នៅថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញ ដោយមានការសហការពី មន្ត្រីនគរបាលប្រឆាំបទល្មើសសេដ្ឋកិច្ច មន្ត្រីមន្ទីរសុខាភិបាលរាជធានី និងអាជ្ញាធរដែនដី ដោយមានការសម្របសម្រួល និងដឹកនាំពីលោកព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំង ទីតាំងស្តុក និងផលិតគ្រឿងសំអាងមួយកន្លែង ស្ថិតនៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
**ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញផលិតផលគ្រឿងសំអាងសរុបប្រមាណ ៥៥ តោន ដោយមាន ផលិតផលដែលវេចខ្ចប់រួចស្រេចប្រមាណ ២១ តោន និងសម្បកវេចខ្ចប់ប្រមាណ ៣៤ តោន។ បន្ទាប់មក ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្អាក ទីតាំងផលិតបណ្តោះអាសន្ន។
ក្នុងថ្ងៃដដែលនោះដែរ ក្រុមការងារចំពោះកិច្ច ក.ប.ប. រាជធានីភ្នំពេញបានបន្តចុះត្រួតពិនិត្យគុណភាពទំនិញ និងត្រួតពិនិត្យផលិតផលម្សៅទឹកដោះគោ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម លេខ ២៧៣៣ ពណ. អ.កបប ចុះថ្ងៃ០៣ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការដាក់ចេញនូវវិធានការចំពោះផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ ម៉ាកនូទ្រីលែត (Nutrilatt) ដែលមានលេខកូជ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨, ៥៣៩ ។ ជាពិសេស ក្រុមការងារចំពោះកិច្ច បានផ្សព្វផ្សាយអនុក្រឹត្យលេខ ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និងកុមារ លើសម្បកវេចខ្ចប់ម្សៅទឹកដោះគោ នៅក្នុងផ្សារទំនើបឡាក់គី (Lucky) ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
**ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញម្សៅទឹកដោះគោចំនួនសរុប ៨៧ កំប៉ុង ដែលមិនមានបិទព័ត៌មានបន្ថែមជាភាសាខ្មែរលើសម្បកវេចខ្ចប់ ស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ១៣៣។ បន្ទាប់មកមន្ត្រីជំនាញបានធ្វើកំណត់ហេតុអោយបញ្ឈប់ការដាក់តាំងលក់៕