ឆ្នាំនេះ កម្ពុជា​រំពឹងថា ប្រមូលបាន​ផល​នេសាទ​ជាង ៩៣​ម៉ឺន​តោន​

ថ្ងៃសុក្រ 25 ធ្នូ 2020, 9:57

​ផល​នេសាទ​ប្រមូលបាន ក្នុង​ឆ្នាំ ២០២០ នេះ ត្រូវ​រំពឹងថា នឹងមាន​ចំនួន​ជាង ៩៣ ម៉ឺន​តោន កើន​ប្រមាណ ៣ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០១៩ ក្នុងនោះ​ផល​ពី​វារីវប្បកម្ម​មាន​កំណើន​ជាង ៣០ ភាគរយ​។ នេះ​បើ​យោងតាម​ទិន្នន័យ​ពី​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

 

​ក្នុងពេល​ចុះទៅពិនិត្យ​សកម្មភាព​នៃ​ការទិញ​ត្រី​ធ្វើ​ផ្អក ប្រហុក ត្រីងៀត និង​ត្រីឆ្អើរ​នៅក្នុង​ស្រុក​ពញាឮ ខេត្តកណ្តាល កាលពីពេល​ថ្មីៗ​នេះ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​និយាយថា ផល​នេសាទ​សរុប​ក្នុង​ឆ្នាំ ២០២០ នេះ នឹងមាន​កំណើន​តិចតួច​ធៀប​នឹង​ឆ្នាំមុន ដោយ​ក្នុងនោះ​ផល​ពី​ការចិញ្ចឹម​លក្ខណៈ​វារីវប្បកម្ម កំពុង​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុងស្រុក ដោយមាន​កំណើន​រហូត​ដល់​ជាង ៣០ ភាគរយ​។​

 

​ឯកឧត្តម​បន្តថា តួលេខ​នេះ​បញ្ជាក់​យ៉ាងច្បាស់​ថា អនុវិស័យ​វារីវប្បកម្ម​បាននិងកំពុង​បំពេញ​តួនាទី​យ៉ាងសំខាន់​ក្នុងការ​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុងស្រុក​ជំនួស​ឱ្យ​ផល​នេសាទ​ដាយ​ត្រី និង​ផល​នេសាទ​ក្នុង​ដែន​នេសាទ ស្របតាម​បំណងប្រាថ្នា​របស់​សម្តេច​តេ​ជោ គឺ​ត្រូវ​ជំរុញ​ផលិតកម្ម​ស្បៀង​តាមរយ​:​ការចិញ្ចឹម​ត្រី​ជា​លក្ខណៈ​គ្រួសារ​។​

 

 

​សម្រាប់​ផល​នេសាទ​ទឹកសាប​ឆ្នាំនេះ គឺ​អាចមាន​កម្រិត​ទាប​ជាង​ឆ្នាំមុន​ប្រមាណ ១៣ ភាគរយ​ដែល​ការធ្លាក់ចុះ​នេះ គឺ​ដោយសារ​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​ស្ថិតក្នុង​កម្រិត​ទាប ហើយ​តាម​លក្ខណៈ​បច្ចេកទេស រួមទាំង​វិសាលភាព​នៃ​ទឹកជំនន់​ក្នុង​បឹង​ទន្លេសាប ការប្រែប្រួល​អាកាសធាតុ រដ្ឋបាល​ជលផល​ព្យាករ​ថា ផល​នេសាទ​ទឹកសាប​ឆ្នាំនេះ​អាច​ទាប​ជាង​ឆ្នាំ ២០១៩៕​

ឆ្នាំនេះ កម្ពុជា​រំពឹងថា ប្រមូលបាន​ផល​នេសាទ​ជាង ៩៣​ម៉ឺន​តោន​
ឆ្នាំនេះ កម្ពុជា​រំពឹងថា ប្រមូលបាន​ផល​នេសាទ​ជាង ៩៣​ម៉ឺន​តោន​

PLB Banner on article detail