សាប៊ូ Liby

អាមេរិក​ផ្តល់ជំនួយ​បន្ថែម ៦០​ម៉ឺន​ដុល្លារ ​ឆ្លើយតបគ្រោះទឹកជំនន់​នៅ​កម្ពុជា​

ថ្ងៃពុធ 25 វិច្ឆិកា 2020, 9:13

​សហរដ្ឋអាមេរិក​តាម​រយៈ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​(USAID)​បានផ្តល់​ជំនួយ​មនុស្ស​ធម៌​បន្ថែមចំនួន ៦០០ ០០០ ដុល្លា​អាម៉េរិក សម្រាប់​ជួយ​ដល់​ការខិតខំ​ក្នុងការ​ឆ្លើយតប​នឹង​គ្រោះ ទឹកជំនន់​នៅ​កម្ពុជា បណ្តាលមកពី​ព្យុះ​ត្រូ​ពិ​ក​ដែលមាន​ជា​បន្តបន្ទាប់​គ្នា និង​ភ្លៀង​ខ្លាំង​ដែលមាន​រយៈពេល​យូរ​តាំងពីដើម​ខែតុលា ឆ្នាំ​២០២០​កន្លងមក​។​

 

​នេះ​បើតាម​សេចក្ដី ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាម៉េរិក​ប្រចាំ​នៅ​កម្ពុជា ក្នុង​កម្មវិធី​ផ្ដល់ជំនួយ​បន្ថែម​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​ឯកឧត្ដម ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា W. Patrick Murphy បាន​មានប្រសាសន៍ថា “​យើង​មានការ​អាណិត​ដោយមាន​ប្រជាជន​កម្ពុជា​ដែល​ងាយ​រងគ្រោះ ជាច្រើន​មានការ​ខ្វះខាត​ដោយសារតែ​គ្រោះទឹកជំនន់​នៅ​ឆ្នាំនេះ​។

 

សហរដ្ឋអាមេរិក នឹង​ផ្តល់ជំនួយ​សង្គ្រោះ​ជា​បន្ថែម​ក្នុង​ស្មារតី​សាមគ្គីភាព​ជាមួយ​សហគម​ន៍​ដែល​រងគ្រោះ​ដោយ​គ្រោះ ទឹកជំនន់​ទាំងនេះ​”​។ ឯកឧត្ដម ឯកអគ្គរដ្ឋទូត​បាន​បន្ដថា ជាមួយនឹង​ថវិកា​បន្ថែម​នេះ​ការិយាល័យ​ផ្តល់ជំនួយ​មនុស្សធម៌រ​បស់​ទីភ្នាក់ងារ ជំនួយ​អាម៉េរិក USAID នឹង​ជួយ​ដល់​អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​(WFP) ក្នុងការ​ផ្តល់ជំនួយ​ក្នុង​គ្រា​បន្ទាន់​ដើម្បី​ជួយ​គ្រួសារ​ចំនួន ៣ ៧២៥ គ្រួសារ ដែល​រង​ផលប៉ះពាល់​ដើម្បី​ឱ្យគេ​ទិញ​ស្បៀងអាហារ​។​

 

​ឯកឧត្ដម​បាន​បន្ថែម​ថា ជំនួយ​នេះ បាន​បន្ថែម​ទៅលើ​ទឹកប្រាក់​ចំនួន ១០០ ០០០ ដុល្លារ ដែល​ទីភ្នាក់ងារ USAID បានផ្តល់​ឱ្យ​ដំបូង​ដល់​អង្គការ WFP បន្ទាប់ពី​មាន​គ្រោះទឹកជំនន់​ភ្លាម​សម្រាប់​ជួយ​ក្នុងការ​ចែកចាយ​ស្បៀង​ជាបន្ទាន់​ដល់​គ្រួសារ​ចំនួន​ជាង ២ ៥៦០  គ្រួសារ​នៅក្នុង​តំបន់​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ក្នុង​ខេត្តពោធិ៍សាត់​។​

 

​សូមបញ្ជាក់​ផងដែរ​ថា តាំងពី​ឆ្នាំ​២០០០​មក ទីភ្នាក់ងារ USAID បានផ្តល់​ថវិកា​ចំនួន​ជិត​១៣​លាន​ដុល្លារ ជា​ជំនួយ​សម្រាប់​កាត់បន្ថយ​ហានិភ័យ​សម្រាប់​ការត្រៀម​បម្រុង​និង​សម្រាប់​ការឆ្លើយតប​នឹង​គ្រោះមហន្តរាយ​នៅ​កម្ពុជា​។ ក្នុង​ឆ្នាំ​២០២០​នេះ សហរដ្ឋអាមេរិក កំពុងធ្វើការ​រម្លឹក​ខួប​លើក​ទី​៧០​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​៕​

អាមេរិក​ផ្តល់ជំនួយ​បន្ថែម ៦០​ម៉ឺន​ដុល្លារ ​ឆ្លើយតបគ្រោះទឹកជំនន់​នៅ​កម្ពុជា​
អាមេរិក​ផ្តល់ជំនួយ​បន្ថែម ៦០​ម៉ឺន​ដុល្លារ ​ឆ្លើយតបគ្រោះទឹកជំនន់​នៅ​កម្ពុជា​
អាមេរិក​ផ្តល់ជំនួយ​បន្ថែម ៦០​ម៉ឺន​ដុល្លារ ​ឆ្លើយតបគ្រោះទឹកជំនន់​នៅ​កម្ពុជា​

PLB Banner on article detail

អត្ថបទពេញនិយម