​នេះ​គោលបំណង​គឺ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​សម្រាប់​លក់ ក្រោយមក​ដោយ​ពិនិត្យ​មើលឃើញថា​ល្អ បន្ទាប់មក​លោក​ចង់អោ​យ​ប្រជាជន​ខ្មែរ​យើង​ដែល​តែងតែ​ធ្លាប់​ទៅ​ទស្សនា​ប្រភេទ​ផ្កា​ដូចគ្នា​នៅ​បរទេស ដែល​បរទេស​គេ​អាចធ្វើ​បាន យើង​ក៏​ធ្វើបាន អញ្ចឹង​ទើប​លោក​ចាប់​បើក​អោយ​ភ្ញៀវ​ចូល​ទស្សនា ដោយ​មិន​យក​ផលិតផល​មួយ​នេះ​ទៅ​ផ្គត់ផ្គង់​នៅ​ទីផ្សារ​ទេ​។

 

​លោក​បន្តថា​! នៅក្នុង​សួនផ្កា​របស់លោក​ពេលនេះ មានតែ​ប្រភេទ​ផ្កា​មួយ​មុខ​ទេ គឺ​ផ្កា​ដំណក់ទឹកភ្លៀង ហើយ​ពេលនេះ​ពួកលោក​បាន​ព្យាយាម​ដាំ​បន្តទៀត​នូវ​ប្រភេទ​ផ្កាឈូករ័ត្ន​ពណ៌​លឿង ផ្កាឈូករ័ត្ន​ពណ៌​ក្រហម និង​ផ្កាឈូករ័ត្ន​ពណ៌​ស ដែលជា​ទូទៅ​ប្រជាជន​ខ្មែរ​យើង​មិនដែល​ធ្លាប់​សូវ​បានឃើញ​ទេ​នៅ​ប្រភេទ​ផ្កាឈូករ័ត្ន​ពណ៌​ក្រហម និង​ពណ៌​ស ដែល​ពេលនេះ​លោក​កំពុង​ព្យាយាម​ដាំ​នៅ​ទំហំ​តូច តែ​លោក​និង​ពង្រីក​អោយបាន​ទំហំ​ធំ​នៅ​ចុងខែ​មេសា​ខាងមុខនេះ នៅលើ​ផ្ទៃដី​ទំហំ​០១​ហិច​តា ខណៈពេល​នេះ​លោក​ដាំ​ដុះ​បានតែ​ទំហំ​ផ្ទៃដី​ប្រហែល​កន្លះ​ហិច​តា​តែប៉ុណ្ណោះ​។​

 

​ម្ចាស់​សួនផ្កា​ខាងលើ​បានបញ្ជាក់​បន្ថែមថា ក្នុងពេល​បើក​ដំណើរការ​ថ្ងៃ​ដំបូង​អោយ​ភ្ញៀវ​ចូល​ទស្សនា​លេង​រយះពេល​បី​ថ្ងៃ​ស្របទៅនឹង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​ផង​នោះ សម្រាប់​សួនផ្កា​របស់លោក ក្នុង​មួយថ្ងៃ​ភ្ញៀវ​មិន​ក្រោម​ពី​៤០០​ទៅ​៥០០​នាក់​ទេ​ដែល​បានមក​កម្សាន្ត​លេង​នៅទីនេះ ដែល​ពួកគាត់​មកពី​តាម​បណ្តា​ខេត្ត​ដូចជា​, កំពង់សោម ,​ព្រៃវែង ,​សៀមរាប ,​បន្ទាយមានជ័យ​ជាដើម ហើយ​សម្រាប់​សេវា​ភ្ញៀវ​ដែល​បាន​ចូលមក​កម្សាន្ត​ទស្សនា​ឬ​ថតរូប​ជា​អនុស្សាវរីយ៍​លេង​ក្នុង​ម្នាក់​តម្លៃ​៦០០០​រៀល ចំពោះ​ក្មេង​ក្រោម​អាយុ​១៤​ចុះ​មិន​យកលុយ​ទេ​។​

 

​ដោយឡែក អារម្មណ៍​ពិត​របស់​ភ្ញៀវ​ដែល​មក​កម្សាន្ត​លេង​នៅ​សួនផ្កា​ដំណក់ទឹកភ្លៀង​នេះដែរ ពួកគាត់​បាន​សម្តែង​ការរីករាយ​សប្បាយចិត្ត​យ៉ាងខ្លាំង ដែល​បានមក​ថតរូប​អនុស្សាវរីយ៍​ជាមួយ​ក្រុមគ្រួសារ និង​មិត្តភក្តិ​នៅទីនេះ ព្រោះ​វា​ជា​ប្រភេទ​ផ្កា​ដែល​កម្រ​នឹង​គេ​យកមក​ដាំ ហើយ​ចំពោះ​តម្លៃ​គឺ​សមរម្យ​មិន​ថ្លៃ​ទេ គឺអាច​ទទួលយកបាន​ព្រោះ​គេ​ពិបាក​នឹង​ដាំ​បាន​។​

 

សួនផ្កា​ដំណក់ទឹកភ្លៀង​កំពុង​ឆក់ យក​បេះដូង​ភ្ញៀវទេសចរ​មក​កម្សាន្ត​លេង​យ៉ាងច្រើន​ក្នុង​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ឆ្លង​ឆ្នាំ​

PLB Banner on article detail