អាមេរិក៖ សារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃអង្គារនេះថា យានអវកាស Crew Dragon ដែលមានឈ្មោះថា រ៉េស៊ីលៀន របស់ក្រុមហ៊ុន SpaceX ដែលផ្ទុកអវកាសយានិកចំនួន០៤នាក់បានទទួលជោគជ័យទាំងស្រុង បន្ទាប់ពីចូលចតនៅស្ថានីយអវកាសអន្តរជាតិ ISS ។
យានអវកាសខាងលើនេះ បានចូលចតដោយស្វ័យប្រវត្តិនៅស្ថានីយអវកាសអន្តរជាំតិ ISS នៅម៉ោង១១៖០១នាទីយប់ថ្ងៃចន្ទដើមសប្តាហ៍ (ម៉ោងក្នុងតំបន់) ពោលគឺចំណាយរយៈពេលជាង២៧ម៉ោង បន្ទាប់ពីហោះឡើងចេញពីមជ្ឈមណ្ឌលអវកាស ខេនណឺឌី រដ្ឋផ្លូរីដា ។ បេសកកម្មនេះហៅថា Crew-1 គឺជាបេសកកម្មផ្លូវការដំបូង ក្នុងចំណោមបេសកកម្មរួមគ្នាសរុបចំនួន០៦រវាងអង្គការ NASA និង SpaceX នៅក្រោមកម្មវិធី Commercial Crew Program របស់ NASA ។
បើតាមការគ្រោងទុកនោះ អវកាសយានិកទាំង០៤នាក់នឹងធ្វើការពិសោធន៍ផ្នែកវិទ្យាសាស្ត្រ និងការជួសជុលស្ថានីយ ISS ក្នុងកំឡុងបេសកកម្មរយៈពេល០៦ខែនៅទីនោះ ហើយនឹងត្រឡប់ចុះមកផែនដីវិញនៅចន្លោះខែមីនា និងខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ៕