កសិដ្ឋាន​ខ្នាតតូច​ចិញ្ចឹម​ទាកាប៉ា និង​មាន់​ស្រែ ជា​លក្ខណ​:​គ្រួសារ ទទួលបាន​ជោគជ័យ ធ្វើ​ឲ្យ​ជីវភាព​ល្អប្រសើរ​

ថ្ងៃពុធ 30 ធ្នូ 2020, 9:27

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​១​គ្រួសារ បាន​សម្តែង​នូវ​ការសប្បាយរីករាយ​យ៉ាងខ្លាំង ខណ​:​កសិដ្ឋាន​ចិញ្ចឹម​ទាកាប៉ា និង​មាន់​ស្រែ​នៅក្នុង​ចម្ការ​មួយកន្លែង ទទួលបាន​ជោគជ័យ​គឺ​ចាប់​លក់​រាល់ថ្ងៃ ដោយ​ក្នុង​១​ខែៗ ទទួលបាន​ថវិកា ចាប់ពី​៣​ទៅ​៤​លាន​រៀល​។​

 

​បើទោះបីជា​បញ្ហា​កូ​វីដ​-១៩ រំខាន​ដល់​អាជីវកម្ម និង​មុខរបរ​ប្រជាពលរដ្ឋ​មួយចំនួន ក៏​ការចិញ្ចឹម​សត្វ​របស់គាត់ គ្មាន​បញ្ហា​អ្វី​នោះដែរ ពោល​គឺមាន​ដំណើរការ​ទៅមុខ​យ៉ាង​រលូន​តែម្តង ។ ណាមួយ​ដីចម្ការ​ដែល​គាត់​ចិញ្ចឹម​គឺ​ធំ ល្ងឹ​ង​ល្ងើ​យ ស្រឡះ​ល្អ មានទឹក​គ្រប់គ្រាន់ នៅ​ដាច់ដោយឡែក​ពី​អ្នកភូមិ​ដទៃ ។​

 

​កសិករ​ម្នាក់ ឈ្មោះ គឹម សុគន្ធា ភេទ​ស្រី អាយុ​៤០​ឆ្នាំ ប្តី ឈ្មោះ ហឿង សុគា រស់នៅក្នុង​ភូមិ​អូរ​ខ្ទឹង សង្កាត់ អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​បានអោយ​អ្នកយកព័ត៌មាន​យើង​ដឹង​កាលពី​ថ្ងៃទី​២៩ ធ្នូ ឆ្នាំ ២០២០​នេះ ដោយបាន​ចិញ្ចឹម​ទាកាប៉ា​ជាង​១០០០​ក្បាល និង​មាន់​ស្រែ​ជាង​១០០០​ក្បាល ព្រម​ទាំ​ងុ​មាន​មាន់​សាច់​ខ្មៅ ឆ្អឹង​ខ្មៅ នៅលើ​ដីចម្ការ​របស់​បង​ប្អូន ដែល​ខ្លួន​កំពុង​មើលថែទាំ​នៅ​ទីនោះ​។

 

​គាត់​បាន​រៀបរាប់​បន្តថា គាត់​និង​ប្តី បាន​ទៅ​ដេកចាំ​មើលថែ​ចម្ការ​ឱ្យ​បងប្អូន​នៅក្នុង​ភូមិ​ខាងលើ ហើយក៏​រក​វិធី ដើម្បីឱ្យ​ជីវភាព​ប្រសើរ​ជាង​មុន ទើប​ពេល​បើក​បាន​ប្រាក់​ឈ្នួល​ពី​ម្ចាស់​ចម្ការ​កាលពី​ឆ្នាំ​២០១៩ ក៏​យកទៅ​ទិញ​ពូជ​ទាកាប៉ា និង​ពូជ​មាន់​ស្រែ​ដាក់​ចិញ្ចឹម​តែម្តង ។​

 

ចិញ្ចឹម​មុនដំបូង គាត់​ចិញ្ចឹម​ទាកាប៉ា​ត្រឹមតែ​១២​ក្បាល​ប៉ុណ្ណោះ ហើយនឹង​មាន់​ស្រែ​តិចតួច លុះ​យូរៗ ទៅ ក៏​ចេះតែ​កើតកូន​ច្រើនឡើងៗ ជា​បន្តបន្ទាប់​រហូតមក​ដល់​ឆ្នាំ​២០២០​នេះ លក់បាន​ថវិកា​សម្រាប់​សងបំណុល​គេ និង​ទុក​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ផងដែរ ។ ចំពោះ​សត្វ​ទាកាប៉ា ១​ក្បាល គាត់​លក់​ក្នុងតម្លៃ​១២០០០​រៀល​ទៅ​១៣០០០​រៀល (១​ក្បាលមាន​ទម្ងន់ ២.៥​ទៅ​៣​គីឡូក្រាម​) បើ​លក់រាយ​ក្នុងភូមិ​បាន​១​គីឡូគ្រាម តម្លៃ​១៥០០០​រៀល ។ ចំណែក​មាន់​ស្រែ​វិញ គាត់​លក់​ក្នុង​១​ក្បាល តម្លៃ​១៧០០០​រៀល ទៅ​១៨០០០​រៀល ដោយ​ក្នុង​១​ខែ គឺ​លក់​អស់​ជាច្រើន​ក្បាល​ជា​ហូរហែ គិត​ជា​ទឹកប្រាក់​ប្រហែល ៣​ទៅ​៤​លាន​រៀល ដែល​ធ្វើឱ្យ​ជីវភាព​គ្រួសារ​របស់គាត់ កាន់តែ​ធូរធា បន្តិច​ម្តងៗ អាចឱ្យ​ហូបចុក​គ្រប់គ្រាន់ ឱ្យ​កូន​រៀនសូត្រ​ចេះដឹង​នឹង​គេ ទោះបីជា​ជម្ងឺ​កូ​វីដ​១៩ កំពុង​កើតឡើង​ក៏​គ្មាន​បញ្ហា​នោះដែរ ។​

 

ចំពោះ​ការ​ចិញ្ចឹមសត្វ​ទាកាប៉ា និង​មាន់​ស្រែ​ទាំងនេះ រហូតមក​ដល់ពេល​ឥឡូវ គឺ​ទាកាប៉ា​កើនឡើង​ជាង​១០០០​ក្បាល និង​មាន់​ស្រែ​ក៏​ជិត​១០០០​ក្បាល​ដែរ ។

 

​ស្ត្រី​ខាងលើ​រៀបរាប់​ទាំង​ទឹកមុខ​ញញឹមញញែម​បន្តទៀតថា គាត់​ក៏បាន​ចិញ្ចឹមសត្វ​មាន់​សាច់​ខ្មៅ ឆ្អឹង​ខ្មៅ ជាច្រើន​ក្បាល​ផងដែរ ដោយ​យក​ពូជ​មកពី​ខេត្តបន្ទាយមានជ័យ ហើយ​មាន់​មេ សាច់​ខ្មៅ​១​ក្បាល ទម្ងន់​ជាង​១​គីឡូក្រាម អាច​លក់បាន​ក្នុងតម្លៃ​៥​ម៉ឺន​រៀល និង​មាន់​ឈ្មោល​សាច់​ខ្មៅ​១​ក្បាល​លក់បាន​តម្លៃ​១០​ម៉ឺន​រៀល រីឯ​កូន​មាន់​សាច់​ខ្មៅ​តូចៗ ១​ក្បាល លក់​តម្លៃ​ក្នុង​១​ក្បាល​លក់បាន​ថ្លៃ​៨០០០​រៀល ។ ព្រោះ​សាច់មាន់​ប្រភេទ​សាច់​ខ្មៅ ឆ្អឹង​ខ្មៅ​នេះ មាន​រសជាតិ​ឆ្ងាញ់ ហើយ​ត្រូវ​ថ្នាំ​ព្យាបាល​រោគ​ថែមទៀត ។​

 

​គាត់​បញ្ជាក់ទៀតថា ការចិញ្ចឹម​មាត់ ទា នៅក្នុង​ចម្ការ​នេះ គឺ​ដី​ធំ​ស្រឡះ​ល្អ អត់​សូវ​មាន​ជម្ងឺ ទោះបីជា ឈឺ​តិចតួច តែ​គាត់​មាន​វិធី​ក្នុងការ​ព្យាបាល និង​ចាប់​មាន់​ដែលមាន​ជម្ងឺ​ចេញពី​គេ ។ ចំណែក​សត្វ​ទា គឺ​ងាយស្រួល​ចិញ្ចឹម ហើយ​លក់​ឱ្យ​ម៉ូយ​ចូលទៅ​ទិញ​ជា​រៀងរាល់ថ្ងៃ ហើយ​ជួនកាល​មាន​បងប្អូន​មកពី ជិត​ឆ្ងាយ​ចូលទៅ​លេង ក៏​កាប់​ទទួលភ្ញៀវ​ធ្វើ​ម្ហូបអាហារ​មិន​ខ្វះ​នោះឡើយ ។

 

​គាត់​និង​ពង្រីក​កសិដ្ឋាន​មួយ​នេះដែរ​នៅ​ថ្ងៃ​ខាងមុខ មិន​ត្រឹមតែ​ចិញ្ចឹម​ទាកាប៉ា មាន់​ស្រែ និង​មាន់​សាច់​ខ្មៅ ឆ្អឹង​ខ្មៅ ប៉ុណ្ណោះ​ទេ គាត់​នឹង​រៀបចំ​ចិញ្ចឹមសត្វ​ក្ងាន​ថែមទៀត ព្រោះ​ធំ លក់បាន​ថ្លៃ ពោលគឺ​១​ក្បាល អាច​លក់បាន​ចាប់ពី​៧​ទៅ​១០​ម៉ឺន​រៀល​ឯណោះ ៕​

 

កសិដ្ឋាន​ខ្នាតតូច​ចិញ្ចឹម​ទាកាប៉ា និង​មាន់​ស្រែ ជា​លក្ខណ​:​គ្រួសារ ទទួលបាន​ជោគជ័យ ធ្វើ​ឲ្យ​ជីវភាព​ល្អប្រសើរ​

PLB Banner on article detail

អត្ថបទពេញនិយម