រកឃើញ​ឆ្លង​កូ​វីដ​ថ្មី ២​នាក់​ទៀត ជា​អ្នក​ទៅ​ហាង Zando និង Pedro

ថ្ងៃអង្គារ 8 ធ្នូ 2020, 9:57

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ​នេះ​ថា មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី ចំនួន ២​នាក់​ទៀត ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​។ នោះ​គឺ​បុរស​ជនជាតិខ្មែរ ឈ្មោះ ស្រៀ​ន គីម​ស្រ៊ុន អាយុ ២២​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ បុរស​នេះ ជា​និស្សិត​ច្បាប់ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​ទៅ​ហាង Zendo បឹង​កេងកង នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។ រីឯ​ម្នាក់ទៀត ជា​ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ អៀម ធីតា អាយុ ៣៥​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បាន​ទៅ​ហាង Pedro នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។

 

ក្រសួងសុខាភិបាល បានប្រកាសថា កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ វត្ថុ​សំណាក ដែល​នៅសល់​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ២២៨​សំណាក បូក​បន្ថែមចំនួន​វត្ថុ​សំណាក ទទួលបាន​បន្ថែម​នៅ​ថ្ងៃទី​៦​ធ្នូ មកពី​ខេត្ត និង​រាជធានី​ភ្នំពេញ ដែលជា​ថ្ងៃ​ធ្វើតេស្ត​លើក​ទី​២ សម្រាប់​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា សរុប​មាន​ចំនួន ២៤៨៣​សំណាក ត្រូវបាន​ធ្វើតេស្ត​វិភាគ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺមាន​លទ្ធផល​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី ចំនួន ២​នាក់ ដែលជា​អ្នកជំងឺ​ខាងលើនេះ​។ ដោយឡែក មាន​នៅសល់​វត្ថុ​សំណាក ចំនួន ១៦០៥​សំណាក​ផ្សេងទៀត ដែល​ត្រូវ​វិភាគ​បន្ត នៅ​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០២០​។​

 

ក្រសួងសុខាភិបាល បានប្រកាស​ឲ្យ​អ្នក​ប៉ះពាល់​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា ទាំងអស់ អញ្ជើញ​ទៅធ្វើ​តេស្ត​ជា​លើក​ទី​២ នៅ​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ ដែល​ក្រសួងសុខាភិបាល រៀបចំ​ទីតាំងនៅ​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក រាជធានី​ភ្នំពេញ និង​នៅតាម​មន្ទីរ​សុខាភិបាល​ខេត្ត ( ដែល​ទទួលខុសត្រូវ​ក្នុង​ការរៀបចំ​ទីកន្លែង​នៅពេលនោះ សម្រាប់​អ្នកពាក់ព័ន្ធ​នៅតាម​ខេត្ត )​។​

 

សូម​រម្លឹកថា ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃ​២៨​វិច្ឆិកា គិត​មកដល់​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ មាន​អ្នក​ឆ្លង​សរុប ៣៤​នាក់​។ រីឯ​អ្នកធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ មាន​ចំនួន​ជាង ១​ម៉ឺន​នាក់​ហើយ​។​

 

ទន្ទឹម​នឹងមាន​អ្នក​ឆ្លង​កូ​វីដ​ថ្មី​២​នាក់ កាលពី​ថ្ងៃទី​៧ ខែធ្នូ​ម្សិលមិញ ក្រសួងសុខាភិបាល ក៏បាន​ប្រកាសថា មាន​អ្នកជា​សះស្បើយ​ម្នាក់​។ នោះ​គឺ​ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិកកាំង ឈ្មោះ ឈួ​យ សារូ អាយុ ៤៥​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ធ្វើដំណើរ​មកពី​សហរ​ដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

 

ក្រសួងសុខាភិបាល បានប្រកាសថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២០ ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា គឺ​រកឃើញ​អ្នក​ឆ្លង សរុប​ចំនួន ៣៥០​នាក់​។ ក្នុងនោះ ៣០៧​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​៤៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ ( ៣៣​នាក់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង ១០​នាក់ នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ )៕


 

រកឃើញ​ឆ្លង​កូ​វីដ​ថ្មី ២​នាក់​ទៀត ជា​អ្នក​ទៅ​ហាង Zando និង Pedro
រកឃើញ​ឆ្លង​កូ​វីដ​ថ្មី ២​នាក់​ទៀត ជា​អ្នក​ទៅ​ហាង Zando និង Pedro
រកឃើញ​ឆ្លង​កូ​វីដ​ថ្មី ២​នាក់​ទៀត ជា​អ្នក​ទៅ​ហាង Zando និង Pedro
រកឃើញ​ឆ្លង​កូ​វីដ​ថ្មី ២​នាក់​ទៀត ជា​អ្នក​ទៅ​ហាង Zando និង Pedro

PLB Banner on article detail

អត្ថបទពេញនិយម