​កម្ពុ​ជាមាន​សាច់​ប្រាក់សុទ្ធ​ក្នុង​ដៃ ១៣​លាន​លាន​រៀល ទុនបម្រុង​អន្តរជាតិ​ជាង ២០​ពាន់​លាន​ដុល្លារ និង​មាស​ជាង ៤៤​តោន​

ថ្ងៃពុធ 30 ធ្នូ 2020, 8:47

​ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា កម្ពុ​ជាមាន​សាច់​ប្រាក់សុទ្ធ​ក្នុង​ដៃ​ប្រមាណ ១៣​លាន​លាន​រៀល ទុនបម្រុង​អន្តរជាតិ​ជាង ២០​ពាន់​លាន​ដុល្លារ និង​មាស​ជាង ៤៤​តោន  សម្រាប់​ទុក​បំពេញតម្រូវការ សេដ្ឋកិច្ចជាតិ​។​

 

​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ដូច្នេះ ដើម្បី​ឆ្លើយតប​ទៅ នឹង​មជ្ឈដ្ឋាន​មួយចំនួន ជាពិសេស​ក្រុមប្រឆាំង​នៅក្រៅ​ច្បាប់ បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន រៃអង្គាស​លុយ​ដើម្បី បើកប្រាក់​ខែ​ឱ្យ​មន្ត្រីរាជការ ។​ក្នុងឱកាស​ថ្លែង​សារ​ពិសេស​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា និង​សមិទ្ធផល​កើត​ពី​នយោបាយ ឈ្នះ​-​ឈ្នះ​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២០ ចេញពី​ភូមិគ្រឹះ​សម្តេច នា​ក្រុង​តាខ្មៅ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា គិត​ត្រឹម​ម៉ោង ៥ ថ្ងៃទី ២៨ ខែ ធ្នូ កម្ពុ​ជាមាន​សាច់​ប្រាក់សុទ្ធ​កាន់​ក្នុង​ដៃ ដែល​ទុក​នៅ​រតនាគារជាតិ ប្រមាណ ១៣​លាន​លាន​រៀល ស្មើនឹង​(​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​) និង​មាន​ទុនបម្រុង​អន្តរជាតិ​ជាង ២០​ពាន់​លាន​ដុល្លារ ក្នុងនោះ​ក៏មាន​មាស ៤៤​តោន ៤​រយ​គីឡូក្រាម​ផងដែរ ។​

 

​សម្តេច​តេ​ជោ បន្តថា ចំពោះ​ទុនបម្រុង​អន្តរជាតិ​គឺជា​របាយការណ៍​ទើប​ចេញ​កាលពី​ថ្ងៃទី​២៥ ធ្នូ​ទេ ទុនបម្រុង​ផ្លូវការ​របស់​ប្រទេស​កម្ពុជា មាន​ជាង ២០​ពាន់​លាន​ដុល្លារ ក្នុងនោះ​ក៏មាន​មាស ៤៤​តោន​៤​រយ​គីឡូក្រាម​ផងដែរ ជា​កេរ្តិ៍មរតក​របស់​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ​។​

 

​សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា ចំពោះ​មាស​ទាំង ៤៤​តោន ៤​រយ​គីឡូក្រាម​នេះ មាន​តម្កល់​នៅ​ប្រទេស​ស្វី​ស​ចំនួន ១២​តោន ៤​រយ​គីឡូក្រាម ជា​មរតក​របស់​ព្រះ​បរម​រតន​កោដ្ឋ​បន្សល់ទុក​តាំងពី​សម័យ​សង្គម​រាស្ត្រ និយម​,​តម្កល់ទុក​នៅ​ធនាគារ កណ្ដាល​អង់គ្លេស ១៧​តោន​ទើបតែ​ទិញ​ថ្មី  និង​ចំនួន ១៥​តោន តម្កល់ទុក​នៅ​ធនាគារជាតិ​កម្ពុជា ។​

 

«​អ្នកខ្លះ​ថា​រដ្ឋាភិបាល​ហ៊ុនសែន​ចង់​អស់​លុយ​បើក​ប្រាក់ខែ ទៅ​ប្រមូល រៃអង្គាស​លុយ​មក​បើក​ប្រាក់ខែ ប៉ុន្តែ​ខ្ញុំ​សូមបញ្ជាក់ បើ​គិត​ត្រឹម​ម៉ោង​៥ ពី​ម្សិលមិញ ជា​សាច់ប្រាក់​នៅក្នុង​រតនាគា​រ​តែម្ដង គឺមាន​១២ លាន​លាន ៩​សែន ៩​ម៉ឺន​៩​ពាន់​រៀល នេះ​លេខ​៩ រហូត និយាយ​ទៅ​១៣​លាន​លាន រៀល ក្នុង​១​លាន​លាន ស្មើនឹង​២៥០ លាន​ដុល្លារ  អ៊ឺ​ចឹ​ង ១០ លាន​លាន ស្មើនឹង​២៥០០​លាន ខេត្ត​មួយ​នោះ​នៅសល់​២​ពាន់​លាន​ទៀត មាស​៥​តោន​ទៀត ដូច្នេះ​វា​៣​ពាន់​លាន​អត់​ទាន់​ស្រកស្រុត​ទេ​អាពៅ  ផ្តាំ​ពី​ចម្ងាយ​ទៅ ។

 

បន្ថែម​លើ​នោះ​ប្រាប់​ឱ្យអស់​ឱ្យ​ហើយ​ទៅ​កុំឱ្យ​វា​ពិបាកទៅ​សួរ​អ្នកណា​ទៅ​សួរ​ទៅ សូមបញ្ជាក់​អានេះ​ជា​សាច់ប្រាក់​សន្សំ មិនមែន​តួលេខ​ទេ​គឺ​សាច់ប្រាក់​តែម្ដង តែ​ទុនបម្រុង​អន្តរជាតិ​មាន​មួយ​ផ្សេងទៀត ដែល​ខ្ញុំ​ប្រាប់​តួលេខ​ឱ្យបាន​ភ្លឺភ្នែក នេះ​គឺ​របាយការណ៍​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​នេះ​ទេ ទុនបម្រុង​ផ្លូវការ​របស់​ប្រទេស​កម្ពុ​ជាមាន​ជាង​២០​ពាន់​លាន​ដុល្លារ ក្នុងនោះ ក៏មាន​បរិមាណ​មាស ៤៤​តោន​៤​រយ​គីឡូក្រាម ហើយ​ឱ្យគេ​សរសេរ​សំបុត្រ​ទៅរក​ទៅ ជា​កេរ្តិ៍មរតក​របស់​ព្រះករុណា​បិតា នៅ​ប្រទេស​ស្វី​ស​ចំនួន​១២​តោន​៤​រយ​គីឡូក្រាម ជា​មរតក​របស់​ព្រះករុណា​បិតា​ព្រះអង្គ​រក្សាទុក តម្កល់​នៅ​ទីនោះ ជា​កេរ្តិ៍​សល់​តាំងពី​សង្គមរាស្ត្រនិយម  » ៕

​កម្ពុ​ជាមាន​សាច់​ប្រាក់សុទ្ធ​ក្នុង​ដៃ ១៣​លាន​លាន​រៀល ទុនបម្រុង​អន្តរជាតិ​ជាង ២០​ពាន់​លាន​ដុល្លារ និង​មាស​ជាង ៤៤​តោន​

PLB Banner on article detail