ឃាត់ខ្លួន​បុរស​ខ្លាំង​សម្ញែង​កាំភ្លើង AK គំរាម​បុក​អ្នកជិះ​ម៉ូតូ នៅ​ស្រុក​ទឹកផុស

ថ្ងៃអង្គារ 1 កញ្ញា 2020, 10:22

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២០​នេះ បាន​សេចក្តីបំភ្លឺ​ជុំវិញ​ហេតុការណ៍​បុរស​ម្នាក់​បាន​សម្ញែង​កាំភ្លើង AK និង​គំរាម​បុក​អ្នកជិះ​ម៉ូតូ នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង រហូត​មានការ​ឃាត់ខ្លួន ដើម្បី​ធ្វើការ​សួរនាំ និង​ចាត់វិធានការ​តាម​នីតិវិធី​។​

 

​សេចក្តីបំភ្លឺ​របស់​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់ថា អ្នកបើករថយន្ត និង​បាន​ទាញ​កំ​ភ្លើង​មក​គំរាម មានឈ្មោះ ញឹក ផល អាយុ​៣៨​ឆ្នាំ មុខរបរ​មើល​ការខុសត្រូវ​ចំការ​អំពៅ រីឯ​អ្នកបើក​ម៉ូតូ​មានឈ្មោះ ប្រាក់ សំបាន អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ក្រសាំង​ដុះ​ឡើង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស (​បើក​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​)​។​

 

​បើតាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន ឈ្មោះ ញឹក ផល បាន​សារភាពថា អាវុធ​ធុន​អាកា​៤៧ ជា​អាវុធ​ដែល​ខ្លួន​រើស​បាន​ពី​ក្នុង​ដី​ពេល​ភ្ជួរ​ដាំ​អំពៅ ហើយ​យកមក​ដុសខាត់​បាញ់ថ្នាំ​ថ្មី​។ ករណីនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជា​ជំនាញ​ឲ្យ​ចាត់ការ​យ៉ាង​តឹងរឹង​ទៅតាម​ច្បាប់​ជា​ធរមាន​។​

 

​សូមបញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២០​ម្សិលមិញ​នេះ មាន​ជម្លោះ​ពាក្យសម្តី​ព្រោះតែ​ការបើកបរ​មួយ​រវាង​អ្នកជិះរថយន្ត និង​អ្នកជិះ​ម៉ូតូ នៅ​ភូមិ​ថ្នល់កែង ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង​។​

 

​តាមរយៈ​វីដេអូ​ថត​ដោយ​បុរស​អ្នកជិះ​ម៉ូតូ ហើយ​បង្ហោះ និង​ចែកចាយ​យ៉ាង​ព្រោងព្រាត​លើ​បណ្តាញ​សង្គម​នោះ គេ​បានឃើញ​បុរស​ភាគី​អ្នកជិះរថយន្ត បាន​និយាយ​គំរាម​ឱ្យ​បុរស​ជិះ​ម៉ូតូ​បើកបរ​ឱ្យ បាន​ត្រឹមត្រូវ ហើយ​ថែមទាំង​បាន​គំរាម​បុក​អ្នកជិះ​ម៉ូតូ​ផងដែរ​។ មិន​ត្រឹមតែ​គំរាម​បុក និង​ប្រើ​សម្តី​ធ្ងន់ៗ​ដាក់​ទៅ​បុរស​ជិះ​ម៉ូតូ​នោះទេ បុរស​ជា​អ្នកជិះរថយន្ត​នេះ​ថែមទាំង​បាន​ទាញយក​កាំភ្លើង AK៤៧ ចេញពី​ក្នុង​រថយន្ត​មកកាន់​សម្ញែង​ដាក់​ភាគី​ជម្លោះ​ថែម​ទៀតផង​៕​    ​

 

ឃាត់ខ្លួន​បុរស​ខ្លាំង​សម្ញែង​កាំភ្លើង AK គំរាម​បុក​អ្នកជិះ​ម៉ូតូ នៅ​ស្រុក​ទឹកផុស
ឃាត់ខ្លួន​បុរស​ខ្លាំង​សម្ញែង​កាំភ្លើង AK គំរាម​បុក​អ្នកជិះ​ម៉ូតូ នៅ​ស្រុក​ទឹកផុស
ឃាត់ខ្លួន​បុរស​ខ្លាំង​សម្ញែង​កាំភ្លើង AK គំរាម​បុក​អ្នកជិះ​ម៉ូតូ នៅ​ស្រុក​ទឹកផុស
ឃាត់ខ្លួន​បុរស​ខ្លាំង​សម្ញែង​កាំភ្លើង AK គំរាម​បុក​អ្នកជិះ​ម៉ូតូ នៅ​ស្រុក​ទឹកផុស

PLB Banner on article detail

អត្ថបទពេញនិយម