​រដ្ឋមន្ត្រី​កសិកម្ម​បញ្ជាក់ថា គ្មាន​ការ នាំ​ស៊ុតទា​ចូល​ទេ​

ថ្ងៃព្រហស្បតិ៍ 24 ធ្នូ 2020, 13:6

ភ្នំពេញ​៖ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ ​និង​នេសាទ បាន​មានប្រសាសន៍ថា មិន​មានការ​នាំចូល​ស៊ុតទា​ពី​ប្រទេស​​ជិតខាង​ទេ ហើយ​អំពាវនាវ​ឱ្យ​អាជីវករ អ្នក​ចិញ្ចឹមសត្វ ជាពិសេស​ចិញ្ចឹម​មាន់​ទាយក​ស៊ុត បើ​បានដឹង​ព័ត៌មាន​អំពី​ការ​លួច​នាំចូល​ស៊ុតមាន់​-​ទា​ពី​​ប្រទេសជិតខាង ត្រូវ​ទាក់ទង​មក​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​មន្ត្រី​ចុះ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស ឱ្យបាន​ទាន់ពេលវេលា ។​

 

​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​មានប្រសាសន៍ថា ប៉ុន្មាន​ថ្ងៃនេះ​តម្លៃ​ពង​ទា​ចុះថោក ប៉ុន្តែ​ប្រជាពលរដ្ឋ​មិនបាន​ដឹងថា ពេលនេះ​គឺជា​រដូវ​ត្រី ត្រូវ​ហើយ ប្រជាពលរដ្ឋ​ម្នាក់​មិនមែន​ហូប​តែ​ពង​ទារ​ហូត​នោះទេ ។

 

ឯកឧត្តម​បាន​បន្តថា ចំណែកឯ​សណ្ឋាគារ​ធំៗ​មិន​ដំណើរការ ហើយ​ពិធី​ធំៗ​ត្រូវ​បិទ ដូច្នេះ​ស៊ុតទា​ក៏​មិនសូវមាន​តម្រូវការ​ដែរ ដូច្នេះ​បានធ្វើឱ្យ​តម្លៃ​ស៊ុតទា​ចុះថោក ប៉ុន្តែ​គ្មាន​ករណី​ការ​នាំចូល​ស៊ុតទា​មកពី​ក្រៅប្រទេស​ទេ​។

 

​ការបំភ្លឺ​ដូច្នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​អ្នក​ចិញ្ចឹម​ទាយក​​ស៊ុត​មួយចំនួន​បាន​លើកឡើងថា មាន​​ការបើក​ឱ្យ​នាំចូល​ស៊ុត ពី​ប្រទេសជិតខាង ដែល​ធ្វើឱ្យ​តម្លៃ​ស៊ុត​ធ្លាក់​ថ្លៃ​លក់​ចេញ​ក្រោម​៣០០​រៀល ក្នុង​១​គ្រាប់​។​​ឯកឧត្តម​បាន​បញ្ជាក់ថា តាម​របាយការណ៍ មិនមាន​ការអនុញ្ញាត​ឱ្យ​នាំ​​ចូល​ស៊ុត​នោះទេ ហើយ​ក្នុងករណី​
​មាន បើ​ឃើញជាក់ស្តែង​គឺ​រាយការណ៍​ជាបន្ទាន់ តាមរយៈ​លេខ​ទូរ​សព្ទ​របស់​អគ្គនាយក​ដ្ឋា​ន​សុខភាព​និង​ផលិតកម្ម​សត្វ គឺ នឹង​ចាប់​ហើយ​សួរ​​នាំ​ពី​ការអនុញ្ញាតឱ្យ​នាំចូល តើ​អង្គភាព​ណា​ឬ​ពី​ក្រសួង​ណា ?​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​កសិក​រ​ចិញ្ចឹម​។

 

​​ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ថា ក្រោយពី​ទទួលបាន​ដំណឹង​ពី​ការ​ត្អូញត្អែរ ចូលក្នុង​ហ្វេ​ស​បុក​ផ្ទាល់​របស់ខ្ញុំ ខ្ញុំ​បាន​​បញ្ជា​ឱ្យ​ឯកឧត្តម​អគ្គនាយក នៃ​អគ្គនាយដ្ឋាន សុខភាព និង​ផលិតកម្ម​សត្វ​ធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់ អំពី​តម្លៃ​ពង​ទា​នៅ​ប្រទេស​វៀតណាម ហើយ​ពង​ទា​នៅ​កម្ពុជា គឺ​តម្លៃ​ដូចគ្នា​ប្រហាក់ប្រហែលគ្នា ហើយ​គេ​អាច​ថ្លៃ​ជាង​យើង​ផង ។ ជា​អ្វីដែល​យើង​បាន​មើលឃើញថា មិនមាន​បាតុភាព​ការ​​នាំចូល​ទេ ។

 

ទន្ទឹមនឹងនោះ អគ្គនាយដ្ឋាន​បានប្រកាស​ជូន​ថា ក្នុងករណី​ប្រជាជន​ណា​ពិនិត្យឃើញថា​មានការ​នាំចូល​ដោយ​ខុសច្បាប់​ត្រូវ​រាយការណ៍​ជាបន្ទាន់​មក​អគ្គនាយដ្ឋាន​សុខភាព​និង​ផលិតកម្ម​សត្វ​ហើយនឹង​បានដាក់​លេខ​ទូរស័ព្ទ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​រួចជាស្រេច​បើ​មាន​អ្នកណា​ឃើញថា​នាំ​ចូលមក​ខុសច្បាប់​គឺ​មន្ត្រី​អគ្គនាយដ្ឋាន​សុខភាព​និង​ផលិតកម្ម​សត្វ​គឺ​ទៅ​ចាប់​តែម្តង ។ ព្រោះ​កន្លងទៅ​អគ្គនាយដ្ឋាន​សុខភាព​និង​ផលិតកម្ម​សត្វ​មិនដែល​អនុញ្ញាតឱ្យ​បុគ្គល​ណា​ឬ​ឈ្មួញ​ណា​នាំចូល​ស៊ុត​ពី​ប្រទេស​វៀតណាម​នោះទេ » ។​

 

​ឯកឧត្តម​បាន​បញ្ជាក់ថា កម្ពុ​ជាមាន​សេចក្តីត្រូវការ​ម្ហូបអាហា​រ​គឺមាន​ទំហំ​ល្មម បើសិនជា​ជំរុញ​ការផលិត​ច្រើន​នោះ​នឹង​គ្មាន​ទីផ្សារ ដូច​បរិបទ​មួយរយៈ​នេះ​មិនមែន​តែ ត្រី​និង​ស៊ុត​នោះទេ សូម្បីតែ​បន្លែ​ក៏មាន​បញ្ហា​ផងដែរ ។

 

ឯកឧត្តម​ឱ្យដឹងទៀតថា ណាមួយ​នៅពេលដែល​រដូវ​ត្រជាក់​មក​គឺ​អ្វី​សុទ្ធតែ​ល្អ​ទាំងអស់ ដូចជា​ការចិញ្ចឹម​សត្វ​ល្អ​មិនសូវមាន​ការកើត​ជំងឺ ត្រី​ក៏​សម្បូរ ចំណែកឯ​បន្លែ​ក៏​ល្អ​ដូចគ្នា​មិនសូវមាន​ដង្កូវ​និង​សត្វ​ចង្រៃ ដូច្នេះ​ធ្វើឱ្យ​ជន់​ជោរ ខណៈដែល​ប្រជាពលរដ្ឋ​មិនមាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយនឹង​គម្រោង​កម្ម​វិធី ពួកគាត់​ចេះតែ​នឹង​ឃើញ​គាត់​ធ្វើឱ្យ​ផលិតផល​កសិកម្ម​ទាំងអស់​ជន់​ជោរ ធ្វើឱ្យ​តម្លៃ​ចុះថោក​មិនមាន​ទីផ្សារ ។​

 

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២១ ខែធ្នូ អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ ជម្រាបជូន​សាធារណជន​ថា ក្នុងករណី​អាជីវករ អ្នក​ចិញ្ចឹមសត្វ ជាពិសេស​អ្នក​ចិញ្ចឹម​មាន់​-​ទាយក​ស៊ុត បានដឹង​ព័ត៌មាន​ពី​ការ​លួច​នាំចូល​ស៊ុតមាន់​-​ទា​ពី​ប្រទេសជិតខាង សូម​ទំនាក់ទំនង​មក​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​តាមរយៈ​ទូរស័ព្ទ​លេខ ០១២ ៨២៨ ២០៩ ដើម្បី​ចុះ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ និង​ផលិតផល​សត្វ​ស្របតាម​ច្បាប់​ស្តីពី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ៕

 

អត្ថបទ៖ ក្រសួងព័ត៌មាន​

​រដ្ឋមន្ត្រី​កសិកម្ម​បញ្ជាក់ថា គ្មាន​ការ នាំ​ស៊ុតទា​ចូល​ទេ​
​រដ្ឋមន្ត្រី​កសិកម្ម​បញ្ជាក់ថា គ្មាន​ការ នាំ​ស៊ុតទា​ចូល​ទេ​

PLB Banner on article detail

អត្ថបទពេញនិយម