កម្ពុជា នៅសល់​ផ្ទៃដី​ប៉ះពាល់​ដោយ​គ្រាប់បែក​ចង្កោម ជាង​៧៤៣​គីឡូម៉ែត្រ​ក្រឡា​

ថ្ងៃពុធ 30 កញ្ញា 2020, 13:47

​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ក្នុងនាម សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម លី ធុច និង ឯកឧត្ដម W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​អញ្ជើញ​ទស្សនកិច្ច​ការងារ​បោសសម្អាត​គ្រាប់បែក​ចង្កោម​របស់​អង្គការ MAG និង​អង្គការ NPA នៅ​ខេត្តរតនគិរី​។​

 

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម លី ធុច និង​ឯកអគ្គរដ្ឋទូត បាន​ចុះ​ពិនិត្យ ម៉ាស៊ីន​គាំទ្រ​ប្រតិបត្តិការ​បោសសម្អាត​គ្រាប់​របស់​អង្គការ MAG ដែលជា​ជំនួយ​របស់​សហរដ្ឋអាមេរិក​នៅ​ក្រុង​បាន​លុង និង​លទ្ធផល​នៃ​ការ​បោសសម្អាត​គ្រាប់បែក​ចង្កោម​នៅ​វិទ្យាល័យ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ព្រមទាំង​បាន​មើល​ការប្រកួត​បាល់ទាត់​នារី​រវាង​អ្នកដោះមីន​/​គ្រាប់​របស់​អង្គការ MAG និង​អង្គការ NPA ផងដែរ​។

 

​ឯកឧត្តម លី ធុច បាន​ជម្រាប​ប្រាប់​ឯកអគ្គរដ្ឋទូត​ថា ផ្អែក​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ ទិន្នន័យ​មូលដ្ឋាន ចាប់ពី​ឆ្នាំ​២០០៩ ដល់​ខែសីហា ឆ្នាំ​២០២០ ប្រទេស​កម្ពុជា រង​ផលប៉ះពាល់​ដោយសារ​គ្រាប់បែក​ចង្កោម​មាន​ផ្ទៃដី​ប្រមាណ​ជាង ៨៩៤ គីឡូម៉ែត្រ​ក្រឡា ក្នុង​នោះបាន​បោ​សម្អាត​រួច​មាន​ប្រមាណ​ជាង ១៨៥ គីឡូម៉ែត្រ​ការ៉េ និង​ផ្ទៃដី​នៅសល់​មាន​ប្រមាណ​ជាង ៧៤៣ គីឡូម៉ែត្រ​ការ៉េ ទៀត​។

 

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​ប្រធាន​អាជ្ញាធរ​មីន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការគាំទ្រ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា​ដ៏​សប្បុរស ដែល​បានផ្តល់​ដោយ​រដ្ឋាភិបាល និង​ប្រជាជន​សហរដ្ឋអាមេរិក ក្នុងការ​រួមចំណែក​កាត់បន្ថយ​ការ​គម្រាមកំហែង ដោយសារ​គ្រាប់មីន និង​គ្រាប់បែក​ចង្កោម និង​សង្គ្រោះ​ជីវិត​មនុស្ស​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​១៩៩២ ក្នុង​ទឹកប្រាក់​ប្រមាណ​ជាង ១៦០​លាន​ដុល្លារ តាមរយៈ WRA (Weapon Removal and Abatement) និង​កម្មវិធី HDR& D (Humanitarian Demining, Research and Development) ។

 

​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្តម លី ធុច​បានស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល និង​ប្រជាជន​សហរដ្ឋអាមេរិក បន្ត​ជួយ​គាំទ្រ​៖ ទី​១/ បង្កើន​នូវ​កញ្ចប់​ថវិកា​របស់​ខ្លួន ក្នុងការ​ចូលរួម​លើ​ការងារ​បោសសម្អាត​មីន​និង​គ្រាប់បែក​ចង្កោម​នៅ​កម្ពុជា ទី​២/ ជួយ​កសាង​សមត្ថភាព​ថ្នាក់ជាតិ​ក្នុងការ​គ្រប់គ្រង​ហានិភ័យ​សំណល់​ជាតិ​ផ្ទុះ​រយៈពេល​វែង​ក្រោយ​ឆ្នាំ​២០២៥ និង​ទី​៣/ គាំទ្រ​ការបង្កើត​បន្ថែម​ក្រុមការងារ​បច្ចេកទេស​ស្រាវជ្រាវ​ចម្ការ​គ្រាប់បែក​ចង្កោម​។

 

​ឯកឧត្តម​បានបញ្ជាក់​បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា មាន​ចក្ខុវិស័យ និង​គោលដៅ​ច្បាស់លាស់ ក្នុងការ​បញ្ចប់​ការ​គម្រាមកំហែង​ដោយសារ​មីន ដែល​យើង​បានដឹង​អោយអស់​នៅត្រឹម​ឆ្នាំ​២០២៥ ដូច​មានចែង​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ ដែល​ក្នុងនោះ​ក៏បាន​លើកឡើង​ក្នុងការ​ដោះស្រាយ​បញ្ហា​គ្រាប់បែក​ចង្កោម ដោយ​កំណត់​ក្នុង​គោលដៅ​ទី​២ របស់ខ្លួន​ផងដែរ​។​

 

​ជាមួយគ្នានេះ ឯកឧត្ដម W. Patrick Murphy បាន​មានប្រសាសន៍ថា សហរដ្ឋអាមេរិក គឺជា​អ្នកផ្តល់ជំនួយ​មនុស្សធម៌​លើ​ការងារ​បោសសម្អាត​មីន​/​គ្រាប់​នៅ​កម្ពុ​ជាធំ​មួយ ក្នុង​គោលដៅ​ចូលរួម​ផ្តល់នូវ​សុខ​សុវត្ថិ​ប្រភព​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ហើយ​សហរដ្ឋអាមេរិក នឹង​ប្តេជ្ញា​បន្ត​ឈរ​ជាមួយ​កម្ពុជា​ក្នុងការ​បញ្ចប់​ការ​គម្រាមកំហែង​ដោយសារ​មីន​អោយអស់​នៅ​ឆ្នាំ​២០២៥ ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ផងដែរ​៕​

កម្ពុជា នៅសល់​ផ្ទៃដី​ប៉ះពាល់​ដោយ​គ្រាប់បែក​ចង្កោម ជាង​៧៤៣​គីឡូម៉ែត្រ​ក្រឡា​
កម្ពុជា នៅសល់​ផ្ទៃដី​ប៉ះពាល់​ដោយ​គ្រាប់បែក​ចង្កោម ជាង​៧៤៣​គីឡូម៉ែត្រ​ក្រឡា​
កម្ពុជា នៅសល់​ផ្ទៃដី​ប៉ះពាល់​ដោយ​គ្រាប់បែក​ចង្កោម ជាង​៧៤៣​គីឡូម៉ែត្រ​ក្រឡា​

PLB Banner on article detail

Tags

អត្ថបទពេញនិយម