បាងកក៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានអះអាងថា លោកនឹងប្រើច្បាប់ទាំងអស់ ដើម្បីប្រឆាំងនឹងក្រុមបាតុករដែលបំពានច្បាប់ ខណៈដែលការតវ៉ាកាន់តែអាក្រក់ទៅៗ ក្នុងការទាមទារឱ្យលោកចុះចេញពីតំណែង និងធ្វើកំណែទម្រង់អំណាចព្រះមហាក្សត្រថៃ។
នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។
ការប្រកាសបែបនេះរបស់នាយករដ្ឋមន្ត្រីថៃ បានកើតឡើងក្រោយពីក្រុមអ្នកតវ៉ារាប់ពាន់នាក់ បាញ់ថ្នាំពណ៌នៅទីស្នាក់ការប៉ូលីសថៃ ជាការឆ្លើយតបទៅនឹងការប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែករបស់ប៉ូលីស មកលើក្រុមបាតុករកាលពីថ្ងៃអង្គារ។
ក្នុងសេចក្តីថ្លែងការណ៍របស់លោក ប្រាយុទ្ធ បាននិយាយថា ស្ថានភាពនេះមិនមានភាពប្រសើរទេ។ មានហានិភ័យនៃការកើនឡើងដល់អំពើហឹង្សាកាន់តែច្រើន។ បើមិនដោះស្រាយវាអាចបំផ្លាញប្រទេស និងរាជានិយមជាទីស្រលាញ់របស់យើង។ រដ្ឋាភិបាលនឹងប្រើប្រាស់ច្បាប់គ្រប់មាត្រាទាំងអស់ដើម្បីចាត់វិធានការប្រឆាំងនឹងក្រុមបាតុករដែលបានរំលោភច្បាប់នេះ។
សូមជម្រាបថា ច្បាប់ប្រទសថៃ សម្រាប់អ្នកបំពានលើព្រះមហាក្សត្រ អាចឈានដល់ជាប់ពន្ធនាគារ រយៈពេល១៥ឆ្នាំ៕