សិស្សសាលា​ថៃ នាំគ្នា​យក​ឯកសណ្ឋាន​សិស្ស​ទៅ​ព្យួរ​ពេញ​របង​ក្រសួង​អប់រំ​

ថ្ងៃច័ន្ទ 14 ធ្នូ 2020, 10:19

​ក្រុមសិស្ស​សាលា​ថៃ​ដែលមាន​ឈ្មោះថា​ក្រុម “Bad Student” កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​បាន​ប្រមូលផ្តុំ​គ្នា​សាជាថ្មី​ម្តងទៀត​នៅមុខ​ក្រសួង​អប់រំ​ថៃ ដើម្បី​ធ្វើការ​ទាមទារ​ឲ្យ​ក្រសួង​លុបចោល​នូវ​បទបញ្ជា​ដែល​តម្រូវ​ឲ្យ​ក្រុម​កូនសិស្ស​ត្រូវតែ​ពាក់​ឯកសណ្ឋាន​ពេល​ទៅ​សាលារៀន​។ ការប្រមូលផ្តុំ​គ្នា​លើក​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ម៉ោង ៤ ល្ងាច​តាំងពីដើម​ខែធ្នូ នៅ​បរិវេណ​មុខក្រសួង​អប់រំ​ក្នុង​ទីក្រុង​បាងកក ដោយមាន​ការចូលរួម​ពី​សំណាក់​កូនសិស្ស​ថ្នាក់​វិទ្យាល័យ​រាប់រយ​នាក់ នេះ​បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​សារព័ត៌មាន បាងកក​ប៉ុស្តិ៍​។​

 

​ប្រភព​ខាងលើ​បាន​បន្តថា ការប្រមូលផ្តុំ​គ្នា​របស់​ក្រុមសិស្ស​សាលា​នេះ​ត្រូវបាន​ធ្វើឡើង​ដោយ​ស្របច្បាប់ ដោយ​ពួកគេ​បាន​ស្នើសុំ​ការអនុញ្ញាត​ពី​ការិយាល័យ​ប៉ូលិស​ក្រុង​យ៉ាង​ត្រឹមត្រូវ​តាមច្បាប់​នៃ​ការធ្វើ​បាតុកម្ម​។​

 

​ក្នុងពេល​ធ្វើការ​តវ៉ា​នោះ​ក្រុម​សិស្សសាលា​ថែមទាំង​បាន​យក​ឯកសណ្ឋាន​កូនសិស្ស និង​ក្រណាត់​ចម្រុះ​ពណ៌​ទៅ​ព្យួរ​តាម​របង​ក្រសួង​អប់រំ​ទៀតផង ដើម្បី​បង្ហាញ​ពី​គោលបំណង​តែមួយគត់​របស់​ពួកគេ គឺ​ការអនុញ្ញាត​ឲ្យ​ពួកគេ​ស្លៀកពាក់​ដោយ​សេរី​ពេល​ទៅ​សាលារៀន​។

 

លោក Niphon Kongveha ដែលជា​ជំនួយការ​នៃ​គណៈកម្មការ​អប់រំ​មូលដ្ឋាន​ថៃ​និង​ជា​អ្នកតំណាង​ឲ្យ​ក្រសួង​អប់រំ​ថៃ​នោះបាន​ឲ្យ​ដឹងថា របាយការណ៍​ចុងក្រោយ​ដែល​ក្រសួង​ទទួលបាន​គឺមាន​កូនសិស្ស​ចំនួន ៥៨០ នាក់​នៅ​ទូទាំងប្រទេស​ដែល​បានទាមទារ​ឲ្យ​លុប​ចោលការ​ស្លៀកពាក់​ឯកសណ្ឋាន ហើយ​ចំនួន​នេះ​នៅ​មិនទាន់​អាច​បង្ហាញ​ពី​មតិ​ភាគច្រើន​នៅឡើយ​ទេ បើ​ធៀប​ទៅនឹង​ចំនួន​កូនសិស្ស​សរុប​។

 

យ៉ាងណាក្តី​លោក​បាន​បន្តថា រហូតមក​ទល់នឹង​ពេលនេះ​ខាង​ក្រសួង​នៅ​មិនទាន់​អនុវត្ត​វិធានការ​តឹងរឹង​ណាមួយ​ចំពោះ​ការ​ស្លៀកពាក់​ឯកសណ្ឋាន​នោះទេ ដោយ​សាលា​ទាំងអស់​នៅតែ​បើកទ្វារ​ទទួល​សិស្ស​ទាំងអស់​ដោយ​មិន​ប្រកាន់​លើ​ការ​ស្លៀកពាក់​របស់​ពួកគេ​ឡើយ​៕

 

សិស្សសាលា​ថៃ នាំគ្នា​យក​ឯកសណ្ឋាន​សិស្ស​ទៅ​ព្យួរ​ពេញ​របង​ក្រសួង​អប់រំ​
សិស្សសាលា​ថៃ នាំគ្នា​យក​ឯកសណ្ឋាន​សិស្ស​ទៅ​ព្យួរ​ពេញ​របង​ក្រសួង​អប់រំ​

PLB Banner on article detail

Tags

អត្ថបទពេញនិយម