អណ្ដូងទឹក​ជាង​៤០០​កន្លែង​ក្នុង​ខេត្តសៀមរាប នឹងត្រូវ​ស្ដារឡើងវិញ បន្ទាប់ពី​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​

ថ្ងៃពុធ 25 វិច្ឆិកា 2020, 15:29

​ឯកឧត្តម ចាន់ ដា​រ៉ុង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួង​អភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា បន្ទាប់ពី​ជំនន់​ទឹកភ្លៀង​កាលពីពេល​ថ្មីៗ​នេះ​បានបញ្ចប់ ហេដ្ឋារចនាសម្ព័ន្ធ​នានា មាន​ខូចខាត​ជាច្រើន​កន្លែង ក្នុងនោះ​ទឹកស្អាត ជា​បញ្ហា​អាទិភាព​មួយ​សម្រាប់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ ដែល​ក្រសួង​គ្រោង​នឹង​ស្ដារអណ្តូង​ទឹក​ជាង​៤​ពាន់​កន្លែង នៅតាម​បណ្ដា​ខេត្ត​ចំនួន​៨ រួមមាន​៖ ខេត្តបន្ទាយមានជ័យ , បាត់ដំបង , ពោធិ៍សាត់ , ប៉ៃលិន , សៀមរាប , ព្រះវិហារ , ស្វាយរៀង និង​ខេត្តកំពង់ចាម នឹងត្រូវ​ប្រើប្រាស់​ថវិកា​អស់​ចំនួន​៩០​ម៉ឺន​ដុល្លារ​អាមេរិក ដែល​ទទួលបាន​ពី​រាជរដ្ឋាភិបាល និង​ការចូលរួម​ពី​អង្គការ​ដៃគូ​នានា ដោយឡែក​សម្រាប់​ខេត្តសៀមរាប មាន​អណ្ដូងទឹក​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​ជាង​៤០០​កន្លែង នឹងត្រូវ​ស្ដារឡើងវិញ ។​

 

​ឯកឧត្តម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់ លើ​បញ្ហា​គ្រោះរាំងស្ងួត​នាពេលខាងមុខ​នេះ ដោយ​រក្សា​ប្រភពទឹក​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ជូនដំណឹង​ពី​ការខូចខាត អណ្តូង និង​ស្រះ​ទឹក ដល់​អាជ្ញាធរខេត្ត ដើម្បី​ធ្វើការ​ជួសជុល និង​ស្ដារ​ឡើង ខណៈ​គម្រោង​នេះដែរ ក្រសួង​អភិវឌ្ឍន៍ជនបទ ក៏មាន​កិច្ចសហការ​ជាមួយ​អង្គការ​ដៃគូ ផ្ដល់ជូន​ម្សៅ​ក្លរ រួម​នឹង​ធុង​ចម្រោះ​ទឹកស្អាត សម្រាប់​ចែកជូន​ដល់ ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៅតាម​តំបន់​ជនបទ​មួយចំនួន ៕

 

​អត្ថបទ និង រូបភាព​៖ មន្ទី​ព័ត៌មាន​ខេត្តសៀមរាប​

អណ្ដូងទឹក​ជាង​៤០០​កន្លែង​ក្នុង​ខេត្តសៀមរាប នឹងត្រូវ​ស្ដារឡើងវិញ បន្ទាប់ពី​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​

PLB Banner on article detail