ពលរដ្ឋបង្ហាញក្តីបារម្ភ ក្រោយសត្វជ្រូកឈឺងាប់ជាបន្តបន្ទាប់

ថ្ងៃសុក្រ 20 វិច្ឆិកា 2020, 12:40

ខេត្ត​ប៉ៃលិន៖  បន្ទាប់ពី​លេចឮ​ដំណឹង​ថា មាន​សត្វ​គោ​ជាច្រើន​ក្បាល​ទទួលរង​ការឆ្លង​រោគរាតត្បាត​ទូទាំង​ខេត្ត​ប៉ៃលិន ឥឡូវ​ពលរដ្ឋ​អ្នក​ចិញ្ចឹមសត្វ​ជ្រូក​ជា​លក្ខណ​គ្រួសារ​ក៍​កំពុង​ព្រួយបារម្ភ​ខណ​ជ្រូក​ដែល​ពួកគាត់​ចិញ្ចឹម​ឆ្លង​ជម្ងឺ​បណ្តាល​ឲ្យ​ឈឺ​ងាប់​ជា​បន្តបន្ទាប់​។​

 

កសិករ​ម្នាក់ ឈ្មោះ ជុំ ទិ​ត្យ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ប្រពន្ធ ឈ្មោះ កែវ ស្រី អាយុ​៣០​ឆ្នាំ បាន​ចិញ្ចឹម​ជ្រូក​ជាង​៣០​ក្បាល ងាប់​អស់​ជាង​១០​ក្បាល និង ឈ្មោះ ជុំ គា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ក៏​ចិញ្ចឹម​ជ្រូក​ជាង​៣០​ក្បាល​ដែរ ងាប់​អស់​២​ទៅ​៣​ក្បាល រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បានឱ្យដឹង​ដូចៗ​គ្នា​ថា កាលពី​ប៉ុន្មាន​ខែ​កន្លងទៅនេះ ជ្រូក​របស់​ពួកគាត់ កើត​ជម្ងឺ​រមាស់​ពេញ​ខ្លួន បែកពពុះមាត់ អត់​ស៊ី​បាយ បណ្តាលឱ្យ​ស្គមស្គាំង​ស្លាប់​ជា​បណ្តើរៗ ធ្វើឱ្យមាន​ការព្រួយបារម្ភ​តែម្តង  ។​

 

​ប្រភព​បន្តទៀតថា ទោះបីជា​ហៅ​ពេទ្យសត្វ​ឯកជន ទៅ​ចាក់​ថ្នាំ​ព្យាបាល​យ៉ាងណា ក៏​មិនអាច​ជាសះស្បើយ​នោះឡើយ ដោយ​ចាក់​ម្តងៗ ចំណាយ​អស់​ថវិកា​ជាច្រើន ។ លុះ​ក្រោយមក ពួកគាត់​ក៏​ទិញ​ថ្នាំពេទ្យ យកទៅ​ចាក់​ព្យាបាល​ខ្លួនឯង ប៉ុន្តែ​ជ្រូក​ខ្លះ​ក៏​ជាសះស្បើយ​ឡើងវិញ ជ្រូក​ខ្លះ​ក៏​អត់​ជា បណ្តាលឱ្យ​ងាប់​តែម្តង ព្រោះ​គ្មាន​ជំនាញ​ច្បាស់លាស់ ទើប​នឹកឃើញ​ឱ្យ​ខាង​ព័ត៌មាន​ជួយ​ចុះផ្សាយ ដើម្បី​ឮដំណឹង​ដល់​ពេទ្យសត្វ​ចុះទៅ​ជួយសង្គ្រោះ​ទាន់ ពេលវេលា ។

 

​លោក​បន្ថែមថា ក្រោយមក​ក៏​នឹង​ក​ឃើញ​ទាក់ទង​ទៅខាង​សារព័ត៌មាន​ឱ្យជួយ​ចុះផ្សាយ ដើម្បី​ឮដំណឹង​ដល់​ខាង​ពេទ្យសត្វ ចុះទៅ​ព្យាបាល​សត្វ​ជ្រូក​ចិញ្ចឹម​របស់ខ្លួន ដែល​កំពុង​តែមាន​បញ្ហា​កើត​ជម្ងឺ​នេះ​ផងដែរ ដោយនៅ​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ខាង​ពេទ្យសត្វ​នឹង​ចុះ​ទៅដល់​កន្លែង​របស់ខ្លួន ដើម្បី​ព្យាបាល​ជ្រូក​តែម្តង​។​

 

​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក ខៀវ សុ​ថុ​ន ប្រធានការិយាល័យ​ផលិតកម្ម និង​បសុសត្វ​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ដោយ សារ​តែ​កាលពី​ថ្មីៗ កន្លងទៅនេះ មាន​ភ្លៀង​ធ្លាក់​ជោកជាំ​ខ្លាំងពេក បណ្តាលឱ្យ​សត្វ​គោ​ទទួលរង​ការកើត​ជម្ងឺ ទើប​ខាង​លោក​ដឹកនាំ​មន្ត្រីក្រោមឱវាទ ចុះ​ព្យាបាល​ទាន់ពេលវេលា ហើយ​សត្វ​គោ​នៅតាម​ភូមិ ក៏​ជិត​ជាសះស្បើយ​អស់​ដែរ ដោយ​ខាង​លោក ក៏បាន​ពន្យល់​ណែនាំ​ពី​របៀប​ការពារ​កុំឱ្យ​សត្វ​ឆ្លង​ជម្ងឺ​ពីមួយ​ទៅមួយ និង​ពន្យល់​ពី​របៀប​ថែទាំ​សុខភាព​សត្វ​ទាំងអស់​ផងដែរ ។

 

​លោក​ប្រធានការិយាល័យ​បាន បញ្ជាក់​ឱ្យដឹងទៀតថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ទៀតថា មាន​សត្វ​ជ្រូក​ចិញ្ចឹម​ជាច្រើន​ក្បាល​នៅក្នុង​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ទទួលរង​ការឈឺ និង​ងាប់ មួយចំនួន​ខាង​លោក​នឹង​បន្ត​ចុះ​ចាក់​ថ្នាំ​ព្យាបាល​នៅពេល​ឆាប់ៗ ខាងមុខនេះ ។ លោក​បញ្ជាក់ថា ចំណែកឯ​សត្វ​គោ​ចិញ្ចឹម​របស់​ប្រជាពលរដ្ឋ​តាម​ភូមិ ខាង​លោក​នឹង​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​នៅពេល​ក្រោយ ដើម្បី​កុំឱ្យ​ឈឺ​ឆ្លង​ពីមួយ​ក្បាល​ទៅមួយ​ក្បាល ដែលជា​ហេតុ​ធ្វើឱ្យមាន​ការលំបាក​ក្នុងការ​ទប់ស្កាត់​ផងដែរ​៕​

 

ពលរដ្ឋបង្ហាញក្តីបារម្ភ ក្រោយសត្វជ្រូកឈឺងាប់ជាបន្តបន្ទាប់
ពលរដ្ឋបង្ហាញក្តីបារម្ភ ក្រោយសត្វជ្រូកឈឺងាប់ជាបន្តបន្ទាប់

PLB Banner on article detail