សហគមន៍​អេកូ​ទេសចរណ៍​(​ទឹកធ្លាក់​អូរ​ជាំ​) ទាក់ទាញ​ភ្ញៀវទេសចរ​ដោយ​ការ​បោះតង់​សម្រាក​ពេលយប់​

ថ្ងៃច័ន្ទ 28 ធ្នូ 2020, 15:57

​ខេត្តបាត់ដំបង​! សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ គឺជា​តំបន់​ទេសចរណ៍ធម្មជាតិ​ដ៏​មាន​សក្តានុពល​មួយ​ដែលមាន​ចំងាយ​ប្រមាណ​១០០ គីឡូម៉ែត្រ​ពី​ក្រុង​បាត់ដំបង ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​អូរ​ជាំ​លើ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង ។​

 

​បើតាម​ការបញ្ជាក់​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​បានអោយដឹងថា សហគមន៍​អេកូ​ទេសចរណ៍ (​ទឹកធ្លាក់​អូរ​ជាំ​)​គឺជា​តំបន់​ទេសចរណ៍​មួយ​ដែល​សំបូរ​ទៅដោយ​ដើមឈើ​ធំៗ​ចម្រុះ ផ្តល់នូវ​ម្លប់​យ៉ាង​ត្រជាក់ និង​ខ្យល់អាកាស​បរិសុទ្ធ​ល្អ និង​មាន​ទឹកធ្លាក់​ចុះមក​ពីលើ​ភ្នំ​ដែលមាន​ប្រភព​មកពី​បឹង​ដ៏​ធំ​មួយ​ទំហំ​ប្រមាណ​ជាង​២​ហិច​តា លើ​កំពូលភ្នំ​ដែល​អ្នក​នៅ​តំបន់​នោះ​ហៅថា​បឹង​ទន្លេ​ផែន ហូរ​កាត់​តាម​ផ្ទាំង​ថ្ម​ធំៗ​ជាច្រើន​ដំណាក់ ដែល​បង្កើត​អោយ​ទឹក​មាន​សភាព​ថ្លា​ឆ្វង់ និង​ត្រជាក់​ដូច​ទឹក​អ​ម្រិ​ត​។

 

​ទីតាំង​ដ៏​អំនោយផល​នេះ បានផ្តល់​នូវ​បរិស្ថាន​ដ៏​ប្រសើរ​ចំពោះ​ការរស់នៅ​របស់​មច្ឆា បក្សាបក្សី ប្លែកៗ​គួរ​ជាទី​គយគន់ និង​មាន​ទី​ភ្នំ​ខ្ពស់ៗ​អមដោយ​រុក្ខជាតិ​និង​ស្មៅ​ដុះ​ខៀវខ្ចី បាន​បង្កើន​នូវ​ថាមពល​ដល់​ភ្ញៀវទេសចរ​ដែល​ទៅ​កម្សាន្ត​សប្បាយ និង​ផ្តល់នូវ​សេវាកម្ម​ដល់​ភ្ញៀវទេសចរ​ជាច្រើន​ដូចជា​: -​សេវា​ស្នាក់នៅ  -​សេវា​ម្ហូបអាហារ​និង​ភេសជ្ជៈ -​និង​សេវា​មគ្គុទេសក៍​ទេសចរណ៍​សហគមន៍​ផងដែរ​។​

 

​លោក ម៉េង ជាំ​ង អ្នកគ្រប់គ្រង​សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ​បានបញ្ជាក់​អោយដឹងថា តំបន់​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ​មាន​សេវាកម្ម​ជាច្រើន​សម្រាប់​ភ្ញៀវ​ដូចជា​
- ការដើរ​ទស្សនា​កម្សាន្ត​តាម​លើ​ភ្នំ និង​ទឹកជ្រោះ​ដែលមាន​ច្រើន​ដំណាក់​ផ្តល់នូវ​រសជាតិ​អារម្មណ៍​ប្លែកៗ​ពីគ្នា​
- ការ​ងូត​ទឹកជ្រោះ​កម្សាន្ត​
- ការ​ពិសារ​អាហារ​ប្លែកៗ​ក្នុង​តំបន់ ដែល​ចំអិន​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​នៅក្នុង​សហគមន៍​ផ្ទាល់​
- ការបោះ​តង់​ស្នាក់នៅ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​
- ការ​ទស្សនា​ហ្វូង​មេអំបៅ​
- ការកម្សាន្ត​ពេល​រាត្រី​ដោយ​ដុត​ភ្នក់ភ្លើង​ជា​ក្រុមៗ​
- ការសិក្សា​ស្រាវជ្រាវ ស្វែងយល់ ពី​សហគមន៍​
- ការទទួលបាន​នូវ​បទពិសោធន៍​ថ្មី​ប្លែក ជាមួយនឹង​ធម្មជាតិ​នៃ​បេះដូង​របស់​ស្រុក​សំឡូត​។​

 

សហគមន៍​អេកូ​ទេសចរណ៍​(​ទឹកធ្លាក់​អូរ​ជាំ​) ទាក់ទាញ​ភ្ញៀវទេសចរ​ដោយ​ការ​បោះតង់​សម្រាក​ពេលយប់​

PLB Banner on article detail

អត្ថបទពេញនិយម